Register Already an agent ? Login

សម្តេចតេជោប្រកាសគំរោងហេដ្ឋារចនាសម្ព័ន្ឋបីទៀតដែលបាននិងកំពុង គ្រោងសាងសង់

​ភ្នំពេញ:​ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសបង្ហើប ពីគំរោងសាងសង់ហេដ្ឋារចនាសម្ព័នធំៗចំនួន៣ ដែលបាននិងកំពុងគ្រោងសាងសង់នាពេលខាងមុខ។

​សម្តេចតេជោហ៊ុន សែនបានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាផ្លូវហាយវេដ៏ធំមួយ តភ្ជាប់ជាមួយផ្លូវមេអាស៊ាននាព្រឹកថ្ងៃទី១៤ មករានេះថា បច្ចុ​ប្បន្នរដ្ឋាភិបាលបាន និងកំពុងសាងសង់ស្ពានភ្ជាប់រវាងស្រុកស្ទឹងត្រង់ ក្នុងខេត្តកំពង់ចាម តភ្ជាប់ទៅកាន់ស្រុកក្រូចឆ្មារនៃខេត្តត្បូងឃ្មុំ ដែលបាននិងកំពុងសាងសង់ ហើយជា​មួយនេះ យើងកំពុងសិក្សានិងគ្រោងសាងសង់ស្ពាននៅទីរួមខេត្តក្រចេះ ដើម្បីតភ្ជាប់រវាងខេត្តក្រចេះទៅកាន់ខេត្តកំពង់ធំ តាមរយៈការតភ្ជាប់រវាងផ្លូវជាតិលេខ៧និងផ្លូវជាតិលេខ៦។

​សម្តេចតេជោហ៊ុន សែនបានបន្តថា ជាមួយគ្នានេះរដ្ឋាភិបាលកំពុងស្វែងរកថវិកា​ដើម្បីសាងសង់ស្ពានភ្ជាប់រវាងខេត្តកោះកុង និងខេត្តពោធិសាត់ផងដែរ តាមរយៈការសាងសង់ផ្លូវភ្ជាប់ពីខេត្តកោះកុង ឆ្លងកាត់ខេត្តពោធិសាត់ មកកាន់ស្រុកសំឡូត ក្នុងខេត្តបាត់ដំបងនាពេលខាងមុខផងដែរ ដើម្បីសម្រួលការដឹកជញ្ជូន និងពាណិជ្ជកម្ម ព្រោះប្រជាជននាភូ​មិភាគពាយ័ព្យនាពេលបច្ចុប្បន្ននេះ ចង់ទៅកាន់ខេត្តកោះកុង ត្រូវមកកាន់រាជធានីភ្នំពេញ ហើយទើបចេញពីរាជធានីភ្នំពេញ ទៅខេត្តកោះកុង ហេតុនេះនៅពេល​មានផ្លូវនេះ ប្រជាជនមិនចាំបាច់ចំណាយពេលវេលាធ្វើដំណើរវាងឆ្ងាយទៀតនោះទេ។

សេដ្ឋវិទូម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាលជារឿងត្រឹមត្រូវ និងចាំបាច់មួយ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រោះហេដ្ឋារចនាសម្ព័ន្ឋជាបញ្ហាប្រឈមមួយក្នុងចំ ណោមបញ្ហាប្រឈមជាច្រើនក្នុងការអភិវឌ្ឍជាតិ ប៉ុន្តែរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់លើបញ្ហានេះហើយ តែយ៉ាងណាក៏ដោយវាត្រូវការពេលវេលា ព្រោះផ្លូវឬស្ពាន​មិនអាចសាងសង់បញ្ចប់រយៈពេលខ្លីទេ។

​លោកបន្តថា “ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច កម្ពុជាត្រូវការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋថ្មី កសាងកាន់តែច្រើន កាន់តែប្រសើរដើម្បីជំរុញល្បឿនកំនើនសេដ្ឋកិច្ចរបស់យើង”។

ប្រភព : www.propertyarea.asia