Register Already an agent ? Login

ស្ពាន​ឆ្លងកាត់​កោះអន្លង់ចិន​នៃ​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ជា​ស្ពាន​ទី១មាន​ទំហំ​ធំជាងគេ

ភ្នំពេញ៖ ក្រៅពី​ស្ពាន​អាកា​ស​ចំនួន៤ ដែលមាន​ប្រវែង១០០០ម៉ែត្រ ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់​មួយទៀត នឹងត្រូវ​សាងសង់ឡើង ដោយ​វា​នឹង​ជា​ស្ពាន​មាន​ទំហំ​ធំជាងគេ​ជា​លើកដំបូង​នៅ​កម្ពុជា។

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន លោក​ស៊ុន ចាន់ថុល​បាន​មានប្រសាសន៍​ឲ្យ​ដឹង ក្នុង​ពិធី​បើក​សម្ភោ​ធ​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣កាលពី​ថ្ងៃទី១៤ មករា​កន្លងមក​ថា គំរោង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ដែលមាន​ប្រវែង​សរុប​ជាង៥០គីឡូម៉ែត្រ​នេះ​មាន​ស្ពាន​អាកាស​ចំនួន៥ គឺ​ស្ពាន​អាកាស​ឆ្លងកាត់​ផ្លូវជាតិ​លេខ៤ លេខ៣ ផ្លូវជាតិ​លេខ២ និង​ផ្លូវជាតិ​លេខ២១ ដែលមាន​ប្រវែង​សរុប១០០០ម៉ែត្រ និង​ស្ពាន​ឆ្លងកាត់​កោះអន្លង់ចិន​ពីរ​កន្លែង ដែលមាន​ប្រវែង​សរុប៩៩៦ម៉ែត្រ និង​ជា​ស្ពាន​មាន​ទំហំ​ធំជាងគេ​ដោយមាន​ទំហំ​ទទឹង​រហូតដល់២៥ម៉ែត្រ ក្នុងនោះ​ស្ពាន​បាសាក់​ខាងកើត​មាន​ប្រវែង៦៣០ម៉ែត្រ និង​ស្ពាន​បាសាក់​ខាងលិច​មាន​ប្រវែង៣៦៦ម៉ែត្រ។

លោក​បន្តថា “គំរោង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣នេះ​ចំណាយ​ថវិកា២៧៣លាន​ដុល្លារ​អាមេរិក ដែលជា​ថវិកា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន និង​ថវិកាបដិភាគ​ពី​រដ្ឋាភិបាល​មួយចំនួនទៀត។ ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣នេះ​បានចាប់ផ្តើម​ពី​ខែធ្នូ ឆ្នាំ២០១៨ និង​គ្រោង​បញ្ចប់​នៅ​ខែធ្នូ​ឆ្នាំ២០២១។

គំរោង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣នេះ ជា​ផ្លូវ​បែប​ហាយ​វេ​មួយ ដែលមាន​សួនច្បារ​ចំ​កណ្តាល មាន​ផ្លូវ​សំរាប់​ទោចក្រយានយន្ត ផ្លូវ​ថ្មើ​ជើង មាន​សួនច្បារ​ចំ​កណ្តាល និង​រថយន្ត​អាច​បើកបរ​បាន​ពីរ​គន្លង​ទៅ ពីរ​គន្លង​មក។

សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​បើក​សម្ភោ​ធ​ផ្លូវ​ដ៏​សំខាន់​នេះ​ថា ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ជា​ផ្លូវ​ដ៏​សំខាន់ សម្រាប់​សម្រួល​ការដឹក​ជញ្ជូន និង​ការតភ្ជាប់​ដ៏​សំខាន់​រវាង​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​នានា ពិសេស​វា​ជា​ផ្លូវ​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ៕

ប្រភព : www.propertyarea.asia