Register Already an agent ? Login

អស្ចារ្យ! កម្ពុជា​នឹងមាន​ទីលានប្រណាំង​រថ​យន្ត​លំដាប់ថ្នាក់​លេខ2 លើ​ពិភពលោក


Wed, 09 Jan 2019

ភ្នំពេញ៖ ប្រទេស​កម្ពុជា​នឹងមាន​ទីលានប្រណាំង​រថ​យន្ត​លំដាប់ថ្នាក់​លេខ 2 នៅលើ​ពិភពលោក ស្ថិតនៅលើ​ផ្ទៃដី​ទំហំ​ដី 500 ហិកតា ក្នុង​ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដែលជា​កម្មសិទ្ធិ​របស់​លោក​ឧកញ៉ា ម៉ុង ឬ​ទ្ធី ។

លោក​ឧកញ៉ា​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ឱ្យដឹងថា​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ទី7 ខែមករា ឆ្នាំ2019 ម្សិលមិញ​នេះ ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីអំពី​គំរោង​សហប្រតិបត្តិការ​អាជីវ​កម្ម​សាងសង់​ទីលានប្រណាំង​រថយន្ត​លំដាប់ថ្នាក់​លេខ 2 លើ​ពិភពលោក រវាង​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និង​ក្រុមហ៊ុន YAMAMOTO ROCK PRODOUCTS Coltd ។

លោក​ឧ​ញ៉ា​បាន​ក៏បាន​លើកឡើង​ផងដែរ​ថា ចំពោះ​គំរោង​សាងសង់​ទីលានប្រណាំង​រថយន្ត​មួយ​នេះ​មិនសូវ​បានទទួល​ទទួល​ប្រាក់ចំណេញ​ច្រើន​នោះទេ ប៉ុន្តែ​វា​អាច​ធ្វើជា​ស្ពាន​ចម្លង​ផ្សាភ្ជាប់​ទំនាក់ទំនង​រវាង​ក្រុម​កីឡាករ​ប្រទេស​ទាំង 2 កម្ពុជា-ជប៉ុន ក៏ដូចជា​បណ្ដា​ប្រទេស​ជាច្រើន​ទៀត​នៅលើ​ពិភពលោក ដែល​ស្នេហា​កីឡា​ប្រណាំង​យានយន្ត​នេះ ។ ទោះជា​យ៉ាងណាក៏ដោយ លោក​ឧកញ៉ា មិនបាន​ប្រាប់​ពី​ទំហំ​ទឹកប្រាក់​ក្នុងការ​វិនិយោគ​សាងសង់​ទីលានប្រណាំង​រថយន្ត​នេះ​ទេ ដោយ​លោក​ឧកញ៉ា គ្រាន់តែ​បញ្ជាក់ថា ទីលាន​មួយ​នេះ​នឹង​សាងសង់​រួចរាល់ ព្រមទាំង​មាន​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៅត្រឹម​ពាក់កណ្តាល​ឆ្នាំ 2019 ឆាប់ៗខាងមុខនេះ ។

ទីលានប្រណាំង​រថយន្ត​លំដាប់ថ្នាក់​លេខ​ពីរ​លើ​ពិភពលោក ត្រូវបាន​សាងសង់​លើ​ទំហំ​ដី 500 ហិកតា​នៅ​ព័ទ្ធជុំវិញ ហើយ​ទីលានប្រណាំង​ខាងក្នុង​មាន​ទំហំ​ដី 22 ហិកតា។

គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន​របស់លោក Yamamoto មាន​ទីលានប្រណាំង​រថ​យន្ត​មួយកន្លែង​នៅក្នុង​ប្រទេស​ជប៉ុន ដែល​រហូតមក​ដល់ពេលនេះ​បាន​ដំណើរ​ការប្រមាណ16ឆ្នាំ​រួចមកហើយ។ ដោយឡែក​ចំពោះ​ការយល់ព្រម​ធ្វើការ​វិនិយោគ​សាងសង់​ទីលានប្រណាំង​រថយន្ត​រួមគ្នា​រវាង​ក្រុមហ៊ុន​ទាំង2 ខាងលើនេះ ត្រូវបាន​អនុវត្ត​តាំងពី​ប្រមាណ 7ខែ​មុន​មកម្ល៉េះ គ្រាន់តែ​ពិធី​ចុះហត្ថលេខា​ជា​ផ្លូវការ​ទើបតែ​ធ្វើឡើង​កាលពី​ល្ងាចម្សិលមិញ​នេះ​តែប៉ុណ្ណោះ ៕

ប្រភព : www.propertyarea.asia