Register Already have an account ? Login

ការវិនិយោគលើគំរោងអចលនទ្រព្យបែបលំហែរកាយកើនឡើង


Tue, 08 Jan 2019

​ភ្នំពេញ:​ ការវិនិយោគលើគំរោងអចលនទ្រព្យ បែបលំហែរកាយកំពុងកើនឡើងនៅកម្ពុជា ខណៈដែលការស្វែងរកកន្លែងលំហែរ និងសម្រាកកំសាន្តពីប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរណ៍កើនឡើង។

ជាក់ស្តែងគំរោងជាច្រើនបានលេចឡើង ដូចជា គំរោងអភិវឌ្ឍន៍រមណីយដ្ឋានធម្មជាតិស្រះខ្វាវ និងដីឡូត៍ សម្រាប់សាងសង់ផ្ទះលំហែរកាយ ភូមិឋានសំណាង គំរោងវិនិយោកគRelax Resort វិនិយោគរបស់ក្រុមហ៊ុន Macau Legend Development Limited ដែលមាន​​​ចុះ​បញ្ជី​នៅ​ផ្សារ​ហ៊ុន​ក្រុង​ហុងកុង ដែលក្រុមហ៊ុននេះ​​បាន​ទិញ​ភាគហ៊ុន​ទាំង​​អស់​របស់​​​​ក្រុមហ៊ុនHowing Enterprises ​នៅ​​​​កម្ពុជា​​ក្នុង​តម្លៃ៩០​លាន​ដុល្លារ ​ក្នុង​គោល​​បំណង​​អភិវឌ្ឍ​រមណីយដ្ឋាន​សមាហរណ​កម្ម​​ (IR)​ នៅ​ខេត្ត​សៀម​រាប​​។​

ប្រធាន​នាយក​ប្រតិបត្តិ​ Macau Legend Development លោក Chow Kam Fai បាន​ឲ្យ​ដឹង​​​ថា ការ​ទិញ​ដី​នេះ​​មាន​បំណង​​សាងសង់​ និង​អភិវឌ្ឍ​រមណីយដ្ឋាន​សមាហរណ​កម្ម​នៅ​ខេត្ត​សៀមរាប​ ​ដែល​អាច​ឲ្យ​​ក្រុមហ៊ុន​ចូល​រួម​​ និង​ទទួល​នូវ​​អត្ថ​ប្រយោជន៍​ពី​ឧស្សា​ហ​កម្ម​ទេសចរណ៍​ដែល​កំពុង​រីក​​ ចម្រើន​​របស់​​កម្ពុជា​។​

លោក​ឲ្យ​ដឹងបន្ត​​ថា​ “​​ក្រុម​ប្រឹក្សា​ភិបាល​​​​ចាត់​ទុក​ថា លក្ខខណ្ឌ​​នៃ​ការ​ទិញ​លក់​​នេះ​ត្រឹម​ត្រូវ​ និង​សម​ហេតុផល​ ហើយ​ការ​ទិញ​នេះ​ស្ថិត​​ក្នុង​ផល​ប្រយោជន៍​របស់​ក្រុមហ៊ុន​ និង​ភាគទុនិក​ទាំង​អស់​​របស់​ខ្លួន​”។​ មកពីទីក្រុងម៉ាកាវ ដែលគ្រោងវិនិយោគរមណីយដ្ឋាន​ សមាហរណកម្មបែបវិស្សមកាលលើផ្ទៃដី១២០០ហិកតា នៅខេត្តសៀមរាប និងគំរោងជាច្រើនទៀតនៅជាយក្រុងភ្នំពេញ។

​​ជាមួយគ្នានេះ លោកម៉ោង ម៉ាតាំងសហស្ថាបនិក និងក្រុមភាគហ៊ុនិកនៃគំរោងអភិវឌ្ឍន៍រមណីយដ្ឋានធម្មជាតិស្រះខ្វាវ និងដីឡូត៍ សម្រាប់សាងសង់ផ្ទះលំហែរកាយ បានមានប្រសាសន៍ឲ្យ​ដឹងផងដែរថា គំរោងនេះស្ថិតនៅលើផ្ទៃដីជាង២៣ហិកតា ក្នុងនោះផ្ទៃដីជាង៤ហិកតា នឹងត្រូវរៀបចំជារំណីយដ្ឋានធម្មជាតិ ដោយមានអាងហែលទឹក ផ្ទះលំហែរ កន្លែងបោះតង់ សួនច្បារ ស្ពានសម្រាប់ទស្សនាព្រៃសហគមន៍ជាដើម។

លោកបន្តថា “ដោយសារយើងមើលឃើញប្រជាពលរដ្ឋ កាន់តែច្រើនបានចាកចេ​ញ​ពីទីក្រុងនៅចុងសប្តាហ៍ ដើម្បីស្វែងរកកន្លែងសំរាកកាយ និងលំហែរចុងសប្តាហ៍ ទើប​យើងវិនិយោគគម្រោងនេះឡើង”។ លោកបន្តថា “គំរោងនេះមានទីតាំងជាប់ផ្ទះសំណាក់បៃតង និងគំរោងរមណីយដ្ឋានធម្មជាតិស្រះដូនរីក ដែលអភិវឌ្ឍន៍ដោយទីភ្នាក់ងារអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ(UNDP)”។

ជាមួយគ្នានេះ ក្រុមហ៊ុនA2A Town Cambodiaក៏បានវិនិយោគរមណីយដ្ឋាននិងផ្ទះលំហែរកាយចុងសប្តាហ៍នៅរមណីយដ្ឋានគិរីរម្យផងដែរ ដែលគម្រោងនេះរួមមានផ្ទះស្នាក់នៅច្រើនប្រភេទ ទីលានបោះតង់ដែលអាចផ្ទុកមនុស្សបាន២០០០នាក់ និងគំរោងទីលានវាយកូនហ្គោលជាដើម។

នាយកផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុនA2A Town Cambodiaលោកហ៊ិន សុជាតិ បានមានប្រសាសន៍ថា វាត្រូវការពេលវេលាបន្ថែមទៀត ដើម្បីឲ្យគំរោងនេះ​ដំណើរការ ខណៈការសាងសង់ផ្ទះសម្រាប់លំហែរកាយលក់ ទទួលបានអតិថិជនភាគច្រើនជាជនជាតិជប៉ុន ច្រើនជាងអ្នកវិនិយោគក្នុងស្រុក។លោកបន្តថា ក្នុងចំណោមផ្ទះលំហែរកាយ ដែលសាងសង់សម្រាប់លក់ប្រមាណ៨០ផ្ទះ រហូតមកទល់ពេលនេះលក់អស់បានប្រមាណ៦០ទៅ៧០ភាគរយហើយ។

ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ថា ការវិនិយោគលើគំរោងអចលនទ្រព្យបែបរមណីយដ្ឋាន ពិតជាបាន​និងកំពុងកើនឡើង ដោយសារប្រជាជនចាប់ផ្តើមស្វែងរកពេលវេលាលំហែរ ព្រោះប្រាក់ចំណូលពួកគេកើនឡើង។លោកបន្តថា យើងអាចចាត់ទុកជាផលិតផលថ្មីក្នុងវិស័យនេះនៅកម្ពុជា តែមិនមែនជារឿងថ្មីនៅបណ្តាប្រទេសនានានោះទេ។

លោកបន្តថា “ការវិនិយោគបែបនេះក៏ជាផ្នែកមួយ ជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ច​សង្គមរបស់កម្ពុជាផងដែរ ហើយជាការជួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ”៕

ប្រភព : www.propertyarea.asia