Register Already an agent ? Login

ដំណឹងល្អៈរកឃើញចំណុចឆ្លងកាត់ផ្លូវជាតិសំខាន់ៗនៃផ្លូវក្រវ៉ាត់ក្រុងទី៣ហើយ

​ភ្នំពេញ: ផ្លូវក្រវ៉ាត់ក្រុងទី៣ដែលមានប្រវែង៤៧,៦គីឡូម៉ែត្រ ពិតជាទាក់ទាញការចាប់អារម្មណ៍ជាច្រើនពីសំណាក់ប្រជាពលរដ្ឋ និងអ្នកវិនិយោគក្នុងវិស័យសំណង់និងអច​លនទ្រព្យ។

ផ្លូវដែលនឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី១៤ មករាខាងមុខនេះ ក្រោមវត្តមានសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា នឹងត្រូវសាងសង់ជា៤គន្លង ។

តាមរបាយការណ៍របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា ផ្លូវនេះមានប្រវែងសរុប៤៧.៦គីឡូម៉ែត្រ ជាប្រភេទផ្លូវ៤គន្លង ដោយមានទទឹងតួផ្លូវសរុប២៥ម៉ែត្រ។ សម្រាប់ផ្លូវរថយន្តមាន៤គន្លង មានទទឹង៣.៥០ម៉ែត្រ។ គន្លង និងផ្លូវទោចក្រយានយន្ត២គន្លងមានទំហំទទឹង២.២៥ ម៉ែត្រ។

តើផ្លូវដ៏សំខាន់នេះ នឹងឆ្លងកាត់តំបន់ណាខ្លះ និងចេញពីចំណុចណាគេហទំព័រPropertyarea.asia ធ្លាប់បានចេញផ្សាយជាច្រើនលើករួចមកហើយ ដោយផ្លូវនេះនឹងចាប់ពីផ្លូវជាតិលេខ៤ ម្តុំអូរដឹម ត្រង់គីឡូម៉ែត្រលេខ១៤+១០៥ ទៅចំណុចបញ្ចប់ភ្ជាប់ នឹងផ្លូវជាតិលេខ១ត្រង់គីឡូម៉ែត្រលេខ២៤+៨៤០។

ផ្លូវនេះក៏ឆ្លងកាត់ផ្លូវជាតិលេខ៣ត្រង់ ចំណុចគីឡូម៉ែត្រលេខ២១+២០០កាត់ផ្លូវជាតិ លេខ២ ត្រង់ចំណុចគីឡូម៉ែត្រលេខ២២+៨០០ និងកាត់ផ្លូវ ជាតិលេខ២១ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៨+ ៤០០ និងផ្លូវខ្នែងប្រវែង៥.៣៧គីឡូម៉ែត្រ។

ជាមួយនឹងការចំណាយថវិកាដ៏ច្រើន២៥៩លានដុល្លារ ផ្លូវនេះនឹងត្រូវសាងសង់ស្ពានអាកាសជាច្រើន ដូចជា ស្ពានអាកាសកាត់ពីលើផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវ ជាតិលេខ២ ផ្លូវជាតិលេខ២១ ផ្លូវជាតិលេខ១ និងស្ពានវែងមួយឆ្លងកាត់កោះអន្លង់ចិន ឆ្ពោះទៅឃុំឈើទាល ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល៕

ប្រភព : www.propertyarea.asia