Register Already an agent ? Login

ផ្លូវ 271ក្លាយពីផ្លូវក្រវ៉ាត់ក្រុងទៅជាតំបន់ពាណិជ្ជកម្មដោយមិនដឹងខ្លួន

ភ្នំពេញ:​ ផ្លូវ271ពីមុនជាផ្លូវក្រវ៉ាត់ក្រុង និងជាផ្លូវទី១ដែលមានសភាពហុយទ្រលោ មកាលពីជាង1ទសវត្សរ៍មុន ប៉ុន្តែបច្ចុប្បន្នវាលែងជាផ្លូវក្រវ៉ាត់ក្រុងទៀតហើយ ដោ​យសារកំនើនប្រជាសាស្រ្តនិងការរីកចម្រើនសេដ្ឋកិច្ចសង្គម បានធ្វើឲ្យផ្លូវនេះក្លាយជាវិថី​ពាណិជ្ជកម្មថ្មីមួយនៃរាជធានីភ្នំពេញ។

នៅក្នុងគម្រោងប្លង់មេរបស់សាលារាជធានីភ្នំពេញ ក៏ដូចជាក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជាបានកសាងផ្លូវ271 ត្រូវបានរៀបចំស្ថាបនាជាផ្លូវក្រវ៉ាត់ក្រុងទីខ្សែ1 ដែលគ្របដណ្ដប់ខណ្ឌចំនួន4 រួមមានខណ្ឌចំការមន ខណ្ឌ7មករា ខណ្ឌដូនពេញ និងខណ្ឌទួលគោក ដោយឆ្លងកាត់ផ្លូវទំនប់ផ្លូវ598 ផ្លូវ271 រហូតដល់តំបន់ក្បាល់ថ្នល់ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនដោយយានយន្តធុនធ្ងន់​។ ប៉ុន្តែ ខណៈដែលការស្ថាបនាមិនទាន់ឈានដល់ការសម្រេច100%ផងនោះ ពេលនេះ ផ្លូវ271 បាន និងកំពុងតែរំលេចខ្លួនយ៉ាងឆាប់រហ័សក្លាយជាតំបន់ពាណិជ្ជកម្ម ។

លោក សន សៀប នាយកក្រុមហ៊ុនអចលនទ្រព្យ Key Real Estate Co.Ltd បានទទួលស្គាល់ពីការរីកចម្រើន នៃវិស័យអចលនទ្រព្យនៅតាមបណ្តោយផ្លូវ 271 ប៉ុន្តែលោកក៏បានបញ្ជាក់ផងដែរថា វារីកចម្រើនដោយតំបន់តែប៉ុណ្ណោះ។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា “តាមពិតផ្លូវ271 មិនមែនទើបតែរីកចម្រើននោះទេ ពោលគឺវាជាបានអភិ​វ ឌ្ឍខ្លួនជាតំបន់ពាណិជ្ជកម្មតាំងពីប្រមាណ10ឆ្នាំមុនមកម៉្លេះ គ្រាន់តែថាការរីកចម្រើនទាំងនោះវាមិនទាន់បង្ហាញពីភាពធំដុំកំភួនដូចពេលបច្ចុប្បន្ន”។

លោកបានបន្តថា “ការរីកចម្រើន និងការប្រែក្លាយទៅជាតំបន់ពាណិជ្ជកម្មទាំងនេះ ក៏ព្រោះតែផ្លូវ271 មានសក្ដានុពលល្អជាងបណ្តាផ្លូវនានាមួយចំនួន នៅក្នុងរាជធានីភ្នំពេញ ដូចជា វាជាបណ្តុំនៃផ្លូវដែលត្រូវចេញទៅតាមតំបន់ជាយក្រុង និងមានមនុស្សធ្វើដំណើរឆ្លងកាត់ច្រើន ហើយលើសពីនេះទៅទៀតក៏ដោយសារតែតម្លៃដី ក៏ដូចជាអចលនទ្រព្យមួយចំនួននៅមានកម្រិតទាប ដែលអនុគ្រោះដល់អ្នកវិនិយោគ”។

​លើកឡើងស្រដៀងគ្នានេះលោកស្រីតាំង ហួរ អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service បានឱ្យដឹងផងដែរថា វាជារឿងធម្មតាទេ នៅពេលដែលតំបន់ណាដែលមានមនុស្សចេញចូលច្រើន ធ្វើដំណើរឆ្លងកាត់ច្រើន គឺតែងកើតមានការធ្វើពាណិជ្ជកម្ម។ ដោយឡែកសម្រាប់តាមបណ្តោយផ្លូវ 271 គឺវាបានអនុគ្រោះដល់ការធ្វើជំនួញជាច្រើនប្រភេទ ដែលក្នុងនោះរាប់ទាំងការវិនិយោគលើវិស័យអចលនទ្រព្យផងដែរ។

លោកស្រីបានបញ្ជាក់ទៀតថា “ការរីកចម្រើនសកម្មភាពអាជីវកម្មនៅលើផ្លូវនេះ អាស្រ័​យដោយតំបន់ ប៉ុន្តែតំបន់ជាច្រើនដែលស្ថិតនៅតាមបណ្តោយផ្លូវ 271 បានក្លាយទៅជាតំបន់ពាណិជ្ជកម្ម បច្ចុប្បន្នតម្លៃដី ក៏ដូចជាអចលនទ្រព្យនានា បាន និងកំពុងតែមានតម្លៃកើនឡើងគួរឱ្យកត់សម្គាល់”។

លោកស្រីតាំង ហួរបានបន្តថា ដីនៅតំបន់ខ្លះ ដែលពោរពេញទៅដោយសំណង់អាគារពាណិជ្ជកម្ម សំណង់អាផាតមិន ក៏ដូចជាខុនដូរជាដើមនោះ អាចមានតម្លៃចន្លោះចាប់ពី3000 ទៅ4000ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ដោយឡែកចំពោះដីដែលមានភាពទូលាយនៅឡើយ ឬជាតំបន់តំបន់ឃ្លាំង អាចមានតម្លៃចន្លោះចាប់ 2800 – 3000 ដុល្លារ ឬអាចលើសពីនេះ ដែលវាអាស្រ័យតាមតំបន់។

​យ៉ាងណាក៏ដោយ អ្នកស្រី តាំង ហួរ ក៏បានធ្វើការកត់សម្គាល់បែបសុទិដ្ឋិនិយមផងដែរថា យ៉ាងយូរនៅត្រឹមដំណាច់ឆ្នាំ2019 ឬដើមឆ្នាំ2020 ខាងមុខនេះ នៅតាមបណ្តោយផ្លូវ271 ដែលជាផ្លូវក្រវ៉ាត់ក្រុងយ៉ាងសំខាន់របស់រាជធានីភ្នំពេញ នឹងលេចចេញនូវវត្តមានសំណង់អាគារពាណិជ្ជកម្មជាច្រើន និងមានភាពទាក់ទាញ មិនចាញ់ផ្លូវម៉ៅសេងទុងនាពេលបច្ចុប្បន្ននេះនោះឡើយ៕

ប្រភព : www.propertyarea.asia