Register Already an agent ? Login

កម្ពុជាគ្រោងយកទីក្រុងចំនួន៣ប្រែក្លាយជាទីក្រុងបែបSmart City

ភ្នំពេញ: ប្រទេសកម្ពុជាគ្រោងជ្រើសរើសយកទីក្រុងចំនួន៣ រួមមានទីក្រុង បាត់ដំបង ក្រុងសៀមរាម និងរាជធានីភ្នំពេញ ឲ្យក្លាយជាទីក្រុងឆ្លាត(Smart City) ដែលបច្ចុប្បន្នទីក្រុងទាំងនេះ កំពុងមានតម្រូវការខ្លាំងពីសំណាក់ប្រជាជននៅជុំវិញពិភពលោក។

គ្រប់បណ្តាប្រទេសទាំងអស់នៅលើពិភពលោក នៅពេលចូលទៅក្នុងសម័យកាលបដិវត្តឧស្សា​ហកម្មកំរិត៤.០ គឺគេតម្រូវអោយបណ្តាប្រទេសទាំងនោះ ត្រូវបង្កើតទីក្រុងឆ្លាត(Smart City) នៅក្នុងប្រទេសឲ្យបានប្រមាណពី១ទៅ៣ទីក្រុង ឬអាចច្រើនជាងនេះ ដើម្បីបំពេញតម្រូវការឬបង្កើនភាពងាយស្រួលក្នុងទំនាក់ទំនងរបស់ភ្ញៀវទេសចរជាតិ អន្តរជាតិ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកប៉ាន សូរស័ក្តិបានថ្លែងដឹងកាលពីថ្ងៃទី២៦ ធ្នូកន្លងមកថា បើយើងទៅតាមស្ថានភាពសេដ្ឋកិច្ចនៅក្នុងពេលនេះ គឺយើងមិនទាន់អាចបង្កើតទីក្រុងឆ្លាតអោយស្របតាមស្តង់ដារបាននោះទេ ប៉ុន្តែនៅពេលដែលកម្ពុជា ឈានចូលក្នុងសម័យកាលបដិវត្តឧស្សាហកម្មកំរិត៤ កម្ពុជានឹងយកទីក្រុងចំនួនបីដំឡើងអោយជាទីក្រុងឆ្លាត (Smart city).

លោកបន្តថា នៅក្នុងបណ្តាប្រទេសមួយចំនួនក្នុងតំបន់គេប្រទេសសឹង្ហបូរី បានបង្កើតទីក្រុងឆ្លាតវៃ ហើយបណ្តាប្រទេសដទៃទៀត នាពេលបច្ចុប្បន្នគេបានបញ្ចូលទីក្រុងរបស់គេទាំងអស់ក្លាយទៅជាក្រុងឆ្លាត”។

លោកបន្តថា “ក្រុងឆ្លាត​នេះ គឺត្រូវទាមទារអោយមានការប្រើប្រាស់ប្រព័ន្ធឧបករណ៍បច្ចេកវិទ្យាទំនើបៗជាច្រើន ពិសេសឧបករណ៍ទំនាក់ទំនងតាមប្រព័ន្ធអេឡិចត្រូនិច ក្នុងវិស័យទូរគមនាគមន៍”។

លោកប៉ាន់ សូរសក្តិ បន្តថា បច្ចុប្បន្នកម្ពុជា មិនទាន់អាចបង្កើតទីក្រុងឆ្លាតបាន ដោយសារកម្ពុជា នៅមានកង្វះខាតច្បាប់មួយចំនួន ពិសេសច្បាប់ពាណិជ្ជកម្មអេឡិចត្រូនិច(E- Commerce)ដែលច្បាប់នេះ កម្ពុជាគ្រោងបង្កើតអោយបាននៅចុងឆ្នាំ២០១៩នេះ។

លោកសាស្រ្តាចារ្យទួស សាភឿនអគ្គលេខាធិការរងគណស្ថាបត្យករកម្ពុជាបានថ្លែងថា ទីក្រុងឆ្លាតវៃឬSmart Cityមានសារៈសំខាន់ណាស់ ដើម្បីជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយទីក្រុងបែបនេះតម្រូវឲ្យមានការរៀបចំឡើងតាមបែបបៃតង ដែលរួមមានប្រព័ន្ឋបង្ហូរទឹកត្រូវបែងចែករវាងទឹកភ្លៀង និងទឹកកខ្វក់ មានការសន្សំសំចៃថាមពលអគ្គិសនី តាមរយៈការទាញយកថាមពលពីពន្លឺព្រះ

អាទិត្យ មានលំហបៃតង មានដាំដើមឈើ មានហេដ្ឋារចនាសម្ព័ន្ឋសមស្រប និងកាត់បន្ថយការប្រើប្រាស់ឧស្ម័នផ្ទះកញ្ចក់ជាដើម៕

ប្រភព : www.propertyarea.asia