Register Already have an account ? Login

តោះ​ស្តាប់​អ្នកជំនាញ​និយាយ​ពី​ស្ថានភាព​ទីផ្សារ​ខុន​ដូ​សម្រាប់​ឆ្នាំក្រោយ


Fri, 07 Dec 2018

ភ្នំពេញ៖ បើទោះបីជា​ទីផ្សារ​នៃ​ការលក់​ខុន​ដូ​នាពេល​បច្ចុប្បន្ននេះ ហាក់​មាន​ភាពស្ងប់ស្ងាត់​បន្តិច បើ​ប្រៀប​ជាមួយ​ទីផ្សារ​អា​ផាត​មិន​និង​សំណង់​លំនៅដ្ឋាន ដែល​កំពុងមាន​សកម្ម​ភាព​យ៉ាង​ពុះកញ្ជ្រោល​ក៏ដោយ ប៉ុន្តែ​អ្នកជំនាញ​នៅតែមាន​សុទិដ្ឋិនិយម​ពី​ទីផ្សារ​នេះ​សម្រាប់​ឆ្នាំ២០១៩ខាងមុខនេះ។

អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ និង​ជា​អគ្គនាយក​ក្រុមហ៊ុន Century21 Mekong លោក​ច្រឹ​ក សុខ​នី​ម​បានបង្ហាញ​ពី​សុទិដ្ឋិនិយម​ថា សម្រាប់​ឆ្នាំ2019ខាងមុខ ចំពោះ​វិស័យ​ខុន​ដូ​នៅ​កម្ពុជា ហាក់​មិនទាន់មាន​សញ្ញាណ​បង្ហាញ ពី​ភាពអវិជ្ជមាន​នៅឡើយ​នោះទេ ។ លោក​បញ្ជាក់ថា ជារួម ទីផ្សារ​ខុន​ដូ​នៅ​ស្រុក​ខ្មែរ គឺ​អ្នក​អភិវឌ្ឍ​គេ​ធ្វើឡើង​ដោយ​មើល​ក្នុង​រយៈពេល​យូរ ដែល​វា​ខុសគ្នា​ពី​គម្រោង​សំណង់​លំនៅដ្ឋាន និង​តម្រូវឱ្យមាន​ការចំណាយ​ពេល​យូរ ពោលគឺ​គេ​រំពឹង​ចាប់ពី3-5ឆ្នាំក្រោយ ឬ​អាច​លើសពីនេះ។

លោក​បន្តថា ដោយឡែក​សម្រាប់​ឆ្នាំ2019 បើ​និយាយ​ពី​វិស័យ​ខុន​ដូ វា​ហាក់​មិនមាន​ចំណុច​អវិជ្ជមាន​នោះទេ ពោលគឺ​គេ​កំពុងតែបន្ត​លក់​គម្រោង​ចាស់​ដែល​នៅសល់ រួម​ជាមួយនឹង​ការបន្ត​ការសាងសង់​លើ​គម្រោង​ចាស់​ផងដែរ។ ជាមួយគ្នានេះ ចំពោះ​ការលក់​គម្រោង​ទៀតសោត គេ​ក៏​មិនអាច​មើលឃើញ​ផ្ទាល់​ជាក់ស្ដែង​នឹង​ភ្នែក​បាន​នោះដែរ ដែល​វា​តម្រូវឱ្យមាន​កា​រ​អង្កេត និង​តាមដាន។

ស្រដៀង​គ្នា​នេះ អ្នកនាង អាន សុធី​តា នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia បានលើកឡើង​ផងដែរ​ថា វា​ដូចជា​អត់​មានអី​ប្រែប្រួល ឬ​ធ្លាក់ចុះ​នោះទេ សម្រាប់​ទីផ្សារ​ខុន​ដូ​នៅ​ឆ្នាំ2019 ។ ជាក់ស្ដែង​ពេលនេះ ដែល​ស្ថិតនៅ​ចុងឆ្នាំ​ចាស់ ទីផ្សារ​ខុន​ដូ​នៅតែមាន​ភាពល្អប្រសើរ​ទាក់ទង​នឹង​ការផ្គត់ផ្គង់ និង​តម្រូវការ ព្រោះ​រហូតមកទល់​ពេលនេះ មិនទាន់មាន​ខុន​ដូ​ច្រើន​បានបញ្ចប់​ការសាងសង់ និង​ដាក់ចូល​ទីផ្សារ​នៅឡើយ​ទេ ដូច្នេះ​ចំពោះ​ទីផ្សារ​វិស័យ​មួយ​នេះ នៅតែ​មិនទាន់មាន​សញ្ញាណ​អវិជ្ជមាន​នៅឡើយ។

ផ្អែក​តាម​របាយការណ៍​សិក្សា​របស់​ក្រុមហ៊ុន CBRE Cambodia បាន​រកឃើញ​ផងដែរ​ថា ខុន​ដូ218គម្រោង ត្រូវបាន​ដាក់ចូល​ក្នុង​ទីផ្សារ​នៅ​ត្រីមាស​ទី3 ឆ្នាំ2018ដែល​ធ្វើ​ឲ្យ​ចំនួន​បន្ទប់​ខុន​ដូ​ក្នុង​រាជធានី​ភ្នំពេញ កើនឡើង​ដល់12,048យូ​នី​ត។ ក្នុង​ត្រីមាស​ទី3 កន្លងមក​មាន​គម្រោង​អភិវឌ្ឍន៍​ខុន​ដូ​ចំនួន2 បានបញ្ចប់​ការសាងសង់​ដែល​រួមមាន គម្រោង Skylar Meridian ក្នុង​ខណ្ឌចំការមន និង​គម្រោង Apenines ក្នុង​ខណ្ឌទួលគោក។

របាយការណ៍​ដដែល​បាន​បង្ហាញថា 80ភាគរយ​នៃ​ខុន​ដូ​ប្រណីត ដែល​ទើប​បញ្ចប់​ការសាងសង់​ស្ថិតក្នុង​ខណ្ឌចំការមន។ ជាមួយគ្នានេះ កាលពី​ត្រីមាស​ទី3 កន្លងទៅ មាន​គម្រោង​អភិវឌ្ឍន៍​ខុន​ដូ​ចំនួន6 ដែល​ស្មើនឹង​បន្ទប់​សរុប2374យូ​នី​ត បានប្រកាស​ពី​ការចាប់ផ្តើម​សាងសង់ ដែល​ចំនួន​នេះ​បាន​កើនឡើង5,2ភាគរយ បើ​ធៀប​នឹង​ត្រីមាស​ទី2 ៕