Register Already have an account ? Login

រំលឹកឡើងវិញៈកម្ពុជា បារាំងរៀបចំផែនការអភិវឌ្ឍន៍នៅភាគខាងត្បូងរាជធានីភ្នំពេញ


Wed, 05 Dec 2018

ភ្នំពេញ : ដើម្បីឆ្លើយតបនឹងស្ថានភាពនៃការអភិវឌ្ឍទីក្រុង ដែលរដ្ឋបាលរាជធានីភ្នំពេញបាន និងកំពុងជួបប្រទះ និងមានការអភិវឌ្ឍគ្រប់វិស័យនោះ ការរៀបចំផែនការអភិវឌ្ឍតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ក៏ត្រូវបានគិតគូរបន្ថែម ដើម្បីប្រែក្លាយតំបន់នោះជាតំបន់បៃតង។

ដើម្បីឆ្លើយតបទៅនឹងលំហូរចរាចរណ៍ ទេសចរណ៍ សោភ័ណភាព និងការអភិវឌ្ឍន៍រីកចំរើនលើវិស័យ នៅរាជធានីភ្នំពេញ ពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មសាធារណៈ សំណង់គ្រឹះស្ថាន អគារនានា ក្នុងរាជធានីភ្នំពេញ យន្តការជាច្រើនត្រូវបាន លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញដាក់ចេញដើម្បីអនុវត្ត។

អភិបាលរាជធានីភ្នំពេញលោកឃួង ស្រេងបានលើកឡើងនៅក្នុងពិធីបើកអង្គសិក្ខាសាលាស្តីពី កិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញជាមួយ និងសាលាក្រុងប៉ារីស លើវិស័យនគរូបនីយកម្មក្នុងរាជធានីភ្នំពេញកាលពីពេលថ្មីៗនេះថា ភាគខាងត្បូងរាជធានីភ្នំពេញ គឺជាទំហំនៃការអភិវឌ្ឍធំមួយ ដូច្នេះហើយទើបសាលាក្រុងប៉ារីសដែលជាទីក្រុងមានបទពិសោធន៍ នៃការរៀបចំទីក្រុងឲ្យមានភាពស្រស់បំព្រង ចង់ឲ្យតំបន់នោះ ក្លាយជាតំបន់បៃតង ដែលមានបរិស្ថានល្អ។

លោកបន្តថា “រាជធានីភ្នំពេញមានការអភិវឌ្ឍគ្រប់វិស័យ ពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មសាធារណៈ សំណង់គ្រឹះស្ថាន អគារនានា ក្នុងរាជធានីភ្នំពេញ បានចាប់ផ្តើមមានការអភិវឌ្ឍឆ្លើយតប នឹងកំណើនប្រជាជនទីក្រុង ដែលកើនឡើងយ៉ាងឆាប់រហ័ស រហូតដល់៣.២៥%ក្នុង១ឆ្នាំៗ”។ លោកបន្តថា “បច្ចុប្បន្នចំនួនប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញបានកើនឡើង រហូតដល់១.៧លាននាក់ ស្មើនឹងប្រមាណជា៥៦%នៃប្រជាពលរដ្ឋទីក្រុង ដែលជាអ្នកចំណាកស្រុក ចូលមកសិក្សានិងធ្វើការនៅទីក្រុងភ្នំពេញ”។

លោកស្រី អេឡូឌី គុយអង់កា តំណាងសាលាក្រុងប៉ារីស នៃសាធារណរដ្ឋបារាំងបានថ្លែងថា ដើម្បីឆ្លើយតបនឹងស្ថានភាព នៃការអភិវឌ្ឍទីក្រុង ដែលរដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងជួបប្រទះ គឺមានការងារពីរត្រូវបានដាក់ឲ្យសិក្សា ដូចជា ទី១ គឺការរៀបចំផែនការអភិវឌ្ឍតំបន់ភាគខាងត្បូងក្រុងភ្នំពេញ ដែលសព្វថ្ងៃកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំង និងទី២ ការពង្រឹងការរំដោះ និងការគ្រប់គ្រងច្រាំងមាត់ទន្លេសាប ព្រមជាមួយនឹងពង្រីកទៅភាគខាងជើងនៃតិរវិថី ព្រះស៊ីសុវត្ថិ។

លោកស្រីបន្តថា “ដើម្បីធ្វើការងារខាងលើឲ្យបានជោគជ័យ មានវិធីសាស្រ្តមួយត្រូវបានស្នើឡើងជាពិសេស តាមរបៀបវាស់វែងជាក់ស្តែង ទុកជាមូលដ្ឋានក្នុងការកែតម្រូវឲ្យត្រូវនឹងតថភាពជាក់ស្តែងក្នុងតំបន់នោះ”។លោកស្រីបន្តថា“ វិធីសាស្រ្តនោះតម្រូវឲ្យយើងប្រើទស្សនទានអន្តរវិស័យ និងពហុវិស័យដោយមានការងាររួមចម្រុះ ដែលទាមទារឲ្យអោយគ្រប់អង្គភាពជំនាញពាក់ព័ន្ធ ត្រូវធ្វើការជាមួយគ្នា ជាអាទ៍មន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មន្ទីរនានាទីចាត់ការជំនាញ ខណ្ឌ សង្កាត់ និងរដ្ឋបាលផ្សេងៗ ទៀតរបស់រាជធានីភ្នំពេញ”៕

ប្រភព : www.propertyarea.asia