Register Already have an account ? Login

វត្ត​មួយ​នៅ​ខេត្តបន្ទាយមានជ័យ​ស័ក្តិ​សមជា​ទីតាំង​សម្រាប់​ទាក់ទាញ​ទេសចរណ៍


Tue, 04 Dec 2018

ភ្នំពេញ៖ អា​រ៉ា​ម​មួយ​ក្នុង​ខេត្តបន្ទាយមានជ័យ ស័ក្តិ​សមជា​ទីតាំង​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ស្របតាម​គោលនយោបាយ​របស់​ក្រសួងទេសចរណ៍ ដែល​ចង់​ប្រែក្លាយ​វត្ត​អា​រ៉ា​មចំណាស់ៗ ជា​ផលិតផល​ទេសចរណ៍​បន្ថែមទៀត។

យោងតាម Facebook Page របស់​ព្រះ​តេជគុណ ធ​ម្មា​លង្កា​រោ ចាន់ សុជន​ចៅអធិការ​វត្ត​ប្រាសាទ​ស្រះ​កណ្ដាល​ខ្ចាស់ បាន​ឲ្យ​ដឹងថា ទី​វត្ត​ដែល​ព្រះអង្គ​រមែង​បង្ហោះ​អោយឃើញ​ពី​ទិដ្ឋភាពស្អាតៗ និង​សមិទ្ធផលល្អៗបម្រើអោយ​វិស័យ​ព្រះពុទ្ធសាសនា​នេះ គឺជា​វត្ត​ប្រាសាទ​ស្រះ​កណ្ដាល​ខ្ចាស់ ស្ថិតនៅ​ភូមិ​ខ្ចាស់ ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

វត្ត​នេះ​នៅ​ប៉ែក​ខាងជើង​ផ្លូវជាតិ​លេខ៦ (ដោយ​ចូល​តាមផ្លូវ​គ្រួស​ចម្ងាយ​ប្រមាណ​ជា៧គីឡូម៉ែត្រ)។ ទី​អា​រ៉ា​ម​នេះ​មាន​ផ្ទៃដី​សរុប​ជាង៧ហិកតា ដោយ​ក្នុង​ផ្ទៃ​ទាំងមូល ត្រូវបាន​រៀបចំ​កសាង​ជា​សមិទ្ធផល​បម្រើអោយ​ព្រះពុទ្ធសាសនា ដូចគ្នា​នឹង​ពុទ្ធ​មណ្ឌលធំៗផងដែរ ប៉ុន្តែ​នឹងធ្វើ​អោយ​ល្អ​ជាង អោយ​ស្អាត ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ពុទ្ធបរិស័ទ​នៅ​ទូទាំងប្រទេស និង​អ្នក​ទេសចរណ៍។

វត្ត​ដែលមាន​ផ្ទៃដី​ធំ​ល្វឹងល្វើយ ហើយ​ត្រូវ​បានរៀបចំ​ជាទី​អា​រ៉ា​ម​បែប​ពុទ្ធ​មណ្ឌល​បម្រើអោយ​វិស័យ​សាសនា ដែល​សូម្បីតែ​អ្នកទស្សនា​ទេសចរណ៍ ក៏​ផ្អើល និង​លាន់មាត់​សរសើរ។ ស្ទើរតែ​គ្រប់​សមិទ្ធិផល និង​ការរៀបចំ​នៅក្នុង​វត្ត​នេះ ចង់​ឡូយ​ជាង​រមណីយដ្ឋាន​កម្សាន្ត​ខ្លះ​ផង។

ព្រះអង្គ​បាន​មាន​សង្ឃ​ដិ​កា​ឲ្យ​ដឹង​ទៀតថា សមិទ្ធផល​នៅក្នុង​ទី​អា​រ៉ា​ម​សុទ្ធតែ​បាន​ជំនួយ​ពី​សប្បុរសជន​ក្នុង និង​ក្រៅ​ស្រុក​គ្រប់ទិសទី ដោយ​ក្នុងនោះ​នៅលើ​ផ្ទៃដី​ទាំង៧៥,០០០ម៉ែត្រការ៉េ​របស់​វត្ត នឹង​ស្ថាបនា​ជា​ទម្រង់​ប្រវត្តិ​ព្រះពុទ្ធ និង​ជា​សមិទ្ធផលសំខាន់ផ្សេងៗ ដើម្បីអោយ​ទី​អា​រ៉ា​ម​មួយ​នេះ ក្លាយជា​សារមន្ទីរ​បង្ហាញ​ទម្រង់​ក្នុង​ជំនឿ​ព្រះពុទ្ធ​ធំ​មួយ និង​ដើម្បីអោយ​អ្នក​ចង់​បួស​រៀន និង​ចង់បាន​ភាពស្ងប់ស្ងាត់​ក្នុង​ផ្លួ​វ​ចិត្ត មាន​កន្លែង​មក​តាំងសមាធិ និង​សន្សំ​សុខ​ផ្លូវចិត្ត​ផង។

ទន្ទឹមនឹងនេះ ព្រះអង្គ​កំពុង​ដឹកនាំ​កាង​សមិទ្ធផលធំៗ ជាច្រើន​ផ្សេងទៀត​ក្នុង​វត្ត ដោយ​ក្នុង​ពេលនេះ ព្រះអង្គ​នឹង​កសាង​ពុទ្ធបដិមា​មួយអង្គ​កម្ពស់៨០ម៉ែត្រ ដើម្បីអោយ​ប្រទេស​កម្ពុ​ជាមាន​ព្រះពុទ្ធ​បដិមា​ធំ និង​ខ្ពស់ជាង​មួយអង្គ​ទុកជា​និមិត្តរូប​នៃ​ព្រះពុទ្ធសាសនា។

វត្ត​ប្រាសាទ​ស្រះ​កណ្ដាល​ខ្ចាស់ បាន​បង្កើតឡើង​កាលពី​អំឡុង​ឆ្នាំ១៩៣៨ តែ​ត្រូវ​បំផ្លាញ​ក្នុងសម័យ​ប៉ុលពត ហើយ​បានរៀបចំ​ជា​វត្ត​ពេញលេញ​ឡើងវិញ កាលពី​ឆ្នាំ២០១០ និង​ចាប់​ផ្ដើមកសាង​ជា​រមណីយដ្ឋាន បម្រើអោយ​ព្រះពុទ្ធសាសនា​កាលពី​អំឡុង​ឆ្នាំ២០១៣ ។

មកទល់ពេលនេះ ក្នុង​វត្ត​ទាំងមូល​មាន​ព្រះសង្ឃ​គង់នៅ​សរុប​ចំនួន១៧៣អង្គ ដោយ​វត្ត​នេះ​កំពុង​ក្លាយ​ជាទី​អា​រ៉ា​ម ដែលមាន​ការចាប់អារម្មណ៍​ពី​ការរៀបចំ​គួរអោយកត់សម្គាល់ ព្រោះតែ​ទិដ្ឋភាព​និង​ស​មិ​ទ្ឋិ​ផល​ពុ​ទ្ឋ​សាសនា​នានា៕

ប្រភព : www.propertyarea.asia