នំពេញ៖ អ្នកជំនាញអចលនទ្រព្យអន្តរជាតិ អ្នកវិនិយោគជាតិអន្តរជាតិជាង៣០០នាក់ នឹងជួបជុំគ្នាក្នុងសន្និបាតជាលើកដំបូងនៅទីក្រុងភ្នំពេញ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១ ធ្នូខាងមុខនេះ។

ព្រឹត្តិការណ៍ដែលនឹងប្រារពធ្វើនៅសណ្ឋាគារសុខារ៉េស៊ីដេននេះ នឹងជាការជួបជុំផ្លាស់ប្តូរបទពិសោធន៍ និងការស្វែងរកដៃគូវិនិយោគ និងសហការគ្នាដើម្បីឈានទៅសហការលើការទិញលក់អចលនទ្រព្យពីប្រទេសកម្ពុជា និងប្រទេសជាដៃគូជាច្រើនទៀត។អ្នកជំនាញអន្តរជាតិមកចូលរួមមានមកពីសហរដ្ឋអាមេរិក ជប៉ុន ចិន កូរ៉េ តៃវ៉ាន់ជាដើម។
នាយិកក្រុមហ៊ុនអចលនទ្រព្យ Century21 Cambodia អ្នកនាង Grace Rachy Fongបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ព្រឹត្តិការណ៍នេះមិនធ្លាប់មាននៅកម្ពុជា ហើយកម្ពុជាជាប្រទេសទី៧៥ ដែលមាននាំយកមកនូវសិទ្ឋអាជីវកម្មពីក្រុមហ៊ុនCentury21 ពិភពលោក ដែលបច្ចុប្បន្ន Century21 បានពង្រីកទីតាំងនិងការិយាល័យរហូតដល់៨១ប្រទេសរួចហើយ។

អ្នកនាងបន្តថា “នេះជាលើកទី១ដែលកម្ពុជារៀបចំព្រឹត្តិការណ៍នេះ ដើម្បីបង្ហាញពីកំលាំងនៃការរួបរួមរបស់យើង និងបង្ហាញពីសក្តានុពលនៃ Century21 Cambodia ពិសេសការផ្តល់ទំនុកចិត្តក្នុងទីផ្សារពីសេវាកម្មរបស់យើង។
សន្និបាតនេះនឹងមានការចូលរួមពីអ្នកជំនាញអចលនទ្រព្យ មកពីសហរដ្ឋអាមេរិក ជប៉ុន កូរ៉េ ចិន តៃវ៉ាន់ និងសមាជិកនៃក្រុមហ៊ុន Century21 មកពីបណ្តាប្រទេសជាច្រើនទៀត។ វិនិយោគជាតិ អន្តរជាតិ អ្នកជំនាញផ្នែកធនាគារនិងដៃគូអាជីវកម្មជាច្រើនទៀតក៏នឹងត្រូវអញ្ជើញចូលរួមក្នុងកម្មវិធីដ៏ធំនេះផងដែរ។
តាមការគ្រោងទុកកម្មវិធីនេះ នឹងប្រារពឡើងនៅសណ្ឋាគារសុខារ៉េស៊ីដេន នៅតំបន់ជ្រោយចង្វារ។
អ្នកនាង Grace Rachny Fong បានបន្តថា កម្មវិធីនេះនឹងបង្ហាញពីឳកាសនៃការវិនិយោគ និងទាក់ទាញការវិនិយោគពីអ្នកវិនិយោគអន្តរជាតិមកកម្ពុជា ព្រោះភ្ញៀវខ្លះពួកគេមិនធ្លាប់មកកម្ពុជា ហេតុនេះពេលពួកគេមកកាន់កម្ពុជា ពួកគេនឹងចាប់យកឳកាសចេញពីទីនេះ និងផ្សព្វផ្សាយពីសក្តានុពលវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាទៅកាន់ពិភពលោក។

ជាមួយគ្នានេះសន្និបាតនេះ នឹងមានការផ្តល់ពានរង្វាន់ដល់ក្រុមហ៊ុនអចលនទ្រព្យដែលជាក្រុមគ្រួសារ Century21 ដែលបានលក់អចលនទ្រព្យ និងទទួលបានកម្រៃជើងសារបានច្រើនជាងគេផងដែរ។
លោកគុយ វ៉ាតប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Century21 Cambodia បានថ្លែងឲ្យដឹងផងដែរថា នេះជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលយើងអាចពង្រីកការផ្សព្វផ្សាយពីសក្តានុពលនៃវិស័យសំណង់ និងអចលនទ្រព្យកម្ពុជាទៅកាន់ពិភពលោក និងជាការពង្រីកទីផ្សារ និងឪកាសសម្រាប់ក្រុមហ៊ុនជាសមាជិក Century21 Family ទៅកាន់ទីផ្សារនៅក្រៅប្រទេស។ លោកបន្តថា ដើម្បីពង្រីកទីផ្សារទៅក្រៅប្រទេសបាន ក្រុមហ៊ុនភ្នាក់ងារ អចលនទ្រព្យ Century21 ត្រូវឆ្លងកាត់ប្រព័ន្ឋការងារទាំងនេះ ដើម្បីពួកគេអាចធ្វើការជាមួយភ្នាក់ងារនៃក្រុមហ៊ុន Century21 នៅអន្តរជាតិបាន។
លោកបន្តថា “ចង់មិនចង់ទីផ្សាររបស់យើងនឹងរីកទៅកាន់បរទេស ហេតុនេះការចាប់បានឳកាស និងពង្រីកសក្តានុពលនៃក្រុមហ៊ុននិមួយៗ វាអាស្រ័យលើសេវាកម្មនិងទំនុកចិត្តដែលពួកគេផ្តល់ឲ្យដៃគូ”៕
ប្រភព : www.propertyarea.asia