Register Already an agent ? Login

ការសាងសង់អាគារកំពស់៧៨ជាន់ស្ថិតក្នុងភាពមិនច្បាស់លាស់

ភ្នំពេញ: មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំ The Glory ដែលអាចជាអំនួតមួយសម្រាប់ទីក្រុងភ្នំពេញបានស្ថិតក្នុងភាពមិនច្បាស់លាស់ ខណៈគំរោងនេះត្រូវបានតំណាងក្រុមហ៊ុនយានឆ័ងប្រចាំកម្ពុជាធ្លាប់បានឲ្យដឹងថា គំរោងនេះត្រូវបានកែប្រែប្លង់ស្ថាបត្យកម្មមួយចំនួន។

តំណាងក្រុមហ៊ុន យាន ឆ័ង ប្រចាំកម្ពុជាលោក ផូ ប៊ីលសម្បត្តិបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា ការសាងសង់អាគារនេះ នឹងចាប់ផ្តើមនៅចុងឆ្នាំ២០១៨ ព្រោះបច្ចុប្បន្នក្រុមហ៊ុនកំពុងឌីសាញរូបរាងអាគារ និងគ្រឿងបង្គុំរបស់អាគារដ៏ធំនេះឡើងវិញ។ ប៉ុន្តែរហូតមកទល់ពេលនេះមិនឃើញមានសកម្មភាពសាងសង់នោះទេ។

លោកបន្តថា ដោយសារវាជាអាគារខ្ពស់ ទើបក្រុមហ៊ុនបាននិងកំពុងគិតគូរ យ៉ាងយកចិត្តទុកដាក់ពីមូលដ្ឋានគ្រឹះ និងគ្រឿងបង្គុំរបស់អាគារនេះដោយម៉ត់ចត់បំផុត ដើម្បីបញ្ចៀសហានិភ័យផ្សេងៗ។

លោកបន្តថា “ការសាងសង់អាគារនេះ គ្រោងចំណាយទឹកប្រាក់ជាង២០០លានដុល្លារ និងចំណាយរយៈពេលសាងសង់៤ទៅ៥ឆ្នាំ ដូច្នេះ យើងរំពឹងថាឆ្នាំ២០២៣ ឬ២០២៤ទើបអាគារនេះអាចដំណើរការបាន។លោកបន្តថា“អាគារនេះនឹងជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ដែលរួមបញ្ចូលនូវផ្សារទំនើប អាផាតម៉ិន ខុនដូ សណ្ឋាគារ និងការិយាល័យជាដើម។

ទីតាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម GLORY កំពស់៧៨ជាន់នេះ ស្ថិតនៅជាប់អាគារ The Bridge ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមករាជធានីភ្នំពេញ។

អ្នកឯកទេសផ្នែកនគរូបនីយកម្ម លោកបណ្ឌិត វ៉ាន់ វ៉ាតបានថ្លែងថា កម្ពុជាមានបទបញ្ញត្តិស្តីពី ការកំណត់កំពស់អាគាររួចហើយ ដូច្នេះប្រសិនជាយើងអនុវត្តន៍ច្បាប់បញ្ញត្តិដែលមានបានល្អ វាមិនត្រឹមតែជួយការពារបាននូវបេតិកភ័ណ្ឌក្នុងទីក្រុងនោះទេ តែវានឹងរក្សាបាននូវទេសភាព សោភ័ណភាព និងកាត់បន្ថយបាននូវផលប៉ះពាល់បរិស្ថានផងដែរ។លោកបន្តថា តាមធម្មតាការសាងសង់អាគារខ្ពស់បែបនេះ ក្រុមហ៊ុនបានសិក្សាពីបទ ដ្ឋានបច្ចេកទេសអស់ហើយ។លោកបន្តថា ចំណែកក្រសួងជំនាញគ្រាន់តែជាអ្នក ពិនិត្យលើបទដ្ឋានសំណង់ ដើម្បីធ្វើឲ្យប្រាកដថាក្រុមហ៊ុនគោរពបានតាមគោលការ ណ៍ស្នើសុំឬអត់ប៉ុណ្ណោះ។

លោកបន្តថា “ការមានអាគារខ្ពស់ៗបែបនេះ វាជាមោទនភាពជាតិ ព្រោះវាមិនត្រឹមតែជួយដល់សេដ្ឋកិច្ចនោះទេ តែវាក៏ផ្តល់ការងារនិងប្រាក់ចំណូលដល់ប្រជាពលរដ្ឋផងដែរ”។

ទោះជាយ៉ាងណាគេហទំព័រPropertyarea.asia នឹងផ្សព្វផ្សាយជូននូវបច្ចុប្បន្នភាពព៌តមានបន្ថែមទៀត ពេលអាគារនេះចាប់ផ្តើមសាងសង់៕

ប្រភព : www.propertyarea.asia