Register Already have an account ? Login

កម្ពុជា​ចាប់ផ្តើម​មាន​រោងចក្រ​ស​ម្ងួ​ត​ផ្លែស្វាយ​តម្លៃ​ជាង ២លាន​ដុល្លារ​អាមេរិក


Sat, 17 Nov 2018

ភ្នំពេញ៖ ប្រទេស​កម្ពុជា​ចាប់ផ្តើម​មាន​រោងចក្រ​កែច្នៃ និង​ស​ម្ងួ​ត​ផ្លែស្វាយ ដែលមាន​សមត្ថភាព​ស​ម្ងួ​ត​ផ្លែ​ស្វាយបាន៣០០តោន​ក្នុង​មួយខែ ដើម្បី​នាំចេញ​ជា​លើកដំបូង​ហើយ រោងចក្រ​នេះ​មាន​ទីតាំង​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ។

រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក​វេ​ង សាខុន បាន​ចុះ​ពិនិត្យមើល​ក្រុមហ៊ុន​កែឆ្នៃ​ផលិតផល​ផ្លែស្វាយ LBN Agriculture ដែលមាន​លទ្ធភាព កែច្នៃ​ផ្លែស្វាយ កាលពី​ថ្ងៃទី១៥ វិច្ឆិកា​កន្លងមក បាន​មានប្រសាសន៍ថា វត្តមាន​របស់​ក្រុមហ៊ុន​បាន​ចូលរួមចំណែក​រក​ទីផ្សារ ស្វាយ​ជូន​ប្រជាកសិករ តាមរយៈ​ការវិនិយោគ​កែច្នៃ​ផលិតផល​ស្វាយ​ដើម្បី​នាំចេញ។ សកម្មភាព​នេះ ពិតជា​បានរួម​ចំណែក​ដោះស្រាយ​បញ្ហា​ទីផ្សារ​ស្វាយ បង្កើន​ប្រាក់ចំណូល បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ផ្ទាល់ កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក និង​ភាពក្រីក្រ។

ក្រុមហ៊ុន​នេះ​បាន​ចាប់ដំណើរការ កាលពី​ខែឧសភា ឆ្នាំ២០១៨ ដោយ​វិនិយោគ​ទឹកប្រាក់​ប្រមាណ២លាន​ដុល្លារ ដោយ​ផលិតផល​សម្រេច​ភាគច្រើន ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​ចិន​ក្នុងតម្លៃ៥,៣ ដុល្លារ​ក្នុង​មួយ​គីឡូក្រាម។

ក្រុមហ៊ុន LBN Agriculture មាន​សមត្ថភាព​កែច្នៃ​ផ្លែស្វាយ​ជា​ផលិតផល​ស្វាយ ហើយ​ជា​មធ្យម​ក្នុង១ថ្ងៃ​ក្រុមហ៊ុន ប្រមូល​ទិញ​ផ្លែស្វាយ​កែវ​រមៀត ពី​កសិករ​ស្ថិតក្នុង​ខេត្តកំពង់ចាម និង​ត្បូងឃ្មុំ​ប្រមាណ​ពី៦០-១០០តោន ក្នុង១ថ្ងៃ ដោយ​មួយ​គីឡូក្រាម​ក្នុងតម្លៃ១២០០-១៦០០រៀល។

យោងតាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម ខេត្ត​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹងថា ក្នុង១ហិកតា​ស្វាយកែវ​រមៀត​អាច​ផ្តល់​ទិន្នផល​ជា​មធ្យម១០តោន ទៅ២០តោន និង​លក់បាន​តម្លៃ១០ទៅ២០លាន​រៀល ក្នុងការ​ប្រមូល​ផល​ម្តង ហើយ​ក្នុង១ឆ្នាំ​អាច​ប្រមូល​ផល​បាន២ ដង ដូច្នេះ១ឆ្នាំ អាច​ទទួលបាន​ចំណូល​យ៉ាងតិច២០លាន​រៀល។ ស្ថានភាព​នៃ​កម្រិត​ចំណូល​នេះ​អាច​សន្និដ្ឋានបានថា ផលិតផល​កសិកម្ម អាចឆ្លើយតប​ទៅនឹង​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល ដែល​ចង់​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នា​ឆ្នាំ២០៣០ ៕

ប្រភព : www.propertyarea.asia