Register Already have an account ? Login

អាគារ​កប់​ពពក THAI BUNRONG ផ្លាស់ប្តូរ​ដៃគូ​វិនិយោគ​ខណៈ​ការបុកគ្រឹះ​ទប់​ដី​បានបញ្ចប់


Thu, 08 Nov 2018

ភ្នំពេញ៖ អាគារ​ភ្លោះ​ដែលជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម កប់​ពពក​លំដាប់​ពិភពលោក Thai Bunrong Twin Tower បាន​ផ្លាស់ប្តូរ​ដៃគូ​វិនិយោគ​របស់ខ្លួន​ហើយ ខណៈ​ការបុក​គ្រឹះ​សាងសង់​ជញ្ជាំង​ទប់​ដី​បានបញ្ចប់​មុន​ផែនការ។

យោងតាម​ប្រភព​ព៌​ត​មាន​គួរ​ឲ្យ​ទុកចិត្តបាន ដែល​គេហទំព័រ Propertyarea.asia ទទួលបាន​នា​រសៀល​ថ្ងៃទី៧ វិច្ឆិកា​នេះ​បាន​ឲ្យ​ដឹងថា CMT Cosmo Pte, Ltd Group ជាថ្មី​របស់​ក្រុមហ៊ុន​ដៃគូ​ក្រុមហ៊ុន​ថៃ ប៊ុន​រ៉ុង ខណៈ​ដំបូង​ឡើយ​ក្រុមហ៊ុន​នេះ​បាន​ចាប់ដៃគ្នា​ជាមួយ​ក្រុមហ៊ុន Sun Kian Ip Group របស់​ប្រទេស​ចិន ដើម្បី​សាងសង់​អគារ​កំពស់៥៦១ម៉ែត្រ​នេះ។

លោក​សាស្ត្រាចារ្យ​ទួ​ស សា​ភឿន​ស្ថាបត្យករ​ចូលរួម​គូ​ប្លង់​គំរោង​នេះ និង​ជា​មន្ត្រីជាន់ខ្ពស់​នៃ​ក្រុមហ៊ុន Thai Bunrong Group ដែលជា​អ្នក​អភិវឌ្ឍន៍​គំរោង​នេះ​មិនបាន​ឆ្លើយតប​សំណួរ​សុំ​ការពន្យល់​បានទេ។

ទាក់ទង​នឹង​ការសាងសង់​អាគារ​នេះ លោក​ទួ​ស សា​ភឿន​បាន​ឲ្យ​ដឹងថា ក្រុម​ស្ថាបត្យករ និង​វិស្វករ​លំដាប់​ពិភពលោក ដែល​ធ្លាប់មាន​បទពិសោធន៍​សា​ង​សង់​អាគារខ្ពស់ៗមកពី​បួន​ប្រទេស កំពុង​សិក្សា​ពី​ការសាងសង់​អាគារ​នេះ។លោក​បន្តថា ក្រុម​ស្ថាបត្យករ និង​វិស្វករ​ចូលរួម​គូរ​ប្លង់​អាគារ​ភ្លោះ​កប់​ពពក​នេះ​មាន​មកពី​ប្រទេស​បារាំង សហរដ្ឋអាមេរិក ប្រទេស​ចិន និង​ក្រុម​ស្ថាបត្យករ និង​វិស្វករ​ពោរពេញ​ដោយ​ជំនាញ​និង​បទពិសោធន៍​កម្ពុជា​ជាច្រើនរូប​ផងដែរ។

លោក​ធ្លាប់បាន​មានប្រសាសន៍​ឲ្យ​ដឹងថា រហូតមកទល់​ពេលនេះ ក្រុម​អ្នកជំនាញ​និង​ក្រុមហ៊ុន បានសម្រេច​បន្ថែម​កំពស់​អាគារ​នេះ ដល់​កំពស់៥៦១ម៉ែត្រ និង​បង្កើន​ទុនវិនិយោគ​ផ្នែក​សំណង់​រហូតដល់​ជាង៣០០០លាន​ដុល្លារ​អាមេរិក និង​ជាង៣០០០លាន​ដុល្លារ​ទៀត នឹងត្រូវ​ប្រើប្រាស់​ធ្វើ​ឲ្យ​អាគារ​នេះ​ដំណើរការ​ដោយ​រស​រវើក។

លោក​បន្តថា “ការសាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​នេះ មិនមាន​ការប្រែប្រួល​ទេ។ វា​នឹង​ជា​មោទនភាព និង​ជា​កិត្យានុភាព​សម្រាប់​កម្ពុជា​នៅលើ​ពិភពលោក។លោក​បន្តថា “មិនមាន​ប្រទេស​ទាំងអស់​អាចមាន​សម​ត្ថ​ភាព​សាងសង់​ទេ ជួនកាល​ពួកគេ​មាន​លុយ តែ​មិន​ប្រាកដថា​អាច​សាងសង់​បាន​នោះឡើយ។

លោក​បន្តថា “យើង​កំពុង​ប្រឹងប្រែង​ធ្វើ​ឲ្យ​អាគារ​នេះ មាន​ភាព​ភាព​អស្ចារ្យ មិនមែន​រាប់បញ្ចូល​អង់​តែ​ន​នោះទេ គឺ​កំពស់​ជាង៥០០ម៉ែត្រ​នេះ ជា​អាគារ​ដែល​អាច​ប្រើប្រាស់​បាន​ដល់​ចំណុចកំពូល។

ទោះជា​យ៉ាងណា​លោក​មិន​បញ្ជាក់​ឲ្យ​ដឹង ពី​ពេលវេលា​ជាក់លាក់​នៃ​ការចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​ទេ ដោយបាន​ថ្លែងថា ក្រុមហ៊ុន​កំពុង​ជ្រើសរើស​រក​ពេលវេលា​សមស្រប​មួយ។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodiaអ្នកនាង​អាន សុធី​តា​បាន​ថ្លែងថា ការសាងសង់​អាគារ​ដ៏​ធំ​នេះ ជា​រឿង​ល្អ​មួយ ប៉ុន្តែ​បើ​គិតពី​ទំហំ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ ទំហំ​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្មនេះ វា​ហាក់​ធំ​ពេក ប៉ុន្តែ​បើ​គិតពី​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច និង​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​សម្រាប់​រយៈពេល៥ទៅ១០ឆ្នាំ​ខាងមុខ ទំហំ​អាគារ​នេះ​មិនធំ​នោះទេ។

អ្នកនាង​បន្តថា “វា​ជា​មោទនភាព​សម្រាប់​កម្ពុជា បើសិនជា​អាគារ​នេះ​សាងសង់​បាន​ដោយ​ជោគជ័យ”៕

ប្រភព : www.propertyarea.asia