Register Already an agent ? Login

ដំណឹង​ល្អ៖ ក្រុមហ៊ុន​យក្ស​ចិន​គ្រោង​វិនិយោគ​ទីក្រុង​ទំនើប​មួយ​ក្នុង​ទឹកដី​ខេត្តកំពត

ភ្នំពេញ៖ ក្រុមហ៊ុន​ចិន​ធំ​មួយ​គ្រោង​វិនិយោគ​តំបន់​សេដ្ឋកិច្ច​ពិសេស និង​ប្រែក្លាយ​ខេត្តកំពត​ឲ្យ​ក្លាយជា​ទីក្រុង​ទំនើប​មួយ ដូចជា​ខេត្ត​ស៊ិន​ចូ​វប្រ​ទេស​ចិន បន្ទាប់ពី​បាន​សិក្សា​និង​សម្លឹង​ឃើញ​សក្តានុពល​របស់​ខេត្ត។

មានប្រសាសន៍ប្រាប់​ក្រុម​អ្នក​សារ​ព៌​ត​មាន បន្ទាប់ពី​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ជាវ តា​យ អភិបាល​ខេត្តកំពត​កាលពី​រសៀល​ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៨ លោក​ហុង ងៀ​ន ប្រធាន​ប្រតិភូ​ចិន និង​ជា​ស្ថាប​នឹក​ក្រុមហ៊ុន​សៀង​ហៃ ហុង​ងៀ​ន​ក៏បាន​ប្រាប់​ឲ្យ​ដឹង​អំពី​គោលបំណង នៃ​ទស្សនៈកិច្ច​របស់ខ្លួន​ថា ក្រោយ​បាន​ជួបពិភាក្សា​រួច ក្រុមហ៊ុន​មានបំណង​មក​ដាក់ទុន​រកស៊ី​នៅ​ខេត្តកំពត និង​មាន​មហិច្ឆតា​ចង់​ប្រែក្លាយ​ខេត្តកំពត ជា​តំបន់​សេដ្ឋកិច្ច​ពិសេស ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាននៅ​កម្ពុជា និង​ជួយ​ជំរុញ​ផ្នែក​សេដ្ឋកិច្ច ពោល គឺ​ចង់អោយមាន​ការអភិវឌ្ឍ​ជឿនលឿន ដូច​នៅក្នុង​ខេត្ត​ស៊ិន ចូ​វប្រ​ទេស​ចិន ឬក៏​ដូច​នៅ​សិង្ហ​បុរី ព្រោះ​តាម​ការ​សំឡឹងមើល​នៅ​កម្ពុជា ពុំទាន់​មាន​គម្រោង​ដូចនេះ​នៅឡើយ​ទេ។

លោក​ហុង ងៀ​ន បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​របស់លោក​គ្រោង​វិនិយោគ​វិស័យ​គមនាគមន៍ ដូចជា​ការធ្វើ​កំពង់ផែ ព្រលានយន្តហោះ ផ្លូវ​រថភ្លើង​ល្បឿន​លឿន កំពត​ភ្នំពេញ-កំពត​ខេត្ត​ព្រះសីហនុ និង​គម្រោង​ជាច្រើន​ទៀត។ ប្រធាន​ប្រតិភូ​ក្រុមហ៊ុន​វិនិយោគ​ចិន ក៏​ស្នើអោយ​អាជ្ញាធរខេត្ត ឬ​ជំនាញ​ពាក់ព័ន្ធ មានការ​សហការ​គាំទ្រ ព្រមទាំង​ថែម​ការធានា​ទាំង​សន្តិសុខ និង​ផ្លូវច្បាប់​គ្រប់គ្រាន់​ផងដែរ។

លោក​ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន​មានប្រសាសន៍​ឲ្យ​ដឹងថា កម្ពុជា​បច្ចុប្បន្ន​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ប្រទេសជាតិ​មាន​សុខសន្តិភាព និង​ការធានា​ស្ថេរភាព​នយោបាយ ព្រមទាំង​ការធានា​ផ្លូវច្បាប់​គ្រប់គ្រាន់​ពេញលេញ សម្រាប់​អ្នកវិនិយោគ​នានា​ទាំង​ក្នុង និង​ក្រៅ​ស្រុក​មក​ដាក់ទុន​រកស៊ី​នៅ​កម្ពុជា។ ឯកឧត្តម​បានបញ្ជាក់​ទៀតថា ម្រោ​ងធំៗដូចនេះ ក្រោយ​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​ហើយ គម្រោង​នេះ​នឹងត្រូវ​ដាក់​ឆ្លងទៅ​ក្រុមប្រឹក្សា​អភិវឌ្ឍ​ជាតិ (CDC) ឬក៏​រាជរដ្ឋាភិបាល​និង រដ្ឋសភា​ជា​អ្នកសម្រេច។

ទោះជា​យ៉ាងណា​គម្រោង​ដ៏​ធំ​មួយ​នេះ នៅ​មិនទាន់បាន​ពិភាក្សា​លំអិត​នៅឡើយ​ថា តើ​នឹង​ជ្រើស​យក​តំបន់​ណា​នៃ​ខេត្តកំពត ដើម្បី​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​បែប​ទំនើប ដែល​រួមមាន​ក្រុង អគារ​ទំនើប រោងចក្រ កំពង់ផែ ព្រលានយន្តហោះ និង​កន្លែង​ទេសចរ​ហើយ​ក្រុមហ៊ុន​ក៏​មិនទាន់​ប្រកាស​ឲ្យ​ដឹង​អំពី​ទំហំ នៃ​ការវិនិយោគ​ដែល​គ្រោង​ចំណាយ​ប៉ុន្មាន​នៅឡើយ​ដែរ៕

ប្រភព : Propery area