Register Already an agent ? Login

ដំណឹងល្អៈស្រុកកៀនស្វាយនិងលើកដែកនឹងមានការរីកចម្រើនខ្លាំងនា៥ឆ្នាំខាងមុខ

ភ្នំពេញ : កត្តាសំខាន់ៗជាច្រើនបាននិងកំពុងធ្វើឲ្យតំបន់ក្នុងស្រុកកៀនស្វាយ និងស្រុកលើកដែក ក្នុងទឹកដីខេត្តកណ្តាល មានភាពរីកចម្រើនខ្លាំងក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ។

លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុនCentury21 Mekong បានមានប្រសាសន៍ឲ្យProopertyarea.asiaនឹងនារសៀលថ្ងៃទី២៦ តុលានេះថា សម្រាប់ដីនៅក្នុងតំបន់ស្រុកកៀនស្វាយ គឺកំពុងតែមានភាពទាក់ទាញខ្លាំង ដែលអាចផ្តល់ឱកាសយ៉ាងល្អប្រសើរទៅដល់បណ្តាអ្នកវិនិយោគនានា ទាំងការទិញ-លក់ ក៏ដូចជាអ្នកអភិវឌ្ឍលើគម្រោងសំណង់លំនៅដ្ឋាន។ ដ្បិតដីនៅតំបន់នេះ មានវិសាលភាពធំទូលាយ តម្លៃនៅមានកម្រិត ជាពិសេសមានអំណោយផលពីធម្មជាតិ ដូចជា មានដងទន្លេនៅអមជាមួយដែលផ្តល់បរិយាកាសរស់នៅយ៉ាងគាប់ប្រសើរ មានស្ពានដែលនឹងតភ្ជាប់ពីតំបន់ក្តីតាកុយទៅអរិយក្សត្រ ។

លោកបន្តថា “តំបន់ជាប់ផ្លូវជាតិលេខ១ក្នុងស្រុកកៀនស្វាយ និងស្រុកលើកដែកមានសក្តានុពលជាច្រើន ដោយសារតំបន់នេះមានតំបន់សេដ្ឋកិច្ចពិសេស គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាផ្លូវសេដ្ឋកិច្ចដ៏ធំ កំពង់ផែលំដាប់អន្តរជាតិ ការបញ្ចប់ផ្លូវជាតិលេខ១ ដែលជាផ្លូវតភ្ជាប់ច្រករបៀងភាគខាងត្បូងជាដើម”។

ទាក់ទងតម្លៃដីធ្លីវិញ លោកសុខនីមបានឲ្យដឹងថា ចំពោះតម្លៃដីវិញ បច្ចុប្បន្ននេះវាអាស្រ័យទៅតាមទីតំបន់ និងទំហំធំ ឬតូច។ ចំពោះដីដែលមានទំហំតូច និងស្ថិតនៅទីប្រជុំជន ឬតំបន់លំនៅដ្ឋានក្បែរផ្លូវជាតិ១ គឺអាចមានតម្លៃចាប់៣00ដុល្លារឡើងទៅក្នុងមួយម៉ែត្រការ៉េ ដោយឡែកចំពោះដីដែលមានទំហំធំចាប់ពី5ហិកតាឡើងទៅ អាចមានតម្លៃប្រមាណ៧០ទៅ១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ។

លើសពីនេះទៅទៀត អ្វីដែលជាការគួរឱ្យកត់សម្គាល់នោះ បច្ចុប្បន្ននេះ មានអ្នកវិនិយោគជាច្រើន បាននិងកំពុងតែបញ្ចេញសកម្មភាពយ៉ាងសកម្ម ទៅលើគម្រោងពុះដីឡូតិ៍ព្រោងព្រាត ក៏ដូចជាគម្រោងអភិវឌ្ឍសំណង់លំនៅដ្ឋានតម្លៃមធ្យម និងក្រោមធម្យម ដែលរឹតតែធ្វើឱ្យដីតំបន់កៀនស្វាយកាន់តែមានប្រជាប្រិយភាពខ្ពស់។

លើកឡើងស្រដៀងគ្នានេះ លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisalបានមានប្រសាសន៍ឲ្យដឹងផងដែរថា បច្ចុប្បន្ន និងទៅអនាគត ស្រុកកៀនស្វាយ មានសក្ដានុពលខ្លាំងមិនចាញ់ តំបន់ជុំវិញរាជធានីភ្នំពេញនោះឡើយ ដែលនេះជាចំណុចល្អប្រសើរ សម្រាប់អ្នកវិនិយោគស្វែងរកភាគចំណេញ ក៏ដូចជាសម្រាប់អ្នកសង់លំនៅដ្ឋានផងដែរ។

លោកឧកញ៉ាបន្តថា “សព្វថ្ងៃនេះដោយសារតែផ្ទៃដី នៅក្នុងក្រុងមានភាពចង្អៀត និងមានតម្លៃថ្លៃផងនោះ បានជំរុញឱ្យបណ្តាអ្នកវិនិយោគនានា ងាកទៅកាន់តំបន់ជាយក្រុង”។លោកបន្តថស តំបន់កៀនស្វាយ បាននិងកំពុងស្ថិតក្នុងក្រសែភ្នែករបស់អ្នកជំនួញទាំងអស់នោះដែរ”។

ដោយឡែកហេតុផលដែលបណ្តាលឱ្យដី នៅស្រុកកៀនស្វាយ និងលើកដែកនឹងមានការអភិវឌ្ឍលឿននាពេលអនាគត លោកឧកញ៉ានួន រិទ្ឋីបានមានប្រសាសន៍ថា ក៏ព្រោះតែទីនេះ នៅមានវិសាលភាពផ្ទៃដីនៅទូលាយ តម្លៃនៅមានកម្រិត ជាពិសេសជាតំបន់ ដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍផ្លូវក្រវ៉ាត់ក្រុងខ្សែទី3 មានទំហំផ្លូវថ្នល់ដល់ទៅ60ម៉ែត្រ ដែលជាផ្លូវតភ្ជាប់សេដ្ឋកិច្ចយ៉ាងសំខាន់តភ្ជាប់ជាមួយប្រទេសវៀតណាម និងមានគំរោងអភិវឌ្ឍន៍ច្រើនបាននិងកំពុងកើតមាន និងកំពុងត្រៀមបង្ហាញខ្លួននៅតំបន់នេះ៕

ប្រភព : Property area