Register Already an agent ? Login

រាជធានី​ភ្នំពេញ មាន​សំណង់​អគារខ្ពស់ៗកើន​ដល់​ជាង ១ពាន់​អគារ

ភ្នំពេញ ៖ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​អះអាងថា ក្នុង​រយៈពេល៩ខែ​នៃ​ឆ្នាំ២០១៨នេះ អគារខ្ពស់ៗចាប់ពី៥ជាន់ឡើង​ទៅបាន​កើនឡើង៩២អគារ ដែល​ធ្វើ​ឲ្យ​ចំនួន​អគារខ្ពស់ៗនៅ​រាជធានី​ភ្នំពេញ​កើន​ដល់​ជាង១ពាន់​អគារ គិត​ចាប់ពី​ឆ្នាំ២០០៥មក ។

បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ព័ត៌មាន​រដ្ឋ AKP លោក ឡៅ​ទិព្វ សីហា រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល៩ខែ​ឆ្នាំ២០១៨នេះ សំណង់​អគារខ្ពស់ៗចាប់ពី៥ជាន់​ឡើងទៅ​នៅ​ក្រុងភ្នំពេញ បាន​កើនឡើង​ប្រមាណ៩២អគារ ហើយ​បើ​គិត​ចាប់ពី​ឆ្នាំ២០០៥រហូតមកដល់​បច្ចុប្បន្ន​នេះ គឺមាន​សំណង់​រហូតដល់​ចំនួន១.០៨៨អគារ ដែល​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា វិស័យ​សំណង់​នៅតែមាន​សុខភាព​ល្អ​រឹងមាំ បើទោះបី​ទំហំ​ទឹកប្រាក់​វិនិយោគ​លើ​វិស័យនេះ​ក្នុង​រយៈពេល៩ខែ​ដើមឆ្នាំ​ធ្លាក់ចុះ​បន្ដិច​ក្ដី ។

លោក​បន្តថា ស្ថានភាព​ទីផ្សារ​វិស័យ​សំណង់ គឺមាន​ភាពល្អប្រសើរ​ពិសេស​ទីផ្សារ​ដីធ្លី​និង​អគារខ្ពស់។ វិស័យនេះ បាន​ចូលរួមចំណែក​យ៉ាងសំខាន់​នៅក្នុង​ការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ ពិសេស​ជួយ​លើកកម្ពស់​កម្រិតជីវភាព​របស់​ពលរដ្ឋ​កម្ពុជា ។

លោក​បញ្ជាក់ទៀតថា វិស័យនេះ បាននិងកំពុង​ផ្តល់​ការងារ និង​បទពិសោធន៍ ព្រមទាំង​ចូលរួម​បណ្តុះបណ្តាល​ការងារ​បច្ចេកទេស​ដល់​អ្នកជំនាញ​នៅ​កម្ពុជា​បាន​មួយកម្រិត​ធំ។ សំណង់​អគារខ្ពស់ៗនៅក្នុង​ភ្នំពេញ​សព្វថ្ងៃ​បាន​ចូលរួមចំណែក​បង្ហាញ​ពី​សក្តានុពល​របស់​កម្ពុ​ជា​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​សកម្មភាព​ទិញ​លក់​នៅក្នុង​វិស័យ​អ​លន​ទ្រព្យ ជាពិសេស​ក្នុង​រយៈពេល​ចុងក្រោយ​នេះ កម្ពុ​ជាមាន​អគារខ្ពស់ៗកើនឡើង​ច្រើន ដែល​បង្ហាញឱ្យឃើញ​ពី​ជំនឿ​ទុកចិត្ត​ចំពោះ​រាជរដ្ឋាភិបាល​ក្រមការ​ដឹកនាំ​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ។

យោងតាម​របាយការណ៍​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បង្ហាញថា គិត​ត្រឹម​រយៈពេល៩ខែ​ឆ្នាំ២០១៨នេះ ក្រសួង​បានផ្តល់​លិខិតអនុញ្ញាត​សាងសង់​សរុប២.៥៤១គម្រោង លើ​ផ្ទៃក្រឡា​សំណង់​សរុប១០,៧៩លាន​ម៉ែត្រការ៉េ និង​មានតម្លៃ​ប៉ាន់ស្មាន​ជាង៤.៨២០លាន​ដុល្លារ ធ្លាក់ចុះ​ជាង១៤% បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៧ ការផ្ដល់​លិខិតអនុញ្ញាត​គម្រោង​សាងសង់​មាន​ចំនួន២.៥២២គម្រោង លើ​ផ្ទៃក្រឡា​សំណង់​សរុប៩,១៤លាន​ម៉ែត្រការ៉េ និង​មាន​ទុនវិនិយោគ​ជាង៥.៦៣៦លាន​ដុល្លារ ៕

ប្រភព : Property area