Register Already an agent ? Login

តោះ ! ទៅស្វែងយល់ពីរមណីយដ្ឋានសង់ពីដើមឬស្សីលើភ្នំហាន់ជ័យ ទឹកដីខេត្តកំពង់ចាម មានអ្វីទាក់ទាញ?

ភ្នំពេញ ៖ កាច្នៃប្រឌិតប្រកបដោយភាពស្រមើស្រម៉ៃមួយ បានលេចចេញជារូបរាង​ដែល​បង្កើតបានជារមណីយដ្ឋានកែច្នៃពីដើមឬស្សីស្ទើរទាំងស្រុង នៅលើភ្នំហាន់ជ័យ​ខេត្តកំពង់ចាម ដែលបោះទុនវិនិយោគទឹកប្រាក់ជាង៥០ម៉ឺនដុល្លារអាមេរិក ចាប់ផ្តើម​បើកអោយដំណើរការទទួលភ្ញៀវទេសចរ ពីថ្ងៃទី១៥ តុលានេះតទៅ។

លោក ឆន គឹមពិចេដ្ឋ អ្នកគ្រប់គ្រងទូទៅ នៃរមណីយដ្ឋាន ដែលមានសញ្ញាផ្កាឈូក​បានប្រាប់សារព៌តមានក្នុងស្រុកមួយឲ្យដឹងថា រមណីយដ្ឋាននៅលើភ្នំហាន់ជ័យ ដែល​មាន​ឈ្មោះជាភាសាអង់គ្លេស HANCHEY BAMBOO-RESORT បានបើកសម្ពោធជា​ផ្លូវការនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨នេះ ហើយនឹងបើកអោយភ្ញៀវចូលទស្សនា​និង​ស្នាក់នៅចាប់ពីថ្ងៃទី១៥ ខែតុលាតទៅ។

លោកបន្តថា រមណីយដ្ឋាននេះមានផ្តល់ សេវាកម្មទេសចរណ៍ បដិសណ្ឋារកិច្ច ភោជនីយដ្ឋាន សណ្ឋាគារ ជូនភ្ញៀវដែលមកកម្សាន្ត លំហែកាយ វិបស្សនា សមាធិ ដើម្បីព្យាបាលផ្លូវចិត្ត ដែលមានគ្រូពេទ្យផ្នែកជំនាញខាងចិត្តសាស្រ្តមកព្យាបាល។ លោកបានបន្តថា រមណីដ្ឋាននេះបានបង្រៀនប្រជាពលរដ្ឋ ក្នុងសហគមន៍ជុំវិញ​តំបន់​ភ្នំហាន់ជ័យ អោយក្លាយជាបុគ្គលិកបម្រើការ ក្នុងរមណីយដ្ឋាននេះតែម្តង ដើម្បីកាត់​បន្ថយភាពគ្មានការងារធ្វើ និងជួយបង្កើនប្រាប់ចំណូល ដល់ប្រជាពលរដ្ឋដែល​រស់​នៅ​ជុំវិញតំបន់នេះ។

លោកស្រី ឌីរ៉ូ អាយុ២៨ ឆ្នាំ ដែលបាននាំបងប្អូន និងមិត្តភក្តីចំនួនពីររថយន្ត ចូលទស្សនា​រមណីយដ្ឋាន HANCHEY BAMBOO-RESORT បានអោយដឹងថា រមណីយ ដ្ឋាននេះពិតជាមានលក្ខណៈស្រស់ស្អាត មានខ្យល់ឱកាសល្អបរិសុទ្ធ ហើយធ្វើអោយមានអារម្មណ៍សប្បាយរីករាយ ភ្លេចអស់នូវទុក្ខកង្វល់ ពេលដែលបាន​ទៅដល់តំបន់នេះ។

ចំណែកលោកថន វណ្តុង នាយកប្រតិបត្តិរបស់អង្គការសកម្មភាពព្រះពុទ្ធសា​ស​នា ដើម្បីអភិវឌ្ឍន៍សង្គមបានអោយដឹងដែរថា រមណីយដ្ឋានឬស្សី មានខ្យល់អាកាស​បរិសុទ្ធ ភ្ញៀវអាចគយគន់ទេសភាព របស់ដងទន្លេមេគង្គ ពិសេសមានការ​សាងសង់​អគារ​ពីដើមឬស្សី ប្រកបដោយការច្នៃប្រឌិតខ្ពស់ ដែលបានរចនាចេញពីផ្កាឈូក។

HANCHEY BAMBOO-RESORT សាងសង់លើដីទំហំ៥ហិកតា ស្ថិតនៅជាប់រមណីយដ្ឋាន​ប្រវត្តិសាស្រ្ត ភ្នំហាន់ជ័យ ក្នុងទឹកដីភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ និងមានចម្ងាយ២៤គីឡូម៉ែត្រពីក្រុងកំពង់ចាម។ រមណីយដ្ឋាននេះ សង់ពីដើមឬស្សី ដែលមានអាគារសរុបចំនួន១៥ គឺសង់ពីដើម​ឬស្សីស្រុក ឬស្សីស្រុកចិន និងឬស្សីពីងពង់ ក្នុងនោះមានជាអគារបឹងគីឡូ អគារ​ទទួលភ្ញៀវ ភោជនីយដ្ឋាន អគារសមាធិ អគារអន្តេវាសិក អគារបុគ្គលិក អគារធ្វើ​សរសៃ និងអាងហែលទឹកជាដើម។

រមណីយដ្ឋាន HANCHEY BAMBOO-RESORT បានបើកឲ្យដំណើរការសាកល្បង​រយ:ពេលជិតមួយខែហើយ គឺមានភ្ញៀវមកចូលទស្សនា នៅតំបន់រម្មណីយដ្ឋាន​នេះជាហូហែរ ចាប់ពី១០០នាក់ ទៅ៣០០នាក់ក្នុងមួយថ្ងៃៗ៕

ប្រភព : Property area