Register Already an agent ? Login

អ្នកជំនាញ​ព្រមាន៖ ការ​ពុះ​ដី​ឡូ​តិ៍ មាន​ភាពល្អប្រសើរ​នាពេល​បច្ចុប្បន្ន ប៉ុន្តែ​វា​នឹង​ក្លាយជា​របាំង​នៃ​ការអភិវឌ្ឍន៍​នាពេល​អនាគត

ភ្នំពេញ៖ នៅពេល​បច្ចុប្បន្ននេះ សម្រាប់​ការ​ពុះ​ដី​ឡូ​តិ៍លក់ ត្រូវបាន​ក្លាយជា​ផ្នែក​ដ៏​ពេញនិយម​បំផុត​សម្រាប់​អ្នកវិនិយោគ ដែលមាន​ឱកាស​ទទួល​បាន​ប្រយោជន៍ និង​ផលចំណេញ​ខ្ពស់​គួរឱ្យកត់សម្គាល់។

ប៉ុន្តែ​ជាមួយនឹង​ភាព​ពុះកញ្ជ្រោល​នៃ​វិស័យ​ដីធ្លី​មួយ​នេះ វា​នឹង​អាច​ជះ​ជា​ឥទ្ធិពល​អវិជ្ជមាន​ទៅដល់​ប្រជាពលរដ្ឋ ដែលជា​អ្នកទិញ ហើយ​អាច​បង្ក​ជា​របាំង​រាំងស្ទះ​ដល់​ការអភិវឌ្ឍន៍​នៅ​ថ្ងៃ​អនាគត ប្រសិនបើ​ការ​ពុះ​ដី​ឡូ​តិ៍​របស់​អ្នកវិនិយោគ មិន​ត្រូវបាន​ធ្វើឡើង​ស្របតាម​បទដ្ឋាន និង​ច្បាប់​ភូមិបាល​ដែល​ដាក់ចេញ​ដោយ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់។

លោក​ឧកញ៉ា នួន រឹទ្ធី អគ្គនាយក​ក្រុមហ៊ុន អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Khmer Foundation Appraisals បានលើកឡើង​ឲ្យ​ដឹង​កាលពីដើម​សប្តាហ៍​នេះ​ថា ជាទូទៅ​នៅពេលដែល​គេ​បង្កើតជា​តំបន់​លំនៅដ្ឋាន ឬ​ជា​សហគមន៍ ដំបូង​ឡើយ​អ្នក​អភិវឌ្ឍ​ត្រូវ​គិតពី​ចំនួន​លំនៅដ្ឋាន​សរុប ជាមួយនឹង​ទំហំ​ដី​ដែល​ត្រូវ​អភិវឌ្ឍ ហើយ​ក្រៅពី​មានការ​កសាង​ជា​ផ្លូវ​ទំហំ​ធំ មាន​បណ្តាញ​លូ​ត្រឹមត្រូវ បណ្តាញ​ទឹកស្អាត បណ្តាញ​អគ្គិសនី គឺ​ត្រូវមាន​ទុក​ចំណីផ្លូវ ទី​លំហរ ឬ​សួន​បៃតង​សាធារណៈ​ដែល​អាច​ផ្តល់​ផាសុកភាព​ដល់​អ្នករស់នៅ​ក្នុង​តំបន់ ជាពិសេស​ការរៀបចំ​ហេ​ដ្ឋា​រចនា​ជា​ប្រព័ន្ធ​ដែលមាន​ការទទួលស្គាល់​ពី​ច្បាប់ និង​ក្រសួង​ពាក់ព័ន្ធ។

លោក​ឧកញ៉ា នួន រឹទ្ធី

លោក​បន្តថា “ការអភិវឌ្ឍ ដោយ​ចាប់​ផ្តើមចេញពី​ការ​ពុះ​ដី​ឡូ​តិ៍​ឡើង​ទៅនោះ វា​អាច​នឹង​ក្លាយជា​បញ្ហា​នៅ​ថ្ងៃ​អនាគត ព្រោះ​អ្នកខ្លះ​ដើម្បី​តែ​ចង់ល​ក់ដី​ឡូ​តិ៍​ឱ្យបាន​ដាច់​ច្រើន​បាន​ប្រើប្រាស់​មធ្យោបាយផ្សេងៗជាច្រើន ដូចជា​ចាក់​ផ្លូវ​បេតុង​ត្រឹម​ទំហំ6ម៉ែត្រ បង្កប់​បណ្តាញ​លូ​ត្រឹម​ទំហំ​មុខកាត់​កន្លះ​ម៉ែត្រ និង​គ្មាន​កន្លែង​បញ្ចេញ​ចោល ឬ​ត្រឹម​ជាការ​បោះបង្គោល​បណ្តាញ​អគ្គិសនី​ជាដើម។

អ្នកវិនិយោគ​ខ្លះទៀត បាន​ប្រើ​មធ្យោបាយ​ផ្សព្វផ្សាយ​បំប៉ោង ទៅលើ​គម្រោង​អភិ​វ ឌ្ឍ​ន៍​របស់ខ្លួន ទាំង​ដែល​មិនមាន​ប្លងគោល​ចេញពី​ថ្នាក់ជាតិ (បញ្ចោ​ត​អតិថិជន) ដើម្បី​ធ្វើយ៉ាងណា​ឱ្យតែ​លក់បាន​ឆាប់​ដាច់ ។ ចំណុច​ទាំងអស់នេះ វា​អាច​នឹង​ជា​បញ្ហា​ធំ​សម្រាប់​ប្រជាពលរដ្ឋ ដែលជា​អ្នកទិញ​ក្នុង​គោលបំណង សាងសង់​លំនៅដ្ឋាន​នៅ​ថ្ងៃ​អនាគត​យ៉ាង​ប្រាកដ។ ដោយឡែក​ពាក់ព័ន្ធ​ទៅនឹង​សោភ័ណភាព រឹតតែ​មិនមាន​ថែមទៀត ដោយហេតុថា ការសាងសង់​លំនៅដ្ឋាន​អាចធ្វើ​ឡើ​គ្មាន​បទដ្ឋាន​ត្រឹមត្រូវ ដែល​ធ្វើតាម​ការចង់បាន និង​ចំណូលចិត្ត​របស់​អ្នកស្នាក់នៅ ដែល​មើលទៅ​គ្មាន​សណ្តាប់ធ្នាប់​នោះឡើយ។

លោក​ឧកញ៉ា​បាន​បន្តា “ចំណុច​អវិជ្ជមាន​ទាំងអស់នេះ វា​នឹង​ក្លាយទៅជា​របាំង​រាំងស្ទះ​ដល់​គម្រោង​អភិវឌ្ឍ​ថ្នាក់ជាតិ​ជាក់​ជាមិនខាន។

យ៉ាងណាក៏ដោយ លោក​ឧកញ៉ា នួន រឹទ្ធី ក៏បាន​ក្រើនរំលឹក​ចំពោះ​អ្នក​ដែលមាន​បំណង​ចង់​ទិញ​ដី​ពុះ​ឡូ​តិ៍ ត្រួវ​មានការ​ប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់ ស្វែងរក​ព័ត៌មាន​ឱ្យបាន​ច្បាស់​ពី​គម្រោង​មុន​ឈានដល់​ការសម្រេចចិត្ត​ទិញ ចៀសវាង​មានការ​ស្តាយក្រោយ និង​រងគ្រោះ​ចាញ់បោក​គេ។

កាលពីពេល​កន្លងទៅនេះ ពាក់ព័ន្ធ​ទៅនឹង​ការទិញ​ដី​ពុះ​ឡូ​តិ៍ ក៏​ធ្លាប់មាន​ករណី​ប្តឹងផ្តល់​ពី​សំណាក់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ចាញ់បោក​ឈ្មួញ​ខិលខូច ដែល​យក​ដី​អ្នកដទៃ​មក​ផ្សព្វផ្សាយ​ពុះ​ដី​ឡូ​តិ៍លក់ ហើយ​ប្រមូល​យកលុយ​រត់​បាត់ស្រមោល​តែម្ដង។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក​បណ្ឌិត គីម ហ៊ាង បាន​អះអាង​ស្រដៀង​គ្នា​កាលពីពេលថ្មីៗនេះ​ថា ចរន្ត​ពុះ​ដីឡូត៍​លក់​ដែល​កក្រើក​នាពេល​បច្ចុប្បន្ន​នេះ​នឹង​រារាំង​សកម្មភាព​អភិវឌ្ឍន៍ ខណៈ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​ចេញ​សេចក្តីប្រកាស​ពី​ការអភិវឌ្ឍ​ដី គឺ​ជួយ​បាន​មួយចំណែក​តែ​មិនទាន់​គ្រប់គ្រាន់​នោះទេ វា​ប្រៀប​បីដូច​ជា​គោ​ដាច់​ហើយ ទើប​យក​គោ​មក​ចង​ក្នុង​របង​វិញ។

​លោក​បណ្ឌិត គីម ហ៊ាង

លោក​បន្តថា “ការ​ពុះ​ដីឡូត៍​នៅ​ជាយ​រាជធានី​ភ្នំពេញ នឹង​រារាំង​ការអភិវឌ្ឍ ព្រោះ​ដី​មួយ​ហិកតា​មាន​ម្ចាស់១០០នាក់ ឬ​ច្រើនជាង​នេះ ដែល​នាំ​ឲ្យ​អ្នកវិនិយោគ​មានការ​លំបាក​ក្នុងការ​រៀបចំ​ផែនការអភិវឌ្ឍន៍​រប​ស់​ពួកគេ។

លោក ឃាង ពុ​ទ្ឋី ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​បាន​អះអាង​ផងដែរ​ថា ដីឡូត៍​មួយផ្នែក​ជាការ​ជួយ ឲ្យ​អ្នកមាន​ជីវភាព​ក្រោម​មធ្យម​អាច​សន្សំ​លុយ​ទិញ​បាន និង​សន្សំ​លុយ​សាង​សង់ផ្ទះ​បាន​នាពេល​អនាគត ប៉ុន្តែ​លោក​បាន​ជំរុញ​ឲ្យ​អ្នក​អភិវឌ្ឍន៍​ដីឡូត៍ គួរ​គិតពី​ការពង្រីក​គំរោង​ឲ្យ​ធំ ឬ​លក់​ដីឡូត៍​ក្នុង​ទំហំ​ធំ មាន​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​សមស្រប និង​គួរ​គិតគូរ​ពី​បរិស្ថាន ដោយ​ធ្វើយ៉ាងណា​ឲ្យ​សហគមន៍​នោះ​មាន​ដាំ​ដើមឈើ មាន​ប្រ​ព័​ន្ឋ​ទឹក ភ្លើង​ច្បាស់លាស់ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា លំនៅដ្ឋាន​ដែល​សាងសង់​នាពេល​អនាគត​មិន​រកេតរកូត តែមាន​ភាពស្រស់ស្អាត និង​ផាសុខភាព​សម្រាប់​អ្នករស់នៅ៕

លោក ឃាង ពុ​ទ្ឋី

ប្រភព : Property area