Register Already an agent ? Login

ផ្លូវជាតិ​លេខ២បញ្ចប់​ការសិក្សា និង​គ្រោង​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំក្រោយ

ភ្នំពេញ៖ មន្ត្រី​ជំនាញ​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​បាន​អះអាងថា ការសិក្សា​ដើម្បី​ពង្រីក និង​ស្ថាបនា​ឡើងវិញ​នូវ​ផ្លូវជាតិ​លេខ២បានបញ្ចប់​ហើយ និង​គ្រោង​បើក​ការ ដ្ឋា​ន​សាងសង់​នៅ​ឆ្នាំ២០១៩ខាងមុខនេះ។

អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​លោក​វ៉ា​ស៊ីម សូរិយា​បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី១២ តុលា​នេះ​ថា ការសិក្សា​ពី​គំរោង​សាងសង់​ផ្លូវ​នេះ​បានបញ្ចប់​ហើយ។ បច្ចុប្បន្ន​ការដោះស្រាយ​ផលប៉ះពាល់​ពី​ការពង្រីក និង​ស្ថាបនា​ផ្លូវ​នេះ​ឡើងវិញ បាននិងកំពុង​ចាប់ផ្តើម​ហើយ។លោក​បន្តថា គំរោង​នេះ​ជា​កម្ចី​មានការ​ប្រាក់​ទាប​របស់​រដ្ឋាភិបាល​កូរ៉េ ហេតុនេះ​ការសាងសង់​ផ្លូវ​នេះ​នឹង​អាច​ចាប់ផ្តើម​នៅ​ឆ្នាំ២០១៩ខាងមុខនេះ។

ទោះជា​យ៉ាងណា​លោក​សូ​រិ​យ៉ា មិន​បញ្ជាក់​ឲ្យ​ដឹង​ពី​ទំហំ​ទឹកប្រាក់ ដែល​ត្រូវ​ចំណាយ​លើ​ការសាងសង់​ផ្លូវ​នេះ​ទេ។

លោក​ឈឹម ផល្លា​ប្រធាន​នាយកដ្ឋាន​ផ្លូវថ្នល់ នៃ​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹងផង​ដែរ​ថា បច្ចុប្បន្ន​ក្រសួង​កំពុងធ្វើការ​ជាមួយ​ភាគី​កូរ៉េ ដើម្បី​ឈានទៅ​ធ្វើការ​ដេញថ្លៃ​សាងសង់​ផ្លូវ​នេះ ដែល​តំបន់​ខ្លះ​ត្រូវ​ពង្រីក​ពីរ​គន្លង​ទៅមក និង​តំបន់​ខ្លះ​មាន​ទំហំ​សម្រាប់​រថយន្ត​បើកបរ​មួយ​គន្លង​ទៅមក​ប៉ុណ្ណោះ។លោក​បន្តថា រហូតមកទល់​ពេលនេះ មានការ​ឯកភាព​ជាគោលការណ៍​ពី​រដ្ឋាភិបាល​កូរ៉េ​ហើយ ហេតុនេះ​យើង​រំពឹងថា​ការដេញថ្លៃ​សាងសង់​ផ្លូវ​នេះ​នឹង​អាច​ចាប់ផ្តើម​នៅពេលឆាប់ៗនេះ។

លោក​បន្តថា “ការសាងសង់​ផ្លូវ​នេះ​អាច​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ២០១៩ នៅពេល​និតិ​វិធី​នានា​បញ្ចប់​តាម​ផែនការ។

ប្រមុខ​រដ្ឋាភិបាល​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​កាលពីពេលថ្មីៗនេះ​ថា ខេត្តតាកែវ​មាន​សក្តានុពល​ក្នុងការ​ពង្រីក​រោងចក្រ សហគ្រាស​បានល្អ​នាពេល​អនាគត ដោយសារ​ខេត្ត​នេះ​មាន​សណ្ឋាន​ដី​ល្អ មាន​ទីតាំងនៅ​កៀក​នឹង​រាជធានី​ភ្នំពេញ និង​មាន​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ត​ភ្ជាប់​ខ្វាត់ខ្វែង។

ការពង្រីក​និង​សាងសង់​ផ្លូវជាតិ​លេខ២ឡើងវិញ នឹងធ្វើ​ឲ្យ​តម្លៃ​ដី​នៅតាម​បណ្តោយ​ផ្លូវ​នេះ​ឡើងថ្លៃ​កាន់តែខ្លាំង​នាពេល​អនាគត ស្របពេល​ដី​នៅតាម​ផ្លូវ​នេះ​នៅមាន​តម្លៃ​សមរម្យ​នៅឡើយ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ដី​នៅតាម​បណ្តោយ​ផ្លូវ​នេះ ដែល​ស្ថិតនៅ​កៀក​រាជធានី​ភ្នំពេញ​បាន​កើនឡើង​ខ្ពស់​រួចទៅហើយ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក​បណ្ឌិត​គីម ហ៊ាង​បាន​ថ្លែងថា តម្លៃ​អចលនទ្រព្យ​កើនឡើង​ដោយសារ​កត្តា​ជាច្រើន ក្នុងនោះ​ការពង្រីក​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​របស់​រដ្ឋាភិបាល ក៏​ជា​កត្តា​មួយ​ជំរុញ​ឲ្យ​តម្លៃ​ដីធ្លី​កើនឡើង។ចំណែក​កត្តា​ដទៃទៀត​មានដូចជា កត្តា​ប្រជាសាស្ត្រ កំនើនសេដ្ឋកិច្ច កំនើន​សកម្មភាព​អាជីវកម្ម និង​ការរីកចម្រើន​នៅ​មូលដ្ឋាន​នោះ​ផ្ទាល់​ផងដែរ៕

ប្រភព : Property area