Register Already have an account ? Login

តើ​វិស័យ​អចលនទ្រព្យ នឹង​ធ្លាក់ចុះ​នៅ​រយៈពេល៥ឆ្នាំ​ខាងមុខ ដូច​ការព្យាករណ៍​រប​ស់ IMF


Thu, 11 Oct 2018

ភ្នំពេញ៖ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ព្យាករណ៍​ថា ការរីកចម្រើន​វិស័យ​អចលនវត្ថុ​កម្ពុជា នឹង​ធ្លាក់ចុះ​ក្នុង​រយៈពេល៥ឆ្នាំ​ខាងមុខ ជាការ​ព្យាករណ៍​ដែលមាន​សភាព​ផ្ទុយ​ពី​ការព្យាករណ៍​របស់​អ្នកវិនិយោគធំៗក្នុង​វិស័យនេះ។

យោងតាម​របាយការណ៍​ស្តីពី​កំណើនសេដ្ឋកិច្ច​កម្ពុជារ​បស់ IMF ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ ព្យាករ​ថា កំណើនសេដ្ឋកិច្ច កម្ពុជា​នឹង​បន្ត​ភាពខ្លាំង​សម្រាប់​រយៈពេល ២-៣ ឆ្នាំ​ទៀត មុននឹង​ធ្លាក់​ចុះមក​នៅត្រឹម​ប្រហែល៦ភាគរយ សម្រាប់​រយៈពេល​មធ្យម ដោយសារ​ការ​ថមថយ​កំណើន​ផលិតភាព និង​ភាពចាស់ទុំ​នៃ​វដ្ដ​ឥណទាន និង​អចលនទ្រព្យ។

តំណាង IMF ប្រចាំ​កម្ពុជា​លោក Jarkko Turunen បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ក្នុង​ពេលនេះ​វិស័យ​អចលនទ្រព្យ និង​សំណង់​គឺជា​កត្តា​ជំរុញ​ខ្លាំង​ដល់​កំណើនសេដ្ឋកិច្ច ប៉ុន្តែ​ក្នុងពេល៥ឆ្នាំ​ខាងមុខ​វិស័យ​ផ្សេងទៀត នឹង​ក្លាយជា​កត្តា​ជំរុញ​កំណើន​ខ្លាំង​ជាង​វិស័យនេះ។ លោក​មិន​បញ្ជាក់​លំអិត​ពី​មូលហេតុ​នាំ​ឲ្យ មានការ​ថម​ថម​ល្បឿន​ក្នុង​វិស័យនេះ​ទេ។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​នៅ​ក្រុមហ៊ុន Emerging Markets Consulting (EMC) បាន​គាំទ្រ​ការលើកឡើង​ខាងលើ ដោយ​លោក​បាន​មានប្រសាសន៍ថា ដោយសារ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​សំណង់ធំៗបាន​លេចឡើង​យ៉ាងច្រើន​នោះ ដូច្នេះ​នៅ៥ឆ្នាំ​ខាងមុខ វា​អាច​នឹងធ្វើ​ឲ្យ​តម្រូវការ​ទីផ្សារ​មាន​ភាពឆ្អែត​ផងដែរ។

លោក​បន្តថា “វិស័យ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា សម្រាប់​រយៈពេល៥ឆ្នាំ​ខាងមុខ​អាច​នឹង​ធ្លាក់ចុះ​ខ្លះ ប៉ុន្តែ​បើ​ជនជាតិ​ចិន​នៅតែ​បន្ត​ចូលមក​វិនិយោគ​នៅ​កម្ពុជា​នោះ វា​នឹង​អាច​នៅ​ល្អ​ដដែល»។

យោងតាម​របាយការណ៍​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹងថា ទុនវិនិយោគ​វិស័យ​សំណង់​ក្នុង​រយៈពេល៦ខែ ឆ្នាំ២០១៨ មានតម្លៃ​ប៉ាន់ស្មាន២,១៥ ពាន់​លាន​ដុល្លារ។

ទោះជា​យ៉ាងណា​លោក សេង ឡូត អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ហាក់​មិន​យល់ស្រប​ការលើកឡើង​ខាងលើ​ទេ ដោយ​លោក​បាន​មានប្រសាសន៍ថា លោក​មិនដឹងថា IMF យក​អ្វី​ធ្វើជា​មូលដ្ឋាន​សម្រាប់​ការ​ព្យាករ​នោះទេ ប៉ុន្តែ​បើ​ផ្អែកលើ​សម្ទុះ​នៃ​ការរីក លូតលាស់​ក្នុង​វិស័យ​សំណង់ លោក​នៅតែ​មានជំនឿថា វិស័យ​សំណង់​នៅ​ប្រទេស​កម្ពុជា នឹង​បន្ត​ការរីកចម្រើន​របស់ខ្លួន​កាន់តែខ្លាំង​បន្ថែមទៀត។

ចំណែក​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា លោក​ឧកញ៉ា​លី ហួរ​បាន​ថ្លែង​ដោយ​បដិសេធ​ការលើកឡើង​ខាងលើ​ផងដែរ ដោយ​លោក​មានប្រសាសន៍​ឲ្យ​ដឹងថា វិស័យនេះ​នឹង​បន្ត​រីកចម្រើន​រយៈពេល​វែង​បន្ថែមទៀត អាច​ដល់​រយៈពេល១០ឆ្នាំ​ខាងមុខ​ឬ​លើសពីនេះ ដោយសារ​កំនើនសេដ្ឋកិច្ច​របស់​កម្ពុជា កំនើន​ប្រជាសាស្ត្រ ដែល​ប្រទេស​នេះ​មាន​ប្រជាជន​វយ​ក្មេង​ច្រើន ដែល​ត្រូវការ​លំនៅដ្ឋានថ្មីៗ ពិសេស​ការហូរចូលរ​បស់​ប្រជាពលរដ្ឋ​មកកាន់​ក្រុងភ្នំពេញ។

លោក​បន្តថា “យោងតាម​តួលេខ​របស់​ក្រសួង​រៀបចំ​ដែនដី កម្ពុជា​ត្រូវការ​លំនៅ ដ្ឋា​ន​ប្រមាណ១លាន​ខ្នង​បន្ថែមទៀត គិត​ត្រឹម​ឆ្នាំ២០៣០ខាងមុខ ហេតុនេះ​ទីផ្សារ​លំនៅដ្ឋាន ខ្ញុំ​គិតថា​នៅតែមាន​ឳ​កាស​រីកចម្រើន​រយៈពេល​វែង​បន្ថែមទៀត”៕

ប្រភព : Property area