Register Already an agent ? Login

ក្រសួង​ដែនដី តម្រូវ​ឲ្យ​ម្ចាស់​ដី​រក្សាទុក​ដី ២៥% សម្រាប់​កសាង​ហេ​ដ្ឋារចនា​ស​ម្ព័​ន្ឋ​សាធារណៈ

ភ្នំពេញ៖ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាន​តម្រូវ​ឲ្យ​ម្ចាស់​អចលនទ្រព្យ (ម្ចាស់​ដី) ត្រូវ​រក្សាទុក​ដី ២៥ភាគរយ សម្រាប់​បណ្តាញ​ផ្លូវ​សាធារណៈ​ជា​ចំណាត់ការ​មួយ ដែល​គួរ​ទទួលបាន​ការស្វាគមន៍។

យោងតាម​សេចក្តីប្រកាស​ស្ដីពី​ការអភិវឌ្ឍ​ដី ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី២៥កញ្ញា​កន្លងមក ក្រសួង​បានកំណត់​អោយ​ម្ចាស់​អ​ចនទ្រ​ព្យ ត្រូវតែ​រក្សាទុក​ផ្ទៃដី​ចំនួន២៥ភាគរយ សម្រាប់​បណ្ដាញ​ផ្លូវ​សាធារណៈ ប្រព័ន្ធ​ទឹកស្អាត ប្រព័ន្ធ​លូបង្ហូរទឹក​កង្វក់ លូទឹក​ភ្លៀង បណ្ដាញអគ្គីសនី បណ្ដាញ​ទូរគមនាគមន៍ ប្រព័ន្ធគ្រប់គ្រង​កាកសំណល់ ប្រព័ន្ធគ្រប់គ្រង​អគ្គី​ស​ភ័យ និង​ត្រូវ​រក្សាទុក​ផ្ទៃដី​ចំនួន១០ភាគរយ នៃ​ផ្ទៃដី​សរុប​សម្រាប់​ការរៀបចំ សួនច្បារ​សាធារណៈ កន្លែង​ក្មេង​លេង ទី​ហាត់ប្រាណ​ជាដើម។

ការអភិវឌ្ឍ​ដី​សំដៅលើ​ការរៀបចំ​ដី តាមរយៈ​ការប្ដូរ​ប្រភេទ​នៃ​ការប្រើប្រាស់​ដី ការប្ដូរ​មុខងារ​ដី​តំបន់​ប្រើប្រាស់​ដី ការធ្វើសមាហរណកម្ម​ក្បាលដី ការ​បង្រួម​ក្បាលដី ការ​បំបែក​ក្បាលដី ការកែប្រែ​រចនាសម្ព័ន្ធ​នៃ​ដី រឺ​ការបង្កើន​ដង់ស៊ីតេ​នៃ​ការប្រើប្រាស់​ដី ក្នុង​គោលដៅ​មួយចំនួន​ដូចជា សាងសង់​លំនៅឋាន អាគារ​ពាណិជ្ជកម្ម សេវាកម្ម ឧស្សាហកម្ម​ជាដើម។

លោក​ប៉ែន សុផល​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ថ្លែងថា ការអភិវឌ្ឍ​ដី​នៅតាម​រាជធានី ខេត្ត​ក្នុង​កម្ពុជា មាន​ភាពល្អប្រសើរ​ជាខ្លាំង ស្រប​ពេលដែល​ការអភិវឌ្ឍ​ដី​ធ្វើអោយមាន​ការវិនិយោគ ក៏ដូចជា​ជំរុញអោយមាន​ការរីក​លូតលាស់​សំណង់​អាគារ​កាន់តែច្រើន​ផងដែរ។ តែ​ក្នុងនោះ​ក្នុង​ក៏​ទាមទារ អោយមាន​ការគ្រប់គ្រង​អោយបាន​ល្អ ពី​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ក៏ដូចជា​មន្ត្រី​ពាក់ព័ន្ធ​មាន​សម​ត្ថិ​កិច្ច​ដទៃទៀត។

ក្នុង​គោលដៅ​គ្រប់គ្រង​ការអភិវឌ្ឍ​ដី​គ្រប់​ប្រភេទ អោយមាន​ប្រសិទ្ធភាព ស្របតាម​ក្បួនច្បាប់ និង​ធានាបាន​ការអភិវឌ្ឍ ក្រសួង​បានចេញ​ផ្សាយ​នូវ​ប្រកាស​ស្ដីពី ការអភិវឌ្ឍ​ដី​ផងដែរ ដើម្បីអោយ​រាល់​ការអភិវឌ្ឍ​ដី​ទាំងអស់ មាន​ការសុំ​អនុញ្ញាត​តាមច្បាប់​ត្រឹមត្រូវ ក៏ដូចជា​អនុវត្តតាម​ប្រកាស​ស្ដីពី ការអភិវឌ្ឍ​ដី៕

ប្រភព : Property area