Register Already an agent ? Login

ស្វែងយល់ពីអាស៊ាន!ប្រទេសថៃចាប់ផ្តើមពង្រីកស្ថានីយ៍ព្រលានយន្តហោះ Khon Kaen

ភ្នំពេញ: រដ្ឋាភិបាលប្រទេសថៃ បានចាប់ផ្តើមសាងសង់ពង្រីកស្ថានីយ៍ព្រលានយន្តហោះអន្តរជាតិKhon Kaen ដោយវិនិយោគទំហំទឹកប្រាក់ចំនួន២ពាន់លានបាត សម្រាប់ចំណាយទៅលើការសាងសង់ពង្រីកបន្ថែមនេះ។

យោងតាមការចុះផ្សាយពីកាសែតបាងកកបុស្តិ៍បានអោយដឹងថា ការពង្រីកស្ថានីយ៍ព្រលានយន្តហោះថ្មីនេះ ត្រូវបានរដ្ឋាភិបាលអនុម័តយល់ព្រមកាលពីខែតុលា ឆ្នាំ ២០១៧ កន្លងទៅ ។ តាមគម្រោងព្រលានយន្តហោះនេះ នឹងពង្រីកទំហំដីពី១៦,៥០០ ម៉ែត្រការ៉េ ទៅ៤៤,៥០០ម៉ែត្រការ៉េ ដែលអាចផ្ទុកអ្នកធ្វើដំណើរបានចំនួនពី១០០០ នាក់ទៅ២០០០នាក់ក្នុងមួយម៉ោង ឬ ក៏ប្រហែល៥លាននាក់ក្នុងមួយឆ្នាំ ព្រមទាំងមានការពង្រីកអគារចំណតរយន្តផងដែរ ដែលបច្ចុប្បន្នអាចផ្ទុករថយន្តបានចំនួន៤៥០គ្រឿង ទៅ អាចផ្ទុករយន្តបានចំនួន១,១៦០រថយន្ត។

លោកArkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ បានប្រាប់កាសែ​តបាងកកបុស្តិ៍ ខណៈលោកទៅចូលរួមពិធីបុកគ្រឹះថា គម្រោងពង្រីកព្រលានយន្តហោះនេះនឹងត្រូវប្រើពេលសាងសង់រយៈ៣ឆ្នាំ។ លោករដ្ឋមន្ត្រីរូបនេះបញ្ជាក់ទៀតថា ព្រលានយន្តហោះអន្តរជាតិ Khon Kaen នាពេលបច្ចុប្បន្ននេះ បានទទួលយន្តហោះចុះចត ១៨គ្រឿង និងចេញដំណើរ១៨គ្រឿងក្នុងមួយថ្ងៃ ដែលហោះហើរក្នុងតំបន់ និងនៅពេលអនាគត ព្រលានយន្តហោះនេះនឹងផ្តល់សេវាហោះហើរ ទៅកាន់ទីក្រុងរបស់ចិនជាច្រើនផ្សេងទៀត ។

លោកបន្តថា ស្ថានីយ៍សម្រាប់អ្នកធ្វើដំណើរថ្មី នឹងបើកសម្ពោធដាក់អោយប្រើប្រា​ស់ជាផ្លូវការនៅក្នុងឆ្នាំ២០២១ ដោយភ្ជាប់ពីរថភ្លើងល្បឿនលឿន Nakhon Ratchsima-Nong Khai ដែលកំពុងសាងសង់នោះផងដែរ៕

ប្រភព : Property area