Register Already an agent ? Login

គំរោងសាងសង់ស្ពានក្តីតាកុយ ឆ្ពោះទៅតំបន់អរិយក្សត្រស្ថិតក្នុងជម្រើសពីរ

ភ្នំពេញ៖ គំរោងសាងសង់ស្ពានតភ្ជាប់តំបន់ក្តីតាកុយ ឆ្ពោះទៅអរិយក្សត្រក្នុងស្រុកល្វាឯម ខេត្តកណ្តាលកំពុងស្ថិតក្នុងជម្រើសពីររវាងការសាងសង់ដោយយកប្រាក់ និងមិន​បង់ប្រាក់ដោយប្រើ​ប្រាស់ជំនួយរបស់មហាមិត្តចិន។

អ្នកនាំពាក្យក្រសួងសាធារណៈការនិងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមាន​ប្រ​សាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី២៧ សីហាកន្លងមកថា គំរោងសាងសង់ស្ពាននេះ​មានក្រុមហ៊ុនមួយមកពីប្រទេសចិនបានសិក្សាចប់រួចហើយ ដោយវាជាគម្រោងសាងសង់ បែប BOT ឬជាស្ពានប្រើប្រាស់សម្រាប់បង់ប្រាក់ពេលធ្វើដំណើរឆ្លងកាត់។លោកបន្តថា ទោះជាយ៉ាងណាគំរោងនេះបានស្ងប់ស្ងាត់ទៅវិញ ហើយរហូតមកទល់ពេលនេះមិនដឹង​រដ្ឋាភិបាលសម្រេចបែបណានៅឡើយទេ។

លោកបន្តថា “រហូតមកទល់ពេលនេះ ខ្ញុំមិនទាន់ទទួលបានព៌តមានបច្ចុប្បន្នភាព​ថាគំរោងនេះនឹងវិវត្តន៍បែបណានៅឡើយទេ ហើយការសាងសង់ចាប់ផ្តើមពេលណាក៏មិនទាន់ច្បាស់លាស់នៅឡើយទេ”។

ទោះជាយ៉ាងណាលោកនូ វឌ្ឈនៈអគ្គនាយកនៃក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា តាមអ្វីដែលលោកដឹងគឺគម្រោងសាងសង់ស្ពាននេះបាននិងកំពុងសិក្សាដោយក្រុមហ៊ុនចិនហើយ និងអាចប្រើប្រាស់ថវិកាហិរញ្ញប្បទានពីប្រទេសចិន ដើម្បីសាងសង់ស្ពាននេះ ដែលមានប្រវែងប្រហែលនឹងប្រវែងស្ពានជ្រោយចង្វារសព្វថ្ងៃនេះ។

លោកបន្តថា “គំរោងនេះបើសិនជាប្រើប្រាស់ជំនួយរបស់ចិន មិនយូរទេវានឹងសាង​សង់ហើយ ព្រោះគំរោងនេះត្រូវតែសាងសង់ ដើម្បីតភ្ជាប់ផ្លូវក្រវ៉ាត់ក្រុងឲ្យបានពេញលេ​ញ”។ លោកបន្តថា “គំរោងនេះពិតប្រាកដនឹងសាងសង់ ហើយខ្ញុំរំពឹងថាការសាងសង់នឹងអាចចាប់ផ្តើមនៅពេលខាងមុខ”។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាធ្លាប់បានមានប្រ​សាសន៍ពីគម្រោងសាងសង់ស្ពាននេះនាពេលខាងមុខ ដើម្បីធ្វើឲ្យផែនការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣បានតភ្ជាប់ពេញលេញ និងសម្រួលការដឹកជញ្ជូននានា ដែលអាចវាងចេញពីក្រុងភ្នំពេញ។

ទោះជាយ៉ាងណាសម្តេច មិនប្រកាសពីកាលបរិច្ឆេទសាងសង់ស្ពាននេះនៅពេលណានៅឡើយទេ៕

ប្រភព : Property area