Register Already an agent ? Login

ស្ពានអាកាសចំនួន៥ នឹងសាងសង់ក្នុងគំរោងផ្លូវក្រវ៉ាត់ក្រុងទី៣

ភ្នំពេញ៖ ផ្លូវក្រវ៉ាត់ក្រុងទី៣នឹងសាងសង់នាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីរដ្ឋាភិបាលចិន បានប្រកាសផ្តល់ហិរញ្ញប្បទានសម្បទាន ចំនួន២៥៩លានដុល្លារអាមេរិក ប៉ុន្តែ​ផ្លូវដ៏សំខាន់នេះមានចំណុចគួរឲ្យចាប់អារម្មណ៍ជាច្រើន។

បើយោងតាមអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៨ សីហានេះថា ផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣នេះនឹង​សាងសង់ចេញពីចំណុចតំបន់ទំនប់កប់ស្រូវ និងត្រូវសាងសង់ស្ពានអាកាសចំនួន៥ មុនពេលផ្លូវនេះមកបញ្ចប់នៅកំពង់ផែភ្នំពេញ ស្ថិតនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។លោកបន្តថា ស្ពានអាកាសចំនួន៥នឹងសាងសង់នៅលើគំរោងនេះ ដូចជាស្ពានអាកា​សឆ្លងកាត់ផ្លូវជាតិលេខ៤ ផ្លូវលេខ៣ ផ្លូវជាតិលេខ២១ ផ្លូវជាតិលេខ២ និងផ្លូវលេខ១១០ និងមានស្ពានឆ្លងទន្លេវែងមួយទៀត ឆ្លងកាត់នៅតំបន់កោះអន្លង់ចិន មកកាន់ឃុំឈើទាល ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោកបន្តថា “ការបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ នឹងចាប់ផ្តើមឆាប់ៗ​ខាងមុខនេះហើយ”។លោកបន្តថា “វាជាផ្លូវដ៏សំខាន់មួយដើម្បីសម្រួលការដឹកជញ្ជូន វាងរាជធានីភ្នំពេញ និងរួមចំណែកលើកកំពស់ការកសាងសេដ្ឋកិច្ចសង្គម”។

ជាមួយគ្នានេះ រដ្ឋាភិបាលនឹងកសាងផ្លូវក្រវ៉ាត់ក្រុងទី៤ នាពេលខាងមុខផងដែរ ដែល PROPERTYAREA.ASIA នឹងបង្ហាញជូននូវគំរោងនេះនាពេលខាងមុខនេះ។

លោកវ៉ាស៊ីម សូរិយាបានបន្តឲ្យដឹងទៀតថា ជាមួយនឹងផែនការអភិវឌ្ឍន៍ប្រទេស រដ្ឋាភិបាលត្រូវវិនិយោគកាន់តែច្រើន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ឋ ព្រោះបើសិនជាចង់ជំ​រុញសេដ្ឋកិច្ចជាតិរីកចម្រើនបន្ថែមទៀត ត្រូវតែកសាងហេដ្ឋារចនាសម្ព័​ន្ឋសមស្រប ដើម្បីបង្កើតតម្លៃបន្ថែម និងកាត់បន្ថយតម្លៃនៃការដឹកជញ្ជូននៅកម្ពុជា ព្រោះតម្លៃនៃការដឹកជញ្ជូនរបស់យើងមានតម្លៃថ្លៃ ធៀបនឹងបណ្តាប្រទេសដទៃជាសមាជិកសហគមន៍សេដ្ឋកិច្ចអាស៊ាន។

លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា ការកសាងហេដ្ឋារចនាសម្ព័ន្ឋត្រូវការរយៈពេលវែង មិនមែនធ្វើបានមួយខែឬមួយថ្ងៃទេ ហេតុនេះរដ្ឋាភិបាលគួរពន្លឿនការវិនិយោគក្នុងវិស័យនេះ ព្រោះវាជាវិស័យប្រឈមធំមួយក្នុង​សេដ្ឋកិច្ចកម្ពុជា។

លោកបន្តថា “ទោះជាយ៉ាងណាខ្ញុំសង្កេតឃើញថា រដ្ឋាភិបាលបាន​និងកំពុងយកចិត្តទុកដាក់កសាងហេដ្ឋារចនាសម្ព័ន្ឋហើយ តែនៅក្នុងល្បឿនយឺតៗមួយ”។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាធ្លាប់បានប្រកាសជារឿយៗថា គោ​ល​នយោបាយរបស់សម្តេចដាក់ចេញតាំងពីទសវត្សរ៍៩០ រហូតមកទល់ពេលនេះនៅ​តែសមស្រប នឹងស្ថានភាពសេដ្ឋកិច្ចសង្គមកម្ពុជា នោះគឺការអភិវឌ្ឍទឹក ភ្លើង ផ្លូវ និងមនុស្ស៕

ប្រភព : Property area