Register Already an agent ? Login

គំរោងសាងសង់អាគារ៥៥៥ម៉ែត្រ នៅកោះពេជ្រអាចនឹងបង្កើនកំពស់ខ្ពស់ជាងនេះ

​ភ្នំពេញ: គំរោងសាងសង់អាគារកប់ពពក ដែលគ្រោងសាងសង់កំពស់៥៥៥ម៉ែត្រ នៅចំណុចក្បាលកោះពេជ្រ នឹងអាចបង្កើនកំពស់ខ្ពស់ជាងនេះ ខណៈថ្នាក់ដឹកនាំក្រុមហ៊ុនOCICបានបញ្ជាក់ជាថ្មីថា គំរោងនេះនឹងមិនលុបចោលនោះទេ។

​អគ្គនាយករងក្រុមហ៊ុនOCIC លោកទូច សំណាងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១០ សីហានេះថា ការសាងសង់អាគារកប់ពពកនៅទីក្រុងកោះពេជ្រ នឹងមិនលុបចោលនោះទេ ប៉ុន្តែការសាងសង់នាពេលណាមិនទាន់កំណត់នៅឡើយទេ។​លោកបន្តថា គំរោងនេះនឹងអាចបង្កើនកំពស់ខ្ពស់ជាង៥៥៥ម៉ែត្រ ដែលជាកំពស់គ្រោង ឡើងពីដំបូង។

លោកបន្តថា “ខ្ញុំមិនទាន់អាចនិយាយលំអិតជាងនេះបានទេ តែយើងអាចប្រាប់ថាគំរោងនេះមិនលុបចោលទេ”។

ប្រសិនជាអាគារនេះសាងសង់មែន វានឹងធ្វើឲ្យតំបន់នេះមានអាគារកប់ពពកប្រជែ​ងគ្នាចំនួនបី ទី១ គឺអាគារភ្លោះThai Bunrong Twin Towerដែលនឹងសាងសង់កំពស់៦៥១ម៉ែត្រ ដែលគ្រោងបោះទុនវិនិយោគ៣០០០លានដុល្លារ ទី២ គំរោងសាងសង់អា គារកប់ពពករបស់ក្រុមហ៊ុនRoyal Group ដែលមានទីតាំងនៅសណ្ឋាគារកាំបូឌីយ៉ាណា​សព្វថ្ងៃនេះ។ គំរោងនេះបានទទួលការឯកភាពជាគោលការណ៍ពីរដ្ឋាភិបាលហើយ និងទី៣ អាគារកប់ពពកនៃគំរោងDiamond Tower ដែលនឹងសាងសង់ដោយក្រុមហ៊ុនOCIC ដែលជាក្រុមហ៊ុនវិនិយោគអចលនទ្រព្យលំដាប់កំពូលនៅកម្ពុជា។

លោកទូច សំណាងធ្លាប់បានឲ្យដឹងថា គំរោងសាងសង់អាគារនេះនឹងស្ថិតនៅក្បា លកោះពេជ្រ ដែលក្រុមវិស្វករមកពីចិន និងវិស្វករក្នុងស្រុកបានចាក់ថ្មបំពេញរួចហើយ។ ទីតាំងអាគារនេះនឹងរត់ស្របគ្នាជាមួយរូបសំណាកសម្តេចសង្ឃរាជជួន ណាត និងវិមាន​ឯករាជ្យ៕

ប្រភព : Property area