Register Already an agent ? Login

ស្រាយចម្ងល់៖ អ្នកជំនាញលើកឡើងពីនិន្នាការវិនិយោគរបស់ចិននៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនវិនិយោគអចលនទ្រព្យលំដាប់យក្សរបស់ចិន មិនតិចជាង១០នោះទេបាន និងកំពុងចូលមកវិនិយោគនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ហើយកំ​នើននៃការវិនិយោគនេះ បានលេចចេញនូវប្រតិកម្មចម្រុះ ប៉ុន្តែអ្វីជានិន្នាការពិតប្រាកដដែលនាំឲ្យអ្នកវិនិយោគចិនធំៗចូលមកកម្ពុជាជាសំណួរធំមួយ។

អ្នកជំនាញផ្នែកអចលនទ្រព្យលំដាប់អន្តរជាតិ បានសម្តែងសុទិដ្ឋិនិយមពីគំរោងអភិវឌ្ឍន៍ធំៗនៅក្រុងភ្នំពេញ។

អ្នកនាង Grace Rachny Fongនាយិកាក្រុមហ៊ុន Century21 Cambodia ដែល​ជាក្រុមហ៊ុនមានសាខាច្រើនបំផុតនៅលើពិភពលោក បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៨ សីហាកន្លងមកថា អ្នកវិនិយោគចិនមានយុទ្ឋសាស្រ្តឈ្នះ ឈ្នះរបស់គាត់ ដោយសារគាត់លក់គំរោង​របស់គាត់នៅប្រទេសចិនរួច ផ្តល់ខុនដូនៅស្រុកខ្មែរមួយដោយមិនគិតថ្លៃ ប៉ុន្តែតាមពិតពួកគេបានដាក់តម្លៃបញ្ចូលក្នុងអចលនទ្រព្យនោះរួចទៅហើយ ហេតុនេះទើបយើងឃើញ​គំរោងចិននៅកម្ពុជាទទួលបានជោគជ័យ។អ្នកនាងបន្តថា ទោះជាគំរោងនេះមានអាគារ​រហូតដល់១៩អាគារ ជាអាគារកប់ពពកក្តី ប៉ុន្តែពួកគេសាងសង់តាមដំណាក់កាល មិនមែនសង់ទុកកប់ចោលនោះទេ។

អ្នកនាងបន្តថា “អ្នកវិនិយោគចិនមានបទពិសោធន៍ច្រើន លើគំរោងអភិវឌ្ឍន៍របស់ ពួកគេ ហេតុនេះពួកគេសិក្សាពីទីផ្សារនិងដំណាក់កាលត្រូវសាងសង់ច្បាស់លាស់ណាស់ ដើម្បីធ្វើឲ្យប្រាកដថាគំរោងពួកគេទទួលបានជោគជ័យ”។អ្នកនាងបន្តថា “បច្ចុប្បន្ន៨០ភា គរយនៃអ្នកទិញខុនដូជាជនបរទេស និង២០ភាគរយជនជាតិខ្មែរ ប៉ុន្តែនៅរយៈពេល៥ទៅ១០ឆ្នាំខាងមុខ ជនជាតិខ្មែរនឹងនៅខុនដូ៨០ភាគរយ ហើយជនបរទេសនឹងនៅតែ២០ភាគរយវិញ”។

អ្នកនាង Grace Rachny Fong បានបន្តថា បែបផែនជីវិត Life Style របស់ប្រជាជន​នឹងផ្លាស់ប្តូរ នៅពេលមានការកកស្ទះចរាចរណ៍ក្នុងទីក្រុងកាន់តែកើនឡើងខ្លាំង ហើយរបៀបនៃការគិតរបស់មនុស្សសម័យថ្មី ពិសេសយុវជនធ្លាប់ចេញទៅសិក្សានៅបរទេស ពេលពួកគេត្រលប់មកវិញ ពួកគេនឹងផ្លាស់ប្តូររស់នៅតាមខុនដូជំនួសវិញ។អ្នកនាងបន្តថា​ បើសួរថាហេតុអីចិនសាងសង់ខុនដូនាពេលនេះ គឺដោយសារតម្លៃដីបច្ចុប្ប​ន្នមានភាពធូរថ្លៃខ្លាំង ធៀបនឹងដីនៅប្រទេសចិន ហេតុនេះការវិនិយោគនាពេលនេះពួកគេរកឳកាស​ចំណេញបានច្រើន។

មន្រ្តីផ្នែកលក់ជាន់ខ្ពស់នៃគំរោងដ៏ធំមួយទៀត គឺ R&F CITY ដែលសាងសង់អាគារ​ចំនួន២២ មានកំពស់៣០ជាន់ និងប្រកាសចាប់ផ្តើមគំរោង LINGNAN Garden City ស្ថិតនៅ​តាមបណ្តោយមហាវិថីសម្តេចតេជោ ឬផ្លូវ៦០ម៉ែត្រ លោក RAY SONបានថ្លែងឲ្យដឹងផងដែរថា ការវិ​និយោគនៅកម្ពុជាដោយសារកម្ពុជា ជាប្រទេសពិសេសមួយដែលទទួលបានផលប្រយោជន៍ ពីគោលនយោបាយផ្លូវសូត្រ​របស់ចិន និងទំនាក់ទំនងល្អរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ព្រមទាំងកត្តាសន្តិភាព កំនើនសេដ្ឋកិច្ច ដែលកម្ពុជាសម្រេចបានជាអ្វី ដែលទាក់ទាញពួកគេមកវិនិយោគនៅទីនេះ។

លោកបន្តថា “គំរោងខុនដូរបស់យើង ផ្តោតលើសហគមន៍ចិនវិនិយោគនៅកម្ពុជា និងជនជាតិខ្មែរដែលចង់បានជីវិតស៊ីវិល័យក្នុងជីវិតរបស់ពួកគេ”។លោកបន្តថា “ពីមុនប្រ​ជាជនចិនមិនសូវចូលចិត្តរស់នៅខុនដូទេ តែបច្ចុប្បន្នខុនដូក្លាយជាលំនៅដ្ឋានពេញនិយម សម្រាប់ពួកគេ​ ហើយខ្ញុំគិតថាអនាគតប្រជាជនកម្ពុជា នឹងចូលចិត្តរស់នៅតាមខុនដូផងដែរ”។

ជាមួយគ្នានេះ ក្រុមហ៊ុនចៀន ឈឹងថៃ ដែលជាបុត្រសម្ព័ន្ឋរបស់ក្រុមហ៊ុន Yuetai Group ដែលជាក្រុមហ៊ុនលំដាប់យក្សរបស់ចិន។ មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះនេះ នឹងសាងសង់នៅលើដីដែលជាអតីតកំពង់ផែស្វយ័តភ្នំពេញ និងក្រុមហ៊ុន ចៀន ឈឹង ថៃ គ្រុប បានចុះហត្ថលេខាលើកិច្ចសន្យាស្ដីពីការជួលដីរបស់កំពង់ផែស្វយ័តភ្នំពេញ ពីគល់ស្ពានជ្រោយចង្វារមកដល់ផ្សាររាត្រី ដើម្បីអភិវឌ្ឍជា «មជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះ The City Gate» ដែលរដ្ឋាភិបាលបានទទួល​ប្រាក់១៦លានដុល្លារពីការជួលដីរយៈពេល៥០ឆ្នាំដល់ក្រុមហ៊ុននេះ។

កំពង់ផែស្វយ័តភ្នំពេញបានបញ្ជាក់ទៀតថា គម្រោងអភិវឌ្ឍន៍ជាមជ្ឈមណ្ឌលពា​ណិ​ជ្ជកម្មចំរុះ The City Gate» នេះ រួមមាន ទី១ អគារបណ្ដុំការិយាល័យពាណិជ្ជកម្ម ទី២

មជ្ឈមណ្ឌលសិល្បៈ ទី៣ ទីធ្លាសម្ដែងវប្បធម៌សិល្បៈ ទី៤ ទីធ្លាសម្រាប់បាញ់ទឹកទី៥ របាំទឹក និងផ្សារអណ្ដែតទឹក ទី៦ សួនកំពង់ផែ ទី៧ ទីធ្លាកម្សាន្ដ និងសួនច្បារសាធារណៈ ទី៨ មជ្ឈមណ្ឌលទេសចរណ៍ ទី៩ រាជធានីភ្នំពេញដ៏ឆ្លាតវៃ ទី១០ ការិយាល័យបច្ចេកវិទ្យា ទី១១ អគារស្នាក់នៅរួមបែបវប្បធម៌ ទី១២ អាគារស្នាក់នៅរួមបែបច្នៃប្រឌិតទំនើប និងសណ្ឋាគារលំដាប់ផ្កាយប្រាំ និងទី១៣ សាលតាំងពិព័រណ៍ មជ្ឈមណ្ឌល បេតិកភណ្ឌអរូបី និងសិប្បកម្ម និងវិចិត្រសាលបែបវប្បធម៌ព្រះពុទ្ធសាសនា និងសកម្មភាពផ្សេងៗទៀត៕

លោកបណ្ឌិតហុង វណ្ណៈអ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបានថ្លែងថា កំនើនវិនិយោគរបស់ចិននៅកម្ពុជា មិនមែនជារឿងកើតឡើងដោយឯកឯងនោះទេ ប៉ុន្តែទំនាក់ទំនងដ៏ល្អរវាងប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ គោលនយោបាយខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ចិន ព្រមទាំងកម្ពុជារក្សាបានសន្តិភាព ស្ថិរភាពនយោបាយ និងកំនើន​សេដ្ឋកិច្ចរ៉ឹងមាំ ក៏ជាផ្នែកសំខាន់ទាក់ទាញការវិនិយោគរបស់ចិនផងដែរ។

លោកបន្តថា “ការដែលអ្នកវិនិយោគចិនវិនិយោគច្រើននៅខេត្តព្រះសីហនុ ដោយ​សារចិនចូលចិត្តសមុទ្រ ហើយនៅប្រទេសចិន រដ្ឋាភិបាលចិនបានរៀបចំគោលនយោ​បា​យពិសេសមួយ សម្រាប់អភិវឌ្ឍន៍នៅតំបន់ជាប់មាត់សមុទ្រ”។លោកបន្តថា កត្តាហេដ្ឋារច​នាសម្ព័ន្ឋដ៏ល្អប្រសើរ និងងាយស្រួលតភ្ជាប់តាមរយៈកំពង់ផែទឹកជ្រៅ និងផ្លូវរថភ្លើង ផ្លូវគោកតភ្ជាប់ជាមួយរាជធានីភ្នំពេញ ក៏ជាផ្នែកសំខាន់ដែលទាក់ទាញការវិនិយោគនៅខេត្តនេះផងដែរ”៕

ប្រភព : Property area