Register Already an agent ? Login

សណ្ឋាគារលំដាប់ផ្កាយ៥ដ៏ប្រណីតមួយ នឹងបើកនៅក្រុងព្រះសីហនុចុងខែសីហានេះ

ភ្នំពេញ៖ សណ្ឋាគារប្រណីតមួយលំដាប់ផ្កាយ៥ នឹងបើកដំណើរការនៅក្រុងព្រះសីហនុនាចុងខែសីហានេះ ដើម្បីស្វាគមន៍កំណើនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិដែលទៅទស្សនាខេត្តនេះកើនឡើងជាប់ជាប្រចាំ។

យោងតាមគេហទំព័របណ្តាញទំនាក់ទំនងសង្គម នៃក្រុមហ៊ុនអចលនទ្រព្យយក្ស Prince Real Estate Group បានឲ្យដឹងថា ការសាងសង់សណ្ឋាគារប្រណីតPrince Times Hotelបានបញ្ចប់កាលពីចុងខែកកក្កដាកន្លងមកនេះ។ សណ្ឋាគារនេះ មានទំហំ​រហូតដល់២៩០០០ម៉ែត្រការ៉េ និងមានបន្ទប់ចំនួន១៩៣បន្ទប់។ សណ្ឋាគារនេះមានបំពាក់ដោយគ្រឿងបរិក្ខាទំនើប អាងហែលទឹក ក្លឹបហាត់ប្រាណ យូហ្កា និងចំណតអាចចុះចត ឧទ្ឋម្គាគចក្រ នៅលើដំបូលអាគារជាដើម។

ជាមួយគ្នានេះ សណ្ឋាគារ Prince Times ក៏មាន Sky Bar អាចទស្សនាទេសភាពសមុទ្របានយ៉ាងស្រស់ស្អាតផងដែរ។

លោកតាំង សុចិត្រគ្រឹះស្នាប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានមានប្រសា​សន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី៦ សីហានេះថា ទោះបីជាមានកំនើននូវចំនួនបន្ទប់​សណ្ឋាគារក្តី ក៏ចំនួននេះមិនទាន់ឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរណ៍ ពិសេសភ្ញៀ​វចិននៅឡើយទេ។ លោកបន្តថា យើងរំពឹងថា ដំណាច់ឆ្នាំនេះឬដើមឆ្នាំ២០១៩ សណ្ឋា​គារធំៗចំនួន៥ទៀត ដែលមានបន្ទប់២០០០នឹងបើកដំណើរការ ហើយនឹងអាចសម្រាលបានពីការខ្វះបន្ទប់។

លោកបន្តថា “ជាមួយគ្នានេះក៏មានសណ្ឋាគារផ្កាយពីរ ផ្កាយបីកើនផងដែរ ប៉ុន្តែមិនឆ្លើយតបនឹងតម្រូវការនៅឡើយទេ ដោយសារភាគច្រើនសណ្ឋាគារទាំងនោះត្រូវបានចិន​ជួលសម្រាប់បុគ្គលិករបស់ខ្លួន។

ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកហូ វណ្ឌីបានថ្លែងថា កំណើនភ្ញៀវទេសចរណ៍ចិន បានធ្វើឲ្យបន្ទប់សណ្ឋាគារនៅខេត្តព្រះសីហនុ ប្រឈមនឹងការខ្វះខាតជាប្រចាំ ហើយសណ្ឋាគារភាគ​ច្រើនត្រូវបានចិនជួលយក ហើយមិនជួលឲ្យភ្ញៀវទេស​ចរណ៍ជាតិ អន្តរជាតិដទៃទៀតនោះទេ។

លោកបន្តថា “យើងស្វាគមន៍ការវិនិយោគនានា ពិសេសការវិនិយោគលើផ្នែកបដិសណ្ឋារកិច្ចក្នុងខេត្តនេះ ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើងជាប្រចាំ”៕

ប្រភព : Property area