Register Already an agent ? Login

ស្តាប់ស្រ្តីជើងខ្លាំងបីរូបក្នុងវិស័យអចលនទ្រព្យ និយាយពីស្ថានភាពអចលនទ្រព្យក្រោយការបោះឆ្នោត

ភ្នំពេញ៖ ការបោះឆ្នោតបានបញ្ចប់ជាមួយនឹងសន្តិភាព ស្ថិរភាពនយោបាយ ដែលបានធ្វើឲ្យអាជីវកម្មទូទៅក្នុងវិស័យនានា ពិសេសវិស័យអចលនទ្រព្យបន្តរីកចម្រើននៅកម្ពុជា។

តើអ្នកនៅក្នុងវិស័យនេះយល់ឃើញយ៉ាងដូចម្តេច? ស្តាប់ស្រ្តីជើងខ្លាំងទាំងបីរូបក្នុងវិស័យអចលនទ្រព្យលើកឡើងពីដំណើរវិវត្តន៍ក្នុងវិស័យនេះ។

អ្នកនាង Grace Rachny Fong / អ្នកនាង អាន សុធីតា / ស្រីតាំង ហួរ

អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បាន​ថ្លែងឲ្យដឹងកាលពីដើមសប្តាហ៍នេះថា មុននិងក្រោយការបោះឆ្នោត បរិយា​កាសវិនិយោគ និងសកម្មភាពទិញលក់ក្នុងវិស័យអចលនទ្រព្យ មិនរងផលប៉ះពាល់ទេ ហើ​យបញ្ហានយោ​បាយ មិនជះឥទ្ឋិពលដល់វិស័យនេះឡើយ ដោយសារអ្នកវិនិយោគមកវិនិ​យោគនៅកម្ពុជាភាគច្រើន ជាអ្នកវិនិយោគមកពីតំបន់អាស៊ី។

អ្នកនាងបន្តថា “ខ្ញុំគិតថាក្រោយការបោះឆ្នោតបញ្ចប់ អ្វីៗនឹងមានភាពល្អប្រសើរជា​ងមុន ខណៈទីផ្សារក្នុងក្រុងកំពុងទាញយកការផ្គត់ផ្គង់មកប្រើប្រាស់វិញ ហើយទីផ្សារអច​លទ្រព្យជាយក្រុងរីកចម្រើន ដោយសារការរីកចម្រើននៃវិស័យហេដ្ឋារចនាសម្ព័ន្ឋ”។

ជាមួយគ្នានេះ អ្នកនាង Grace Rachny Fong នាយិកានៃក្រុមហ៊ុន Century21 Cambodia បានលើកឡើងស្រដៀងគ្នាថា អ្វីៗនឹងល្អប្រសើរជាងមុន ដោយសារការបោះ​ឆ្នោតនេះបានបង្ហាញនូវសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ដែលធ្វើឲ្យអ្នកវិនិយោគកាន់តែមានទំនុកចិត្ត។ អ្នកនាងបន្តថា ទាំងមុនការបោះឆ្នោត កំឡុងការបោះឆ្នោត និងក្រោយការបោះឆ្នោត យើងឃើញថាស្ថានភាពនៃការទិញលក់អចលនទ្រព្យ នៅតែកើនឡើង។

អ្នកនាងបន្តថា “សន្តិភាព ស្ថិរភាពនយោបាយនេះហើយ ជាអ្វីដែលពួកគេមើលឃើញ ជាអ្វីដែលអ្នកវិនិយោគកាន់តែមានទំនុកចិត្ត ហើយខ្ញុំគិតថាអ្នកវិនិយោគអន្តរជាតិ នឹងចូលមកវិនិយោគកាន់តែច្រើននៅកម្ពុជា”។

ស្របគ្នានេះដែរលោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុន AMATAK Property Service បានមានប្រសាសន៍ឲ្យដឹងផងដែរថា មុននិងក្រោយការបោះឆ្នោត សកម្មភាពទិញលក់អចលនទ្រព្យនៅបន្តកើនឡើង គ្រាន់តែមុនបោះឆ្នោតប្រហែលមួយខែសកម្ម​ភាពទិញលក់មានសភាពទ្រឹងបន្តិច ប៉ុន្តែក្រោយការបោះឆ្នោតបានបញ្ចប់នាពេលថ្មីៗ​នេះសកម្មភាពនៃការទិញលក់បានកើនឡើងវិញ ហើយភ្ញៀវមានភាពសប្បាយរីករាយជាមួយ​នឹងបរិយាកាសនយោបាយមានភាពល្អប្រសើរ។

លោកស្រីបន្តថា “ទាំងអ្នកវិនិយោគជាតិ អន្តរជាតិនៅតែមានជំនឿចិត្តហើយសកម្ម​ភាពទិញលក់បានចាប់ផ្តើមឡើងវិញ ជាមួយចរន្តទិញលក់មានការកើនឡើង”។លោកស្រីបន្តថា “ការទិញលក់ និងការមកដល់នៃអ្នកវិនិយោគអន្តរជាតិ នឹងបន្តកើនឡើង​បន្ថែមទៀត ដោយសារទំនុកចិត្តពីកត្តាសន្តិភាព ស្ថិរភាពនយោបាយដែលកម្ពុជាសម្រេចបាន”៕

ប្រភព : Property area