Register Already an agent ? Login

បន្ទាប់ពីប្រកាសពង្រីកផ្លូវ តម្លៃដីនៅតាមផ្លូវជាតិលេខ៣ ចាប់ផ្តើមកញ្រ្ជោលឡើងយ៉ាងខ្លាំង

ភ្នំពេញ៖ បន្ទាប់ពីរដ្ឋាភិបាលប្រកាសពង្រីកផ្លូវជាតិលេខ៣ តម្លៃដីធ្លីនៅតាមបណ្តោ​យផ្លូវនេះបានកើនឡើងយ៉ាងខ្លាំង ក្នុងប៉ុន្មានខែចុងក្រោយនេះ ដែលធ្វើឲ្យអ្នកវិនិយោគ​មួយចំនួនមានការរារែកក្នុងការវិនិយោគនៅតំបន់នេះ។

តាមរយៈការចុះសាកសួរព៌តមានដីធ្លី ពីក្រុមការងារPropertyarea.asiaកាលពីពេលថ្មីៗនេះបានរកឃើញថា តម្លៃដីធ្លីនៅតាមបណ្តោផ្លូវនេះ បានកើនឡើងចន្លោះ៣០ទៅ៤០ភាគរយ ដោយដីនៅចន្លោះគីឡូម៉ែត្រលេខ២០ទៅ៣០ គិតពីរង្វង់មូលចោមចៅពីមុនមានតម្លៃចន្លោះ១០ទៅ២០ដុល្លារ បានកើនដល់៣០ទៅ៣៥ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈឈ្នួញទិញដីពុះឡូត៍លក់ បានងាកទៅតំបន់នេះកាន់តែច្រើន។ សកម្មភាពពុះដីឡួត៍លក់បានធ្វើឲ្យតម្លៃដីធ្លីកើនឡើងខ្ពស់ ខណៈតំបន់ពុះដីឡូ៍លក់ ជាតំបន់គ្មានការអភិវឌ្ឈ​ច្រើននោះទេ។

លោកសាត ប៊ុនធីមប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវនេះ ស្ថិតក្នុងស្រុកគងពិធី ខេត្តកំពង់ស្ពឺបានលើកឡើងថា ដីនៅតាមតំបន់នេះពិតជាឡើងថ្លៃខ្ពស់ ដោយដីមុន​មួយម៉ែត្រការ៉េត្រឹម៥ដុល្លារ ឥឡូវម្ចាស់ដីបានទារដល់២០ទៅ៣០ដុល្លារអាមេរិកក្នុងមួយ​ម៉ែត្រការ៉េ ហើយសកម្មភាពទិញលក់មានការកើនឡើងខ្លាំងពីអ្នកវិនិយោគនានា។

លោកបន្តថា “ដីនៅតំបន់នេះពិបាកលូកណាស់ឥលូវ ព្រោះវាឡើងថ្លៃលឿនមែនទែន ធៀបនឹងប៉ុន្មានឆ្នាំមុន ដែលដីមិនសូវមានសកម្មភាពអភិវឌ្ឍន៍អ្វីនោះឡើយ”។

ការកើនឡើងតម្លៃដីធ្លី ដោយសារកត្តាមួយចំនួន ដូចជា កត្តាប្រជាសាស្រ្ត ការរីក​ចម្រើនសេដ្ឋកិច្ចនៅមូលដ្ឋាន កត្តាសុខសន្តិភាព និងកំនើនសេដ្ឋកិច្ច ពិសេសការអភិវឌ្ឈ​ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល។

រដ្ឋាភិបាលតាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូននឹងពង្រីកផ្លូវជាតិលេខ៣ ពីរាជធានីភ្នំពេញដល់ចំណុចថ្នល់បំបែកបាយគូស ជាបួនគន្លងសម្រាប់រថយន្តនិងមាន​សួនច្បារកណ្តាល ដូចគ្នានឹងផ្លូវជាតិលេខ៦អាផងដែរ។

អគ្គនាយកក្រុមហ៊ុន Century21 Mekong លោកច្រឹក សុខនីមបានថ្លែងថា តាមធម្មតានៅពេលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័​ន្ឋរបស់រដ្ឋាភិបាល នឹងធ្វើឲ្យមានសកម្ម​ភាពទិញលក់ដីធ្លី និងសកម្មភាពពាណិជ្ជកម្មកើនឡើងនៅតំបន់នោះ ពិសេសតម្លៃដីធ្លីនឹ​ង​កើនឡើងជាស្វ័យប្រវត្តិ ប៉ុន្តែតម្លៃដីកើនឡើងលឿនឬយឺតអាស្រ័យលើតំបន់និមួយៗផងផងដែរ ពិសេសតំបន់ដែលមានសកម្មភាពសេដ្ឋកិច្ច តម្លៃដីធ្លីនឹងកើនឡើងខ្លាំង ប៉ុន្តែតំបន់ដែលគ្មានសកម្មភាពសេដ្ឋកិច្ច ឬមនុស្សរស់នៅច្រើនតម្លៃដីធ្លីក៏មិនកើនឡើងនោះទេ។

លោកបន្តថា “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋជាផ្នែកមួយ ជួយឲ្យតម្លៃដីធ្លីកើនឡើង ខណៈកត្តាសំខាន់ៗដទៃទៀត ក៏ជួយជម្រុញតម្លៃដីធ្លីឲ្យមានកំនើនផងដែរ ដូចជាកត្តាប្រ​ជាសាស្រ្ត សកម្មភាពពាណិជ្ជកម្មនិងការវិនិយោគជាដើម”៕

ប្រភព : Property area