Register Already an agent ? Login

កំនើនសេដ្ឋកិច្ច៖ ធ្វើឲ្យតម្រូវការលំនៅដ្ឋានកើនឡើងប្រមាណ ១លានខ្នង

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងដែនដី នគរូបនីយកម្មនិងសំណង់បានថ្លែងថា កម្ពុជាត្រូវការលំនៅដ្ឋានប្រមាណ១លានខ្នងបន្ថែមទៀត ដើម្បីឆ្លើយតបនឹងកំនើនប្រជាសាស្រ្ត និងរីកចំរើននៃសេដ្ឋកិច្ចសង្គម។

លោកប៉ែន សុផលរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិង​សំណង់បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ជាមួយនឹងកំនើនសេដ្ឋកិច្ច នគរូ​បនីយកម្មក៏បានកើនឡើងយ៉ាងឆាប់រហ័ស ព្រោះតាមការសិក្សារបស់ក្រសួងអំពី ​ក្របខ័ណ្ឌយុទ្ឋសាស្រ្តអភិវឌ្ឍន៍ទីក្រុងនៅកម្ពុជាបានរកឃើញថា ចំនួនប្រជាជន​រស់នៅរាជធានី ក្រុង និងទីប្រជុំជននៅឆ្នាំ២០១៤ មានចំនួន៤,៥លាននាក់ ស្មើនឹង២៧,១ភាគរយ និងបន្តកើនឡើងដល់៧,៩២លាននាក់នៅឆ្នាំ២០៣០ ស្មើនឹង៤៤ភាគរយនៃចំនួនប្រជាជនកម្ពុជាសរុប។

តាមទិន្នន័យនេះបានបង្ហាញឲ្យឃើញថា បើគិតចា​ប់ពីឆ្នាំ២០១៥ ដល់២០៣០ តម្រូវការលំនៅដ្ឋានសម្រាប់រាជធានី ក្រុង និងទីប្រជុំជនមានប្រមាណ៨០ម៉ឺនលំនៅដ្ឋាន ដែលគិតជាមធ្យមមានតម្រូវ​ការប្រមា​ណ៥ម៉ឺនលំនៅដ្ឋានក្នុងមួយឆ្នាំ។

លោកប៉ែន សុផលបានបន្តថា ឆ្លើយតបនឹងបញ្ហានេះក្រ​សួងបាន និងកំពុងសកម្មអនុវត្តន៍គោលនយោបាយជាតិស្តីពី ការរៀបចំដែនដី ក្នុងការកសាងផែន​​ការរៀបចំដែនដី​ប្លង់គោល និងផែនការប្រើប្រាស់ដីគ្រប់កម្រិត និងគោលនយោ​បាយជាតិស្តីពីលំនៅដ្ឋាន ពិសេសលំនៅដ្ឋានដែលមានតំលៃសមរម្យជូនមន្រ្តីរាជ​ការ កងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម ប្រាក់ចំណូលទាប និងជនងាយរងគ្រោះ ដើម្បីធានាការអភិវឌ្ឍប្រកប​ដោយចីរភាព និងសមធ៌ម។

លោកច្រឹក សុខនីមអគ្គនាយកក្រុមហ៊ុន Century21 Mekong បានថ្លែងថា ទីផ្សារលំនៅដ្ឋាននៅតែមានភាពល្អប្រសើរ ដោយសារកត្តាសំខាន់ៗមួយចំនួនដូចជា កំនើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ កំនើនប្រជាសាស្រ្តកើនឡើងក្នុងទីក្រុង ការកើនឡើងនូវតម្លៃដីធ្លី ធ្វើឲ្យអ្នកមានដីធ្លីក្នុងទីក្រុងបានលក់ចេញ ហើយទិញលំនៅដ្ឋាននៅជាយក្រុង ឬតាមបុរីនានា និងការគាំទ្រឥណទានពីធនាគារនានា។

លោកបន្តថា “យើងឃើញថាទីផ្សារលំនៅដ្ឋាននៅតាមបុរីនានា មានសកម្ម​ភាពទិញលក់កើនឡើងជាប្រចាំ ទាំងផ្ទះថ្មី និងផ្ទះទី២ដែលអ្នកទិញលក់យកចំណេញឬលក់ចេញដើម្បីផ្លាស់ប្តូរទីតាំងថ្មី”៕

ប្រភព : Property area