Register Already an agent ? Login

អាគារខុនដូ ដ៏ទំនើបកម្ពស់17ជាន់ តំលៃ7 លានដុល្លារ នឹងបង្អួតរូបរាងនៅកណ្តាលក្រុងព្រះសីហនុ

ភ្នំពេញ : ខណៈពេលដែលតម្រូវការទីផ្សារ ខុនដូ និងសណ្ឋាគារ ផ្ទះសំណាក់ នៅក្រុងព្រះសីហនុនៅតែមានការកើនឡើងខ្ពស់ ក្រុមហ៊ុនក្នុងស្រុក ដែលល្បីឈ្មោះលើការវិនិយោគសង់បុរី ផ្ទះល្វែង ពុះដីឡូត៍លក់នៅរាជធានីភ្នំពេញ RN VIP បានប្រកាសបោះទុនជាង៧លានដុល្លារ ជាមួយនឹងការចាប់ផ្តើមដំណើរការបុកគ្រឹះសាងសង់ផងដែរ កាលពីថ្ងៃទី២៧ ខែកក្កដា កន្លងទៅនេះ។

លោក វ៉ន វណ្ណៈ ម្ចាស់ភាគហ៊ុនម្នាក់ក្នុងចំណោមភាគហ៊ុនធំ២នាក់ប្រចាំក្រុមហ៊ុនបានអះអាងថា ហេតុផលដែលក្រុមហ៊ុនបានងាកពីការវិនិយោគលើគម្រោងសង់បុរីនៅរាជធានីភ្នំពេញ ហើយបោះទុនសង់អគារកម្ពស់ខ្ពស់ដើម្បីរំលេចជាសណ្ឋាគារ និងខុនដូរកម្រិតអន្តរជាតិនេះ គឺដោយសារតែលោកមើលឃើញថាសក្ដានុពលនៅខេត្តព្រះសីហនុ មានតម្រូវការខ្ពស់ ទាំងផ្នែកស្នាក់នៅអចិន្ត្រៃយ៍ និងមិនអចិន្ត្រៃយ៍ នៅមិនគ្រប់គ្រាន់។ លោកថា គម្រោងសង់ខុនដូ និងសណ្ឋាគារបស់ក្រុមហ៊ុន VIP នេះ គ្រាន់តែតម្លៃដីដែលបានទិញនៅចំកណ្ដាលទីប្រជុំជនមានចម្ងាយមិនឆ្ងាយប៉ុន្មានពីរង្វង់មូលតោពីរនេះ គឺមានតម្លៃជាង២លានដុល្លារហើយ ខណៈដែលការសាង់សង់ស្ថិតក្នុងតម្លៃនៃការប៉ាន់ស្មាននៅឡើយ គឺប្រហែលជាអស់ជាង៧លានដុល្លារ សរុបទាំងទិញដី។

លោក ហម រ៉ន ដែលជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន RN VIP មួយរូបដែរក៏បានថ្លែងដែរថា គម្រោងទាំងមូលនឹងចំណាយការសាងសង់ក្នុងរយៈពេល១៨ខែ ប៉ុន្តែវានឹងអាចរួចរាល់មុនផែនការ ដោយសារតែលោកបានកុងត្រាជាមួយស្ថាបត្យករជាតិ និងអន្តរជាតិ ដែលមានឯកទេសច្បាស់លាស់ក្នុងការសាងសង់។ ក្នុងនោះសូម្បីតែការដេគ័រទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ ក៏ត្រូវបានបញ្ចូលដោយរចនាបទបែបខ្មែរ និងបែបទាន់សម័យពីបរទេស ដើម្បីអោយមានភាពទាក់ទាញផងដែរ។

លោកថា ក្រោយការសាងសង់ក្រុមហ៊ុននឹងទទួលបានអគារមួយដែលមានទាំងភោជនីយដ្ឋាន ខុនដូស្នាក់នៅ និង Sky Bar នៅផ្នែកខាងលើកម្ពស់១៧ជាន់ ដោយមានបន្ទប់ស្នាក់នៅប្រហែលជាជាង២០០បន្ទប់។ លោកថា នេះគ្រាន់តែជាគម្រោងទី១ប៉ុណ្ណោះ ដោយក្នុងពេលបន្តបន្ទាប់ ក្រុមហ៊ុននឹងបន្តវិនិយោគលើគម្រោងអគារខុនដូ និងសណ្ឋាគារបែបនេះបន្តទៀត ដោយអាចនឹងខេត្តព្រះសីហនុដដែល ក៏ដូចជានៅខេត្តផ្សេងទៀតដែលមានតម្រូវការអគាខុនដូដូចគ្នានេះ។

ជាមួយនឹងវត្តមានអាគារដ៏ទំនើបមួយនេះ ម្ចាស់ក្រុមហ៊ុនវិនិយោគបានអះអាងថាអគារទាំងមូលក្រោយការសង់រួច នឹងមិនជួលផ្ដាច់មុខឲ្យជនបរទេស ដូចអគារផ្សេងទៀតនៅក្នុងខេត្តព្រះសីហនុនោះទេ ដោយលោកបានប្រកាសថានឹងទុកជួលដោយផ្ទាល់ឲ្យពលរដ្ឋខ្មែរ និងភ្ញៀវដែលជួលមកស្នាក់នៅ ដោយមិនផ្ដាច់មុខអោយជនបរទេសនោះទេ៕