Register Already an agent ? Login

តំបន់ច្រាំងទន្លេសាប នឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោក

ភ្នំពេញ: មិនយូរទៀតនោះទេ តំបន់ច្រាំងតាមដងទន្លេក្នុងរាជធានីភ្នំពេញ នឹងក្លាយជាតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះលំដាប់ពិភពលោក ក្រោមការវិនិយោគដោយក្រុមហ៊ុនចៀន ឈឹងថៃ ដែលជាបុត្រសម្ព័ន្ឋរបស់ក្រុមហ៊ុន Yuetai Group ដែលជាក្រុមហ៊ុនលំដាប់យក្សរបស់ចិន។

មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះនេះ នឹងសាងសង់នៅលើដីដែលជាអតីតកំពង់ផែស្វយ័តភ្នំពេញ និងក្រុមហ៊ុន ចៀន ឈឹង ថៃ គ្រុប បានចុះហត្ថលេខាលើកិច្ចសន្យាស្ដីពីការជួលដីរបស់កំពង់ផែស្វយ័តភ្នំពេញ ពីគល់ស្ពានជ្រោយចង្វារមកដល់ផ្សាររាត្រី ដើម្បីអភិវឌ្ឍជា «មជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះ The City Gate» ដែលមានតម្លៃជាង16ពាន់លានដុល្លារសហរដ្ឋអាមេរិក។

បើតាមសេចក្ដីប្រកាសព័ត៌មាន ​របស់កំពង់ផែស្វយ័តភ្នំពេញបានបញ្ជាក់ថា កិច្ចសន្យានេះ ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី29 ខែមិថុនា ឆ្នាំ2018 ដែលមានកំណត់ក្នុង អនុក្រឹត្យលេខ 32 អនក្រ.បក ចុះថ្ងៃទី9 ខែមីនា ឆ្នាំ2018 ស្ដីពី ការធ្វើអនុបយោគទីតាំងដីបណ្ដោយទន្លេសាប ពីស្ពានជ្រោយចង្វារមកដល់ផ្សាររាត្រី។

កំពង់ផែស្វយ័តភ្នំពេញបានបញ្ជាក់ទៀតថា គម្រោងអភិវឌ្ឍន៍ជាមជ្ឈមណ្ឌលពា​ណិ​ជ្ជកម្មចំរុះ The City Gate»នេះ រួមមាន ទី១ អគារបណ្ដុំការិយាល័យពាណិជ្ជកម្ម ទី២

មជ្ឈមណ្ឌលសិល្បៈ ទី៣ ទីធ្លាសម្ដែងវប្បធម៌សិល្បៈ ទី៤ ទីធ្លាសម្រាប់បាញ់ទឹកទី៥ របាំទឹក និងផ្សារអណ្ដែតទឹក ទី៦ សួនកំពង់ផែ ទី៧ ទីធ្លាកម្សាន្ដ និងសួនច្បារសាធារណៈ ទី៨ មជ្ឈមណ្ឌលទេសចរណ៍ ទី៩ រាជធានីភ្នំពេញដ៏ឆ្លាតវៃ ទី១០ ការិយាល័យបច្ចេកវិទ្យា ទី១១ អគារស្នាក់នៅរួមបែបវប្បធម៌ ទី១២ អាគារស្នាក់នៅរួមបែបច្នៃប្រឌិតទំនើប និងសណ្ឋាគារលំដាប់ផ្កាយប្រាំ និងទី១៣ សាលតាំងពិព័រណ៍ មជ្ឈមណ្ឌល បេតិកភណ្ឌអរូបី និងសិប្បកម្ម និងវិចិត្រសាលបែបវប្បធម៌ព្រះពុទ្ធសាសនា និងសកម្មភាពផ្សេងៗទៀត។

យោងតាមសេចក្ដីប្រកាសព័ត៌មានដដែលបានបន្ថែមថា កិច្ចសន្យាជួលនេះ មានរយៈពេល50ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី29 ខែមិថុនា ឆ្នាំ2018 រហូតដល់ថ្ងៃទី28 ខែមិថុនា ឆ្នាំ2068។ ប្រាក់ឈ្នូលលើការជួសដីនេះ គឺជាការបង់ប្រាក់ឈ្នួលផ្ដាច់តែម្ដងចំនួន16,5លានដុល្លារអាមេរិក សម្រាប់រយៈពេល50ឆ្នាំ រួមបញ្ចូលទាំងអាករលើតម្លៃបន្ថែម (VAT) ចំនួន10%។

សេចក្តីប្រកាសរបស់កំពង់ផែស្វយ័តភ្នំពេញបានសង្កត់ធ្ងន់ថា ជាមួយនឹងគម្រោងអភិវឌ្ឍន៍ «មជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះ The City Gate» នេះ កំពង់ផែស្វយ័តភ្នំពេញ នៅតែបន្ដរក្សាមុខងារ ប្រតិបត្តិការរបស់ទីតាំងជួលខាងលើ ជាចំណតផែលើកដាក់ទំនិញ៕

ប្រភព : Property area