Register Already an agent ? Login

មជ្ឈមណ្ឌលហិរញ្ញវត្ថុកំពស់កប់ពពកជប៉ុន ចាប់ផ្តើមសាងសង់យ៉ាងសកម្ម

ភ្នំពេញ៖ មជ្ឈមណ្ឌលហិរញ្ញវត្ថជប៉ុនកំពស់កប់ពពកដំបូងគេ នៅទីក្រុងភ្នំពេញបានចាប់ផ្តើមសាងសង់យ៉ាងសកម្ម នោះគឺអាគារការិយាល័យកណ្តាលធនាគារ ពាណិជ្ជស្ថាបនាភីអ៊ិលស៊ី។

លោក Han Chang Woo បានថ្លែងឲ្យដឹងក្នុងពេលប្រកាសគំរោងនេះកាលពីពេលថ្មីៗនេះថា ការសាងសង់អាគារកំពស់២២ជាន់ និង៥ជាន់នៅក្រោមដីនេះ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១៩ខាងមុខនេះ ដែលអាគារនេះនឹងប្រើប្រាស់សម្រាប់ តែការិយា​ល័យកណ្តា​ល រប​ស់ធនាគារពាណិជ្ជស្ថាបនាភីអ៊ិលស៊ីតែមួយប៉ុណ្ណោះ ហើយអាគារនេះ អាចអនុញ្ញាត្តិ ឲ្យបុគ្គ​លិកធ្វើការបានចំនួន១២០០នាក់។

គំរោងនេះជាកម្មសិទ្ធរបស់ក្រុមហ៊ុន MARUHAN Investment Cambodia ដែលដឹកនាំដោយ MARUHAN Corporation in Japan។

លោក Han Chang Woo បានបន្តថា “យើងជឿជាក់ថាវិស័យធនាគារនៅកម្ពុជា នឹងបន្តរីកចំរើនក្រោមការគាំទ្រយ៉ាងរឹងមាំពីរដ្ឋាភិបាល និងគ្រប់គ្រងដោយធនាគារជាតិនៃកម្ពុជា ហើយស្ថាបនានឹងប្តេជ្ញាចិត្តចូលរួមចំណែក ក្នុងការជំរុញឲ្យវិស័យនេះកាន់តែ​រីកចំរើន ក៏ដូចជាជំរុញកំនើនសេដ្ឋកិច្ចកម្ពុជា”។លោកបន្តថា “ ខ្ញុំជឿជាក់ថាប្រទេ​សកម្ពុជា នឹងបន្តមានការអភិវឌ្ឍលូតលាស់យ៉ាងខ្លាំងលើគ្រប់វិស័យ ក្នុងពេល​អនាគត ហើយនេះជាពេលវេលាដែលស័ក្តិសមបំផុត ក្នុងការចាប់ផ្តើមសាងសង់​អាគារនេះ”។

ធនាគារស្ថាបនាជាធនាគារពាណិជ្ជនាំមុខមួយនៅកម្ពុជា ដែលមានសាខាសរុបចំនួន១៦៣កន្លែង មានបុគ្គលិកជាង៤០០០នាក់។គិតត្រឹមថ្ងៃទី៣១ ធ្នូ ឆ្នាំមុន ធនាគារស្ថាបនាភីអ៊ិលស៊ី បានចុះឈ្មោះរបស់ខ្លួន ដោយមានដើមទុន១២០លានដុល្លារ និងមានទ្រព្យសកម្មសរុបចំនបួន៩២៩លានដុល្លារ សមតុល្យឥណទានកម្ចីសរុប៦១១លានដុល្លារ និងមានប្រាក់បញ្ញើរ៥៨៣លានដុល្លារអាមេរិក។

រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់លោកប៉ែន សុផលបានថ្លែងថា លោកជឿជាក់ថាម៉ារ៉ូហាន់គ្រុប និងក្រុមហ៊ុនសាងសង់អាគារ​ការិយាល័យកណ្តាលថ្មីរបស់ធនាគារស្ថាបនា ភីអ៊ិលស៊ីនេះពិតជានាំមកនូវបច្ចេ​កវិទ្យាទំនើប បច្ចេក​ទេ​ស និងគុណភាពខ្ពស់ស្របតាមបទដ្ឋានជាតិ និងអន្តរជាតិ ដែលអ្នកអភិវឌ្ឍន៍ អ្នកជំនាញឯកទេស អ្នកចែកចាយសម្ភារៈសំណង់ និងអ្នកពាក់ព័ន្ឋដទៃទៀតនៅកម្ពុជា កំពុងស្រូបយកនូវបទពិសោធន៍ទាំងនេះមកអនុវត្តន៍ និងចូលរួមបង្កើនសក្តានុពលក្នុងវិស័យសំ​ណង់ គាំពារបរិស្ថាន និងលើកតំកើងវបប្បធ៌មខ្មែរក្នុងយុគសម័យនេះ។

ធនាគារនេះសាងសង់នៅលើផ្ទៃដីទំហំ២,១១៣ម៉ែត្រការ៉េ និងមានទីតាំងស្ថិតនៅក្នុងតាមបណ្តោយមហាវិថីនរោត្តម កែងផ្លូវ១៧២ និងផ្លូវលេខ១៧៤ ស្ថិតក្នុង​សង្កាត់ជ័យជំនះ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រធានសមាគមអ្នកវាយតំលៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជាលោកគីម ហ៊ាងបានថ្លែងថា ពីមុននៅតំបន់នេះការសាងសង់អាគារបានត្រឹមកំពស់៨ជាន់ប៉ុណ្ណោះ ប៉ុន្តែនៅពេលនេះអាចសាងសង់បានកំពស់២២ជាន់ គឺជាការប្រសើរណាស់ ដែលនឹងតំលៃដីនៅតំបន់នោះនឹងកើនឡើង។ លោកបន្តថា ដីនៅតំបន់នេះ មានតំលៃចន្លោះពី៥៥០០ដល់៦០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោកបន្តថា “ទីតាំងណាដែលអាចសាងសង់ខ្ពស់បាន តំលៃដីនឹងមានតំលៃខ្ពស់ ហើយតំលៃដីនៅតំបន់នេះនឹងកើនឡើងបន្តទៀត ប៉ុន្តែក្នុងកម្រិតទាប ព្រោះវាមានតំលៃថ្លៃរួចទៅហើយ។

ប្រសិនជាគិតត្រឹមតែតំលៃដីមួយម៉ែត្រការ៉េ៥៥០០ដុល្លារ បូកនឹងទំហំដី​ ជាក់ស្តែង ដីនៅក្នុងគំរោងនេះមានតំលៃ១១,៦២០,៥០០លានដុល្លារអាមេរិក។

ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិលោកបណ្ឌិតម៉ី កល្យាណបាន​ថ្លែងថា បច្ចុប្បន្ននេះក្រុមហ៊ុនជប៉ុនបានវិនិយោគលើមូលដ្ឋាន សម្រាប់ការ​វិនិយោគរយៈពេលវែងនៅកម្ពុជារួចហើយ ព្រោះបច្ចុប្បន្នមានក្រុមហ៊ុនជប៉ុនជា​ច្រើនវិនិយោគលើមូលដ្ឋានចាំបាច់ សម្រាប់ការស្នាក់នៅរបស់ពួកគេ ដូចជា ខុនដូ មន្ទីរពេទ្យ សណ្ឋាគារ ភោជនីយដ្ឋាន ធនាគារ និងសេវាកម្មនានា ពិសេសការហោះហើរ​ត្រង់ដោយផ្ទាល់របស់អាកាសចរណ៍ ANA ដែលជាប្រវត្តិសាស្រ្តនៃការប្រែប្រួលទំនាក់ទំនង និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕

ប្រភព : Property area