Register Already an agent ? Login

ជំនាញអចលនទ្រព្យមួយទៀត ដែលរកលុយបានច្រើន មិនទាន់មានអ្នកផ្តល់សេវាគ្រប់គ្រាន់

ភ្នំពេញ៖ Property Management ជាសេវាគ្រប់គ្រងអចលនទ្រព្យ ដែលកម្ពជាមិនទាន់បំពេញបាននៅឡើយទេ ដោយសារក្រុមហ៊ុនអចលនទ្រព្យនានានៅកម្ពុជាមិនទាន់មានជំនាញនេះនៅឡើយ។

វាជាជំនាញមួយ និងជាសេវាកម្មមួយដែលអាចរកប្រាក់បានច្រើន ប៉ុន្តែមិន​ទាន់មានក្រុមហ៊ុនច្រើននៅឡើយទេ ដែលអាចចាប់យកឳកាសនេះបាន។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកបណ្ឌិតគីម ហ៊ាងកាលពីពេលថ្មីៗនេះបានលើកឡើងថា ជំនាញគ្រប់គ្រងអចលនវត្ថុ(Property Management) នៅ​កម្ពុជាមិនទាន់មានក្រុមហ៊ុនច្រើនអាចធ្វើបាននៅ ឡើយទេ គឺបច្ចុប្បន្នមានក្រុមហ៊ុនអន្តរជាតិបីឬបួនប៉ុណ្ណោះ បានផ្តល់សេវាកម្មផ្នែកនេះ ខណៈសេវាកម្មបែបនេះនៅមានសក្តានុពល ពោលគឺមានតម្រួវការច្រើន​ក្នុងទីផ្សារ។

លោកបន្តថា ​”ជំនាញនេះមានសារៈសំខាន់ និងអាចរកលុយបានច្រើន ហេតុនេះ យើងគួរពង្រឹងផ្នែកនេះ ដើម្បីអាចផ្តល់សេវាកម្មជាមួយចំណេះដឹងនិង​ផ្តល់សេវាកម្មល្អប្រសើរដល់អតិថិជន”។លោកបន្តថា “សំណង់អាការធំៗខ្ពស់ៗ ជាច្រើនបានរីកចម្រើននៅកម្ពុជាយ៉ាងខ្លាំង ហេតុនេះការសិក្សាជំនាញនេះពិតជា​មានសារៈសំខាន់ ដើម្បីជួយដល់វិស័យនេះ”។ ក្រុមហ៊ុនអន្តរជាតិតិចតួចប៉ុណ្ណោះបាន និងកំពុងផ្តល់សេវាកម្មនេះនៅកម្ពុជា។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បានមានប្រសាសន៍ឲ្យដឹងថា បើអាគារខុនដូ អាគារការិយាល័យ ឬអាផាតម៉ិនណាមួយមានអ្នក​ជំនាញគ្រប់គ្រងបានល្អ ផ្តល់សុវត្ថិភាព ផ្តល់ការថែរទាំ នឹងធ្វើ ឲ្យអចលនទ្រព្យកើនឡើង និងធ្វើឲ្យអាគារនោះមានភាពថ្មីជានិច្ច ព្រោះសេវាគ្រប់គ្រងអចលនទ្រព្យ នឹងផ្តល់ការថែរទាំ ជួលជុសអាគារនោះ។

អ្នកនាងបន្តថា “ការមានក្រុមហ៊ុនជំនាញធ្វើការលើផ្នែកនេះ នឹងធ្វើឲ្យអច​លនទ្រព្យនោះទាក់ទាញអ្នកជួល និងទាក់ទាញអ្នកទិញអាគារនោះកាន់តែច្រើន ប៉ុន្តែយ៉ាងណាក៏ដោយនៅកម្ពុជា មិនសូវមានក្រុមហ៊ុនជំនាញគ្រប់គ្រងអចលន​ទ្រព្យបែបនេះច្រើននៅឡើយ”។

អ្នកនាង អាន សុធីតា បានបន្តថា ការផ្តល់សេវាគ្រប់គ្រងអាគារឬអចលនទ្រព្យណាមួយ ធ្វើឡើងដោយមានកិច្ចព្រមព្រៀងរវាងម្ចាស់អាគារ និងក្រុមហ៊ុន​គ្រប់គ្រងអចលនទ្រព្យ ដែលយកកម្រៃសេវាកម្មពីអ្នកស្នាក់នៅលើអាគារ តាមតម្លៃសមរម្យមួយ ដែលមានការឯកភាពរវាងអ្នកគ្រប់គ្រង និងអ្នកវិនិយោគ ហើ​យថវិកានោះ នឹងបែងចែងប្រើប្រាស់លើការថែរទាំ ការជួសជុលអាគារ និងបែងចែកភាគលាភផ្សេងៗទៀត ដល់ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យនោះ៕

ប្រភព : Property area