Register Already an agent ? Login

កត្តាសំខាន់ៗទាំងនេះ នឹងជំរុញឲ្យប្រជាជនខ្មែររស់នៅតាមខុនដូ

ភ្នំពេញ៖ កំនើនប្រជាសាស្រ្ត ការកកស្ទះចរាចរណ៍កាន់តែខ្លាំងនៅក្រុង ភ្នំពេញ កំនើនតម្លៃដីធ្លី និងភាពស៊ីវិល័យនៃស្តង់ដារស់នៅកំពុងជំរុញឲ្យ​ប្រជា​ពលរដ្ឋខ្មែរកាន់តែច្រើនរស់នៅតាមខុនដូ។

នាយក​ក្រុមហ៊ុនស្លឹក​ប្ញទ្ធរៀល​ធីលោកឃាង ពុទ្ឋីបាន​និយាយឲ្យដឹងតាមទូរ​ស័ព្ទកាលពីពេលថ្មីៗនេះថា មិនយូរ​ទេ​និន្នាការ​រស់នៅ​តាម​ខុនដូ​ របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ​នឹង​កើន​ឡើងដោយសារកត្តាខាងលើនេះ។ អ្នក​ដែល​រស់​នៅ​ខុនដូ ភាគ​ច្រើន​​ជា​អ្នក​ដែល​ធ្លាប់​បាន​ទៅ​រស់​នៅ ឬ​សិក្សា​នៅ​ក្រៅ​ប្រទេស​។ ការ​រស់នៅ​ខុនដូ គឺ​មាន​ភាព​ឯករាជ្យ និង​មាន​សុវត្ថិ​ភាព​ខ្ពស់​។

លោក​បាន​បន្តថា បច្ចុប្បន្ន​នេះ​មាន​ប្រជា​ពល​រដ្ឋ​ខ្មែរ ​ដែល​មាន​ប្រាក់​ចំណូ​ល​ពី​មធ្យម​ទៅ​ខ្ពស់​កាន់​តែ​ច្រើន ​បាន​ងាក​មក​​ចាប់​អារម្មណ៍​ចំពោះ​ការ​ស្នាក់នៅ​ខុន​​ដូ​វិញ ពីព្រោះ​ខុនដូ​មាន​ទីតាំង​នៅកណ្តាល​ក្រុង ស្របពេលការ​កក​ស្ទះ​ចរាច​រ​ណ៍ និង​ការ​កើន​ឡើង​នៃ​តម្លៃ​ដី ក៏​បាន​ចូល​រួម​ចំណែក​ធ្វើ​ឱ្យ​ការ​គិត​របស់​ប្រជា​ពល​រដ្ឋ​ប្រែ​ប្រួល​ផងដែរ​។

លោក​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ ​ត្រូវ​តែ​មាន​គំនិត​សុទិដ្ឋិនិយម​ចំពោះ​ភាព​រីក​ចម្រើន​នៃ​វិស័យ​ខុនដូ និង​ត្រូវនាំគ្នា​គាំទ្រ ព្រោះ​បើ​យើង​មានគំនិត​អវិជ្ជមាន​ប្រាកដ​ណាស់​ថា វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការអភិវឌ្ឍ​ប្រ​ទេស​​​ជា​មិន​ខាន​ ខណៈ​ប្រទេស​ជិត​ខាង​កម្ពុជា គេ​បាន​ធ្វើ​ដំណើរ​លឿន​ជាង​ប្រទេ​ស​​យើង​ឆ្ងាយ​ណាស់​ទៅ​ហើយ ចំពោះផ្នត់គំនិតនៃការ​រស់​នៅ​ខុនដូ ដូច្នេះ​យើង​មិន​ត្រូវ​គិត​ថា ការ​សាងសង់​នេះ​វា​លើស​តម្រូវការ​ទេ ព្រោះ​បើ​លើស​មែន​រាជរដ្ឋាភិ​បាល​នឹង​មាន​វិធានការណ៍​ដោះស្រាយ​ជា​មិន​ខាន។

យោងតាមការសិក្សារបស់ក្រុមហ៊ុន VTRUST Appraisal ដែលបានដាក់​បង្ហាញកាលពីសប្តាហ៍មុនបានឲ្យដឹងថា ចំនួនខុនដូនៅរាជធានីភ្នំពេញបានកើន​ដល់៦០៥០០០យូនីត និងខេត្តព្រះសីហនុមានចំនួន៥០០០យូនីត ក្នុងនោះខុនដូ​ដែលបានដាក់ឲ្យដំនើរការមានចំនួន៨៧០០យូនីត។

នាយក​ក្រុមហ៊ុន Spring CJW Development លោក Anthony Ong ដែល​កំពុង​វិនិយោគ​លើ​គម្រោង​ខុនដូ Axis Residences ដែល​មាន​ចំនួន​៥៦៦​យូនីត ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ2004 ជិត​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ បាន​លើក​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា“ប្រជាពល​រដ្ឋ​​ខ្មែរ​ នៅ​តែ​ជា​សសរ​គ្រឹះ​ដ៏​រឹង​មាំ​នៃ​កំណើន​សេដ្ឋកិច្ច និង​អចលនវត្ថុ​ក្នុង​ប្រទេស​កម្ពុជា”។ លោក​បន្តថា “យើង​ពិតជា​មាន​ការ​ជឿជាក់ និង​ចង់​ឱ្យ​ប្រជា​ពល​ដ្ឋ​ខ្មែរ​ ទទួល​បាន​កន្លែង​រស់នៅ​ដ៏​ស្អាត​កម្រិត​ស្តង់ដា”។

លោក Anthony បញ្ជាក់ថា “យើង​ពិតជា​ចង់​ចូល​រួម​ជួយ​លើក​កម្ពស់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ តាម​រយៈ​កាល​ផ្តល់​ជូន​នូវ​កន្លែង​រស់​នៅ​មួយ​ដ៏​ល្អ​ដូច​នៅ​ប្រទេស​សឹង្ហបុរី”។ លោកបន្តថា“គោលបំណង​ដែល​យើង​ធ្វើការ​វិនិយោគ​ខុនដូ Axis Residences គឺ​មិន​គ្រាន់​តែ​ដើម្បី​បង្កើត​ជា​ផ្ទះ​ស្នាក់នៅ​រួម​នោះទេ តែ​ការ​ពិត​វា​ជា​លំនៅឋាន​ដែល​គួរ​ឱ្យ​ចង់​រស់​នៅ និង​មាន​អ្វីៗ​គ្រប់​យ៉ាង​​ជា​តម្រូវការ​របស់​អ្នក​ស្នាក់​នៅ”។

អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia​បានថ្លែងថា ប្រជាពលរដ្ឋរស់នៅខុនដូ ​និងបានទិញខុនដូបានកើនឡើងសន្សឹមៗប៉ុន្តែនិន្នាការនេះកំពុងវិវត្តន៍ល្អប្រសើរ ដោយអតិថិជនជាជនជាតិខ្មែរភាគច្រើន​ទិញសម្រាប់រស់នៅ និងទុកជួល ប៉ុន្តែជនបរទេសទិញភាគច្រើនទុនសម្រាប់ជួលនិងលក់ចេញនៅពេលទទួលបានផលចំណេញ។

លោកណារិទ្ឋ ចនប្រជាពលរដ្ឋរស់នៅក្រុងភ្នំពេញ ដែលបានទិញខុនដូមួយ​នៅតំបន់បឹងត្របែកបាននិយាយថា លោកសម្រេចចិត្តទិញខុនដូ ព្រោះចង់ផ្លាស់​ប្តូររបៀបនិងបែបផែននៃការរស់នៅ ដោយសារលោកមានផ្ទះរួចហើយ ហេតុ​នេះទើបលោកទិញខុនដូមួយទៀត សម្រាប់លំហែរ។លោកបន្តថា លោកឃើញ​មានប្រជាជនខ្មែរកាន់តែច្រើនបានទុញខុនដូ ដោយសារពួកគេចង់បានជីវិតស៊ី​វិល័យ និងផាសុខភាព។

លោកបន្តថា “ខ្ញុំគិតថាប្រជាពលរដ្ឋខ្មែរកាន់តែច្រើន នឹងរស់នៅតាមខុនដូ​នាពេលអនាគត ព្រោះពួកគេជាមនុស្សសម័យថ្មី និងចង់បានជីវិតបែបស៊ីវិ​ល័យ”៕

ប្រភព : Property area