Register Already an agent ? Login

ជំហានទាំង៥ ដែលអ្នកត្រូវអនុវត្តន៍ដើម្បីលក់ផ្ទះឆាប់ដាច់

ភ្នំពេញ៖ ការលក់ផ្ទះ មិនមែនដូចការលក់បន្លែនៅលើទីផ្សារទេ ព្រោះផ្ទះជាអចលនទ្រព្យធំមានតម្លៃខ្ពស់ និងជាអចលនទ្រព្យសម្រាប់បំរើការរស់នៅ ហេតុនេះ ការលក់ផ្ទះពិតជាពិបាក តែក៏មិនពិបាកបើសិនជាលោកអ្នកអនុវត្តន៍តាមអ្នកជំនាញរបស់យើង។

លោកស្រី តាំង ហួរ អគ្គនាយិកានៃក្រុមហ៊ុន AMATAK Property Service Co, Ltd ដែលមានជំនាញលើការងារនេះ បានឲ្យដឹងកាលពីព្រឹកថ្ងៃទី១៦ កក្កដានេះថា ការលក់ផ្ទះឲ្យឆាប់ដាច់ មិនមែនជាការងាយស្រួលនោះទេ ប្រសិនជាយើងមិនដឹងពី​យុទ្ឋសាស្រ្ត និងរបៀបរៀបចំផ្ទះឲ្យបានត្រឹមត្រូវ។

លោកស្រីបានបន្តថា ដើម្បីលក់ផ្ទះឆាប់ដាច់ម្ចាស់ផ្ទះត្រូវអនុវត្តន៍វិធីសាស្រ្ត​ចំនួន៥ រួមមាន 

ទី១ ហាមលក់ផ្ទះដែលមិនបានសំអាតហើយ​កខ្វក់ និងមានក្លិនមិនល្អ។ 

ទី២ នៅពេលដែលអ្នកសម្រេចចិត្តលក់អចលនទ្រព្យ របស់អ្នកត្រូវសុំការប្រឹក្សាពីក្រុមហ៊ុន ឬអ្នកដែលមានជំនាញ ឬត្រូវទទួលយកតំលៃសមរម្យណាមួយសំរាប់លក់ និងត្រូវការសំអាតអនាម័យឲ្យបានស្អាត ប្រសិន​បើផ្ទះអ្នកមានសួនច្បារត្រូវថែរក្សារកាត់ផ្កាឲ្យស្រស់បែបធម្មជាតិ។

ទី៣ ម្ចាស់ផ្ទះត្រូវយកចិត្តទុកដាក់ជាពិសេស ទៅលើបន្ទប់គេង កុំឲ្យមានខោ អាវ​រញ៉េរញ៉ៃ​ និងបន្ទប់ទឹកក្លិនមិនល្អ។ អំពូលភ្លើងដាច់ងងឹតឈឹង ផ្ទះបាយមិនស្អាត កន្លែងទទួលភ្ញៀវ និងទីធ្លាផ្នែកខាងក្រោយមិនសំអាតជារឿងមិនត្រូវធ្វើ​។ កុំទុកឱ្យមានចានមិនទាន់លាង ឬផ្ទះបាយមិនស្អាតឱ្យសោះ ឫក្លិនជក់បារីនៅក្នុងផ្ទះ និងចៀសវាងក្លិនអាហារផ្សេងៗ ដូចជាត្រី ប្រហុក ឬអាហារដែលមានក្លិនខ្លាំងដទៃទៀត។

ទី៤ ត្រូវសម្អាតផ្ទះឲ្យបានស្អាត និងមានក្លិនល្អជាគន្លឹះ ដើម្បីផ្តល់ភាពទាក់ទាញ។ ជៀសវាងប្រើគ្រឿងក្រអូបSpayបាញ់ខ្លាំងពេក មុនពេលអ្នកទិញមកផ្ទះ របស់អ្នក និងចំណុចទី៥ គឺជាគន្លឹះពិសេសចុងក្រោយមុន នឹងភ្ញៀវមកមើលផ្ទះអ្នកត្រូវបើកភ្លើងពណ៍ឲ្យភ្លឺល្មម ហើយកុំភ្លេចបើកម៉ាស៊ីនត្រជាក់ចោលផង ហើយត្រូវមានក្លិនល្អ។ លោក អ្នកអាចឆុងកាហ្វេ ឬដុតទៀនក្រអូប Aroma មុនពេលមានការចុះមកមើលផ្ទះរបស់អ្នកទិញ ព្រោះក្លិនទាំងនេះ គឺមានការទាក់ទាញយ៉ាងខ្លាំង ហើយអាចទាក់ទាញចំណាប់អារម្មណ៍អ្នកទិញបាន៕

ប្រភព : Property area