Register Already an agent ? Login

កម្ពុជានឹងមានរថភ្លើងល្បឿនលឿន ពីភ្នំពេញទៅកាន់ខេត្តសៀមរាប នាពេលខាងមុខ

ភ្នំពេញ៖ តើអ្នកបានត្រៀមខ្លួនសម្រាប់ការធ្វើដំណើរ តាមរថភ្លើងល្បឿនលឿនពីរាជធានីភ្នំពេញទៅកាន់ខេត្តសៀមរាប និងពីខេត្តសៀមរាបទៅកាន់ក្រុងប៉ោយប៉ែតឬ​នៅ? ខណៈបច្ចុប្បន្នក្រុមហ៊ុនចិនបាន និងកំពុងសិក្សាលទ្ឋភាពវិនិយោគសាងសង់ផ្លូវ​រថភ្លើងល្បឿនលឿនទៅមកាន់គោលដៅទាំងនេះ។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ា ស៊ីមសូរិយាបានមាន​ប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី២ កក្កដា កន្លងមកថា នៅក្នុងផែនការមេរបស់​ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកូរ៉េ (KOICA) បានសិក្សាពីគម្រោងនេះរួច​ហើយ ហើយក្រុមហ៊ុនចិនបាននិងកំពុងសិក្សាលទ្ឋភាព ដើម្បីវិនិយោគសាងសង់ផ្លូវរថភ្លើងល្បឿនលឿនទៅកាន់ខេត្តសៀមរាប និងក្រុងប៉ោយប៉ែតផងដែរ។

លោកបន្តថា “ទោះជាយ៉ាងណាខ្ញុំមិនទាន់អាចបញ្ជាក់បានថា ការសិក្សាបញ្ចប់របស់ក្រុមហ៊ុនចិនទាំងនោះនឹងបញ្ចប់នៅពេលណាទេ ហើយការសាងសង់នឹងចាប់ផ្តើម​នៅពេលណាជាក់លាក់នៅឡើយទេ”។លោកបន្តថា “ប្រទេសរបស់យើងបានឈានដល់​ដំណាក់កាលថ្មីមួយ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខ្លួន តាមរយៈការសាងសង់ហេ ដ្ឋារចនាសម្ព័ន្ឋថែមទៀត ដើម្បីជម្រុញកំនើនសេដ្ឋកិច្ចជាតិ”។

លោកសូរិយាបានបន្តថា បើចង់អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់យើងទៅកាន់លំដាប់ថ្មី កម្ពុជាត្រូវការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋទាំងនោះ ប៉ុន្តែវាត្រូវការការវិនិយោគលើទឹក​ប្រាក់ដ៏ច្រើន ដើម្បីដំណើរការហេដ្ឋារចនាសម្ព័ន្ឋចាំបាច់ ក្នុងការធ្វើសមាហរណកម្មផ្ទៃក្នុងប្រទេស និងជាមួយបណ្តាប្រទេសក្នុងតំបន់។

លោកបណ្ឌិតវ៉ាន់ វ៉ាតអ្នកឯកទេសផ្នែកនគរូបនីយកម្មបានថ្លែងថា ការវិនិយោគ​លើ​​បណ្តាញផ្លូវដែក ឬហេដ្ឋារចនាសម្ព័ន្ឋដទៃទៀត ពិតជារឿងប្រសើរ ដែលជួយសម្រួល​ចរាចរន៍ ការតភ្ជាប់ការដឹកជញ្ជូន ការកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរ ដែលជាការ​ផ្តល់ជម្រើសថ្មីដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ក៏ដូចជាចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕

ប្រភព : Property Area