Register Already an agent ? Login

ព៌តមានក្តៅ! មហាយក្សចិន កំពុងចាត់វិធានការទៅលើភាពមិនប្រក្រតីក្នុងវិស័យអចលនទ្រព្យ

ភ្នំពេញ៖ មហាយក្សចិននៅមិនស្កប់ឡើយ នៅពេលវិស័យអចលនទ្រព្យក្នុងប្រទេ​សរបស់ខ្លួន មានភាពមិនប្រក្រតីដោយអ្នកអភិវឌ្ឍន៍ និងទីភ្នាក់ងារអចលនទ្រព្យមួយចំនួនធ្វើសកម្មភាពដោយគ្មានច្បាប់ទម្លាប់ ឬមិនបានសុំការអនុញ្ញាពីអាជ្ញាធរ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន Xinhua បានអោយដឹងកាលពីពេលថ្មីៗនេះថា អជ្ញាធរលំនៅដ្ឋានចិន កំពុងចាត់វិធានការក្តៅនៅទូទាំងប្រទេស ទៅលើអ្នកអភិវឌ្ឍន៍ និងទីភ្នាក់ងារអចលនទ្រព្យដែលមិនបានគោរពច្បាប់អោយបានត្រឹមត្រូវ។

តាមរបាយការណ៍របស់ក្រសួងលំនៅដ្ឋាន និងការអភិវឌ្ឍន៍ជនបទ និងទីប្រជុំជនរបស់ចិនបានឲ្យដឹងថា មានទីក្រុងចំនួន៣០នៃប្រទេសចិន នឹងត្រូវធ្វើការត្រួតពិនិត្យចំពោះភាពមិនប្រក្រតីខាងផ្នែកអចលនទ្រព្យ ដោយសារមានក្រុមហ៊ុនមួយចំនួនបានធ្វើសកម្មភាពផ្សព្វផ្សាយជាសាធារណៈ នូវពាណិជ្ជកម្មមិនពិតក្នុងការផ្តល់វិញ្ញាបនបត្រក្លែងក្លាយ ការប្រឌិតព័ត៌មានអំពីការលក់លំនៅដ្ឋាន អតិផរណាសិប្បនិម្មិតនៃតម្លៃផ្ទះ ការប្រើប្រាស់ប្រាក់កម្ចីខុសច្បាប់ និងឧបករណ៍ហិរញ្ញវត្ថុផ្សេងៗទៀត។

យុទ្ធនាការចុះបង្ក្រាបចំពោះករណីមិនប្រក្រតីនេះ បានចាប់ផ្តើមពីថ្ងៃទី ១ ខែកក្កដាដល់ថ្ងៃទី៣១ ខែធ្នូខាងមុខនេះ។ សាធារណជនទូទៅ និងអជ្ញាធរពាក់ព័ន្ធត្រូវបានលើកទឹកចិត្តឱ្យចូលរួមជាមួយអាជ្ញាធរចិន ដើម្បីចាត់វិធានការចំពោះភាពមិនប្រក្រតីចំពោះវិស័យអចលនទ្រព្យមួយនេះ ដែលកំពុងមានការរីកចម្រើនក្នុងតំបន់អាស៊ី។

ទីក្រុងធំៗ ដូចជា ទីក្រុង Wuhan និង ទីក្រុង Chengdu ព្រមទាំងទីក្រុងតូចៗដូចជា ទីក្រុង Yichang និង ទីក្រុង Foshan ត្រូវបានគេចាត់បញ្ចូល ដែលមានភាពមិនប្រក្រតីលើវិស័អចលទ្រព្យខ្លាំងជាងគេ ក្រៅពីទីក្រុងប៉េកាំង និងសៀងហៃជាដើម។

ការបង្រ្កាបនេះបង្ហាញពីជំហ៊ានថ្មីមួយទៀត ដែលធ្វើឡើងដោយក្រុងប៉េកាំង ដើម្បីទប់ស្កាត់ការកើនឡើងតម្លៃលំនៅឋាន នៅទូទាំងទាំងប្រទសចិន ក៏ដូចជាធ្វើឱ្យមានលក្ខណៈស្តង់ដារលើវិស័យអចលនទ្រព្យ៕

ប្រភព : Property Area