Register Already an agent ? Login

ស្ពានអាកាសតម្លៃ១៧លានដុល្លារ បានប្រកាសដាក់ឲ្យប្រើប្រាស់ផ្លូវការ

ភ្នំពេញ៖ ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខប្រវែង ៩៤២ម៉ែត្រ (ស្ពានអាកា​សផ្សារដីហុយ) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្ងៃនេះ នឹងចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ នៅរាជធានីភ្នំពេញ។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា និងលោកស្យង់ ប៉ូឯកអគ្គរដ្ឋទូតចិន​ប្រចាំកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធស្ពានអាកាស ដែលមានប្រវែងវែងជាងគេនៅក្នុងទីក្រុងភ្នំពេញ ដែលចំណាយពេលសាងសង់រយៈពេល២៤ខែនាព្រឹកថ្ងៃទី២ កក្កដានេះ។

បើលោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូនបានឲ្យ​ដឹងថា ស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ មានបណ្ដោយប្រវែង៩៤២ម៉ែត្រ ទទឹង ១៦,៥ ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) ចំណាយថវិកាសាងសង់សរុបប្រមាណ ១៧ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប ខូអិលធីឌី (Shanghai Construction Group Co., Ltd) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន ទីប្រឹក្សាសំណង់ ក្វាងចូវវ៉ានអាន (Guangzhou Wanan Contructiontion Supervision Co., Ltd) ដោយប្រើរយៈពេលសាងសង់ចំនួន២៤ខែ។

លោកបន្តថា “សុខសន្តិភាព និងស្ថេរភាពនយោបាយដ៏រឹងមាំ ក្រោមការដឹកនាំប្រក​ប​ដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជារក្សាបានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ក្នុងរង្វង់៧ភាគរយ ដែលកំណើនសេដ្ឋកិច្ចនេះ ជាកត្ដាជំរុញឱ្យមានកំណើនមធ្យោបាយដឹកជញ្ជូនទីក្រុងកាន់តែច្រើន”។

លោកស៊ុន ចាន់ថុលបានបន្តថា ស្ពាននេះ ដើរតួយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ ចំណាយពេលតិច ព្រមទាំងរួមចំណែកកាត់បន្ថយការកកស្ទះចរាចរ​ណ៍ គ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនផងដែរ។

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានថ្លែងអំណរគុណមហាមិត្តចិន និងបានលើកឡើងពីប្រវត្តិនៃទីក្រុងភ្នំពេញកាលពីអតីតកាល ព្រមទាំងកត្តាសុខសន្តិភាពដែលធ្វើឲ្យកម្ពុជាមានលទ្ឋភាព អភិវឌ្ឍន៍ប្រទេសបានជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃនេះ ពិសេសឆ្នាំនេះជាខួបលើកទី២០ ដែលកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ និងជា​ខួបលើកទី៦០នៃទំនាក់ទំនងមិត្តភាពកម្ពុជា ចិន។

ជាមួយនឹងការដាក់ឲ្យប្រើប្រាស់ស្ពាននេះ សម្តេចតេជោហ៊ុន សែនបានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងសំណូមពរដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ ឱ្យចូលរួមថែរក្សាសម្បត្តិដ៏មានតម្លៃវិសេសវិសាលនេះផងដែរ៕

ប្រភព : Property Area