Register Already an agent ? Login

រោងចក្រកាត់ដេររបស់ចិនចំនួន៤ក្រុមហ៊ុន បានចាប់ផ្តើមសាងសង់នៅតំបន់សេដ្ឋកិច្ច ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ យោងតាមរយៈទំព័រហ្វេសបុកជាផ្លូវការរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានប្រកាសឱ្យដឹងថា ក្រុមហ៊ុនរោងចក្រកាត់ដេររបស់ចិនចំនួន ៤ បាននឹងកំពុងតែមានគម្រោងធ្វើការសាងសង់លើទឹកដីខេត្តព្រះសីហនុ។

រយៈពេលកន្លងៗមក យើងបានដឹងរួចមកហើយថា ប្រទេសចិនបានចូលរួមវិនិយោគទុនយ៉ាងច្រើននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងតំបន់ពាណិជ្ជកម្មស្ទឹងហាវ ដែលគម្រោងនឹងដំណើរការនៅដើមឆ្នាំ ២០១៩ខាងមុខនេះ។ ការចូលរួមខាងវិស័យកាត់ដេររបស់ក្រុមហ៊ុនចិនអាចជាការចាប់ផ្តើមមួយនៅក្នុងគម្រោងសេដ្ឋកិច្ចពិសេសមួយនេះផងដែរ។

តំបន់សេដ្ឋកិច្ចពិសេស និងតំបន់ពាណិជ្ជកម្មស្ទឹងហាវ

បន្ថែមពីនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងផងដែរថា ក្រុមហ៊ុនឧស្សាហកម្មកាត់ដេរ បានប្រើទុនវិនិយោគយ៉ាងច្រើនក្រាស់ក្រាល់លើទឹកដីខេត្តព្រះសីហនុដោយមានព័ត៌មានលម្អិតដូចជា៖

១) CAMBODIAN YUNKUN CO., LTD : គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៦៦កន្លែង។

២) HISAO INTERNATIONAL (CAMBODIA) GARMENT CO., LTD. :គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៧០កន្លែង។

៣) AUROTIME NEW MATERIALS CO., LTD.: គម្រោងបង្កើតរោងចក្រផលិតសារធាតុ Vanadium Pentoxide, Ammonium Metavanadate, Molybdenum oxide,និង Ferronickel មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៧៨កន្លែង។

៤) SIHANOUKVILLE SPECIAL ECONOMY ZONE THERMAL POWER CO., LTD.: គម្រោងបង្កើតរោងចក្រអគ្គិសនីដោយប្រើថាមពលធ្យូងថ្ម (ទំហំ ១០០មេកាវ៉ាត់) , មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគប្រមាណ ៤១,១៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៥កន្លែង។

តំបន់សេដ្ឋកិច្ចពិសេស និងតំបន់ពាណិជ្ជកម្មស្ទឹងហាវ

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ បានក្លាយជាទិសដៅដ៏សំខាន់នៅក្នុងការវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក យោងតាមផែនការរបស់ប្រមុខរាជរដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងហេដ្ឋារចនាសម្ព័ន្ធនានាផងដែរ៕

យោងតាមប្រភព៖ ទំព័រហ្វេសបុកផ្លូវការរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា The Council for the Development of Cambodia