Register Already an agent ? Login

ឃើញតែទិញដីទុកចោល តែវិនិយោគចិនមិនទាន់មានគម្រោងធំដុំនៅខេត្តសៀមរាបនៅឡើយទេ

សៀមរាប៖ ដូចអ្នកដែលលោកអ្នកបានដឹងរួចមកហើយថា អ្នកវិនិយោគចិន គឺជាក្រុមប្រទេសវិនិយោគដ៏ធំបំផុតចំណាត់ថ្នាក់លេខ១ នៅក្នុងប្រទេសកម្ពុជាលើវិស័យដីធ្លី និងសំណង់ផ្សេងៗ។ តែបើសង្កេតមកដល់ពេលបច្ចុប្បន្ន អ្នកវិនិយោគចិន មានការសាងសង់សំណង់ និងអភិវឌ្ឍន៍ធំៗតែលើរាជធានីភ្នំពេញ និងខេត្តព្រះសីហនុតែប៉ុណ្ណោះ។ ដោយឡែកនៅក្នុងខេត្តសៀមរាបឯណោះវិញ ស្ថិតនៅក្នុងសភាពហ្នឹងថ្កល់នៅឡើយ ដោយមានក្រុមហ៊ុនធំរបស់ចិនតែមួយប៉ុណ្ណោះ ដែលមានគម្រោងរឿងសាងសង់ព្រលានយន្តហោះថ្មី។

រូបភាពព្រលានយន្តហោះចាស់

ទោះបីជាយ៉ាងណាក៏ដោយ ក៏គេសង្កេតឃើញថា មានក្រុមហ៊ុនចិនមួយចំនួន ក៏មានសកម្មភាពផងដែរ នៅក្នុងការទិញដីទុក ដែលគេអាចប៉ាន់ស្មានបានថា វាអាចជាគម្រោងអភិវឌ្ឍន៍ធំៗនៅពេលខាងមុខផងដែរ។ ដោយហេតុនេះហើយ បានជាធ្វើឱ្យតម្លៃដីនៅខេត្តសៀមរាបមានការកើនឡើងមិនធម្មតា អាស្រ័យទៅតាមតំបន់មួយចំនួនដូចជា៖ ដីនៅក្បែរព្រលានយន្តហោះថ្មី និងនៅតំបន់អង្គរឃ្យុងយូផ្លូវធំៗមានតម្លៃរហូតដល់ ១០០០ ដុល្លារ និងតាមផ្លូវតូចៗមានតម្លៃពី ៥០០ ទៅ ៦០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ចំណែកដីនៅតំបន់កណ្តាលក្រុងមានតម្លៃចន្លោះពី ១០០០ ទៅ ១៥០០ ដុល្លារសម្រាប់តំបន់ពាណិជ្ជកម្ម និងនៅតាមផ្លូវតូចៗមានតម្លៃចន្លោះពី ៣០០ ទៅ ៥០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ឯតំបន់ Pub Street ដីមានតម្លៃចន្លោះពី ២០០០ ទៅ ៣០០០ ដុល្លារឯណោះ។

រូបភាព គម្រោងព្រលានយន្តហោះថ្មី

គួរឱ្យដឹងផងដែរថា ក្រោយពីលេចដំណឹងការសាងសង់ព្រលានយន្តហោះថ្មីនោះមក តម្លៃដីនៅជាយក្រុង និងនៅក្បែរកន្លែងសាងសង់ព្រលានយន្តថ្មីទាំងនេះ ក៏មានការហក់លោតខ្ពស់ផងដែរ ដោយពួកអ្នកវិនិយោគចិនអាចនឹងគ្រោងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេសនៅក្បែរព្រលានយន្តហោះនាពេលខាងមុខនេះ៕