នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃមានភ្នាក់ងារអចលនទ្រព្យប្រមាណ ១៥០ក្រុមហ៊ុនដែលបានចុះបញ្ជីរួចរាល់ដោយពួកគេមានភ្នាក់ងារជំនាញកំពុងធ្វើការនៅទូទាំងប្រទេសផ្តោតសំខាន់លើការជួល និងការលក់អចលនទ្រព្យដូចជា៖ ខុនដូ វីឡា ផ្ទះល្វែង អាផាមេន បុរី និងដីឡូតិ៍ជាដើម។
ទីផ្សារអចលនទ្រព្យនៅតែបន្តរីកចម្រើននៅក្នុងប្រទេសកម្ពុជា ហើយស្របជាមួយគ្នានេះមានភ្នាក់ងារអចលនទ្រព្យថ្មីៗបង្កើតឡើងគ្រប់ពេលដែលធ្វើឲ្យទីផ្សារពោរពេញទៅដោយភ្នាក់ងារអចលនទ្រព្យដែលកំពុងធ្វើការដូចគ្នាលើការលក់អចលនទ្រព្យ និងគម្រោងអភិវឌ្ឍន៍។ ដោយសារតែបែបនេះភ្នាក់ងារមួយចំនួនបានកំណត់ទិសដៅអាជីវកម្មរបស់ខ្លួននៅផ្នែកផ្សេងទៀតដោយផ្តោតទៅលើការ ជួល និងលក់អចលនទ្រព្យអាជីវកម្មដែលជាទីផ្សារថ្មីថ្មោងមួយនៅក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា។
តាមរយៈក្រុមហ៊ុនអចលនទ្រព្យមួយចំនួនបានបង្ហាញថា អតិថិជនអ្នកទិញ មានច្រើនលាយឡំគ្នាមានទាំងជនបរទេស និងជនជាតិខ្មែរ ដោយភាគច្រើនសំដៅទៅរកទីក្រុង និងខេត្តដែលកំពុងអភិវឌ្ឍន៍ដូចជា ខេត្តព្រះសីហនុ កោះរ៉ុង កោះរ៉ុងសន្លឹម និងខេត្តសៀមរាបជាដើម។ ជាក់ស្តែងតម្រូវការមានច្រើនមកពីអតិថិជនមកពីប្រទេសលោកខាងលិច និងខាងជនជាតិចិន ហើយម្យ៉ាងទៀតកម្ពុជាមានគម្លាតនៅលើទីផ្សាររវាងចំនួនអ្នកទិញបរទេសដែលកំពុងស្វែងរកអចលនទ្រព្យអាជីវកម្ម និងភ្នាក់ងារអចលនទ្រព្យដែលមានសមត្ថភាពគ្រប់គ្រាន់ដើម្បីដោះស្រាយតម្រូវការរបស់អតិថិជន។ បន្ថែមលើសពីនេះ ការធ្វើការជាមួយអចលនទ្រព្យអាជីវកម្មនេះតម្រូវឲ្យមានទំនុកចិត្តខ្ពស់ ចំណេះដឹងច្បាស់លាស់ និងចាំបាច់ត្រូវមានការយល់ដឹងចំពោះអាជីវកម្មច្បាស់លាស់ដើម្បីអាចលក់ចេញបាន។
ភ្នាក់ងារទាំងអស់ដែលបានធ្វើការលើការលក់អចលនទ្រព្យអាជីវកម្មយល់ស្របថាការងារនេះត្រូវចំណាយពេលយូរបើប្រៀបធៀបទៅនឹងការលក់លំនៅដ្ឋានធម្មតា ប៉ុន្តែវាក៏បានផ្តល់ផលចំណេញសាកសមទៅនឹងការខិតខំប្រឹងប្រែងវិញដែរ។ ទីផ្សារនៃការលក់អចលនទ្រព្យអាជីវកម្ម នេះនៅមានលក្ខណៈតូចនៅឡើយនៅក្នុងទីក្រុងភ្នំពេញ ប៉ុន្តែតម្រូវការនៅតែកើនឡើងជានិច្ចហើយនេះគឺជាឱកាសដ៏ល្អសម្រាប់ភ្នាក់ងារអចលនទ្រព្យដើម្បីពង្រីកសេវាកម្មនិងជំនាញរបស់ពួកគេស្របតាមការលក់ទាំងអចលនទ្រព្យអាជីវកម្ម និងអចលនទ្រព្យទូទៅ៕
ប្រភព៖ កោះថ្មី