Register Already an agent ? Login

អ្នកវិនិយោគក្នុងស្រុកចាប់ផ្តើមសាងសង់គេហដ្ឋាន ក្នុងតម្លៃមួយកាន់តែប្រសើរឡើងសម្រាប់ប្រជាជនដែលមានចំណូលទាប

ភ្នំពេញ ៖ ចាប់ពីឆ្នាំ ២០១៧ មកគម្រោងលំនៅឋានដ្ឋានក្នុងតម្លៃមធ្យម ត្រូវបានប្រកាសអភិវឌ្ឍន៍ជាបន្ដបន្ទាប់ ដែលធ្វើឱ្យប្រជាពលរដ្ឋដែលកំពុងស្វែងរកទិញលំនៅឋានមានជម្រើសជាច្រើន។ ក្នុងនោះដែរ ថ្មីៗនេះអ្នកវិនិយោគក្នុងស្រុក គឺក្រុមហ៊ុន លី ហួរគ្រុប បានសម្រេចចិត្តបោះទុនវិនិយោគលំនៅឋានតម្លៃសមរម្យជាលើកដំបូង របស់ខ្លួន នៅតាមបណ្តោយផ្លូវជាតិលេខ៦A ។

លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាផងដែរនោះ បានថ្លែងថា៖ នេះជាគម្រោងជំហានដំបូង ដែលលោកបានវិនិយោគលើលំនៅឋានតម្លៃសមរម្យនេះ គឺមានផ្ទះសរុបប្រមាណ ២១០ល្វែង និងលក់ក្នុងតម្លៃ ៣ម៉ឺន៨ពាន់ដុល្លារអាមេរិកប៉ុណ្ណោះ ។ លោកបន្តថា គម្រោងនេះមានការគាំទ្រខ្លាំង ដោយលក់រយៈពេលខ្លីសោះ ប៉ុន្តែលំនៅឋានទាំងនេះទទួលបានការទិញពីអតិថិជនរហូតដល់ជាង ៦០% រួចហើយ ។ ដោយគម្រោងនេះស្ថិតនៅក្នុងតំបន់ព្រែកតាមាក់ ដែលមានចម្ងាយប្រមាណជាង១០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ។ ដោយសារគម្រោងនេះផ្តោតលើប្រជាពលរដ្ឋមានជីវភាពមធ្យម និងនៅជាប់ផ្លូវជាតិលេខ៦Aដូច្នេះទើបទទួលបានភាពជោគជ័យយ៉ាងលឿនដោយស្មានមិនដល់ ។ សម្រាប់គម្រោងលំនៅឋានមានតម្លៃសមរម្យនេះ លោកនឹងពង្រីកការវិនិយោគជាច្រើនទៀតនៅពេលខាងមុខ ព្រោះលោកមានដីរួចហើយ និងកំពុងស្ថិតក្នុងដំណាក់កាលចាក់ខ្សាច់បំពេញ ។

ទាក់ទងនឹងទីផ្សារបុរីនៅកម្ពុជា លោកឧកញ៉ា លី ហួរ បានថ្លែងថា ទីផ្សារបុរីនៅកម្ពុជានៅតែមានភាពល្អប្រសើរ ហើយការលក់ជោគជ័យ ឬមិនជោគជ័យ វាអាស្រ័យលើទីតាំងគម្រោងស្ថិតនៅតំបន់ណា និងផ្តោតលើអតិថិជនប្រភេទណា ព្រោះយើងមិនអាចវិនិយោគលំនៅឋានមានតម្លៃខ្ពស់នៅតំបន់ជាយក្រុងបានទេ ។ លំនៅឋានតម្លៃទាបស័ក្តិសមនៅតំបន់ជាយក្រុង ចំណែកតំបន់ពាណិជ្ជកម្មក្នុងក្រុង គឺជាកន្លែងដែលការវិនិយោគនឹងទទួលបានជោគជ័យ ។ 

អ្នកវិនិយោគក្នុងស្រុកចាប់ផ្តើមសាងសង់គេហដ្ឋានក្នុងតម្លៃមួយកាន់តែប្រសើរឡើងសម្រាប់ប្រជាជនដែលមានចំណូលទាប

ចំណែកលោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន KFA បានថ្លែងថា ស្របពេលប្រាក់ចំណូលប្រជាពលរដ្ឋកើនឡើង អ្នកវិនិយោគលើវិស័យនេះនៅតែទទួលបានជោគជ័យ ដោយសារជាធម្មតា ប្រជាពលរដ្ឋត្រូវការជម្រក ហើយចរន្តនៃការចូលមករស់នៅរាជធានីភ្នំពេញ កំពុងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ លោកបន្តថា ទោះជាយ៉ាងណា បច្ចុប្បន្ន អ្នកវិនិយោគលំនៅឋានបានចាប់ផ្តើមងាកច្រើនមកកាន់ក្រុមប្រជាពលរដ្ឋមានជីវភាពមធ្យមដែលមានចំនួនច្រើន និងជាទីផ្សារធំមួយ ។

ចំពោះលោកឧកញ៉ា សៀ ឫទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge Group ដែលបានប្រកាសវិនិយោគលំនៅឋានសាធារណៈតម្លៃទាបដំបូងគេនៅកម្ពុជា ថ្លែងថា ប្រសិនជារាជរដ្ឋាភិបាលជួយសម្រួលនូវគោលនយោបាយលើកទឹកចិត្តបែបនេះ លោកពិតជាត្រេកអរ ព្រោះលោកអាចលក់លំនៅឋានក្នុងតម្លៃសមរម្យបាន ប៉ុន្តែប្រសិនជាហេដ្ឋារចនាសម្ព័ន្ធទាំងនោះមិនទទួលបានការជួយពីរាជរដ្ឋាភិបាលទេ យើងមិនអាចលក់ក្នុងតម្លៃទាបបែបនេះឡើយ ៕

ប្រភព៖ កោះសន្តិភាព 

អ្នកវិនិយោគក្នុងស្រុកចាប់ផ្តើមសាងសង់គេហដ្ឋានក្នុងតម្លៃមួយកាន់តែប្រសើរឡើងសម្រាប់ប្រជាជនដែលមានចំណូលទាប