Register Already an agent ? Login

ផ្ទះល្វែងតម្លៃ ២ម៉ឺុនដុល្លាបានលេចជារូបរាងឡើងហើយ

ភ្នំពេញ៖ ដោយសារតែបញ្ហាជីវភាពប្រជាជនកម្ពុជាមួយចំនួននៅមានកម្រិតនៅឡើយ ចំពោះការទិញលំនៅឋាននៅតែជាបញ្ហាចម្បង ព្រោះតែអ្នកអភិវឌ្ឍន៍មួយចំនួនបានសម្រុកវិនិយោគសំដៅដល់ប្រជាជនដែលមានប្រាក់ចំណូលមធ្យម និងចំណូលខ្ពស់តែប៉ុណ្ណោះ។

សំណង់ផ្ទះទាំងអស់មានតម្លៃមិនសមស្របសម្រាប់ប្រជាជនដែលមានជីវភាពទាបនោះទេ បើគិតទៅតាមទីផ្សារអចលនទ្រព្យកម្ពុជា និងសម្ភារសាងសង់សំណង់នៅតែមានតម្លៃថ្លៃនៅឡើយ។ ដូច្នេះហើយបានជាលោក ហាវ គង់ងី នាយក និងស្ថាបនិកសហគ្រាសសង្គមផ្ទះតាមក្ដីប្រាថ្នា បានបង្កើតគម្រោងសំណង់ផ្ទះដែលមានតម្លៃតិចជាង ២ ម៉ឺនដុល្លារ ដែលជាឱកាសល្អសម្រាប់ប្រជាជនមានជីវភាពមធ្យម និងទាបអាចរស់នៅបានសមរម្យ។ គម្រោងមួយនេះ បានចូលរួមកសាងសហគមន៍កម្ពុជាឲ្យមានលក្ខណៈស្អាតសមរម្យ ដែលមានហេដ្ឋានប្រកបដោយរចនាសម្ព័ន្ធល្អដូចជាប្រព័ន្ធផ្លូវ លូ សួនច្បារ សាលារៀន និងទីផ្សារជាដើម។

គម្រោងនេះបានសាងសង់ផ្ទះចំនួន ២០ ខ្នងរួចរាល់មកហើយដោយមានទំហំ ២៤ ម៉ែត្រការ៉េ ជាន់ក្រោម និង ២៤ ម៉ែត្រការ៉េ នៅជាន់ខាងលើដែលស្ថិត នៅតាមបណ្តោយផ្លូវជាតិលេខ ៤ ពីរាជធានីភ្នំពេញ-កំពង់ស្ពឺ បត់ចូលទៅខាងស្តាំដៃប្រហែល ៩០០ ម៉ែត្រដែលស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាលក្បែរតំបន់សេដ្ឋកិច្ចពិសេស និងជាតំបន់ដែលប្រជាពលរដ្ឋរស់នៅអ៊ូអរដែលមានចម្ងាយតែ ៦ គីឡូម៉ែត្រពីរង្វង់មូលចាមចៅ។ អ្នកដែលមកទិញផ្ទះទាំងនោះគឺភាគច្រើនអ្នកដែលមានចំណូលមធ្យម និងទាបដូចជាអ្នករត់ម៉ូតូឌុប រ៉ឺម៉កកង់បី អ្នកធ្វើការរោងចក្រ និងអាជីវករតូចតាច។ ដោយផ្ទះមួយខ្នងតម្លៃពី ១៤៥០០ ដុល្លារទៅ ១៦៥០០ ដុល្លារហើយនៅពេលប្រជាជនមកទិញពួកគាត់ត្រូវបង់ថវិកាតែ ៣០ ភាគរយជាមុន ឬក៏បង់ផ្តាច់ក៏បាន។ រីឯ ៧០ ភាគរយទៀតពួកគាត់ត្រូវធ្វើការទូទាត់ជាលក្ខណៈរំលស់ជាមួយធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុដែលផ្តល់ការប្រាក់តិចជាងកន្លែងផ្សេងអាស្រ័យទៅតាមលទ្ធភាពរបស់ពួកគាត់៕

ប្រភព៖ Post Khmer