Register Already an agent ? Login

ទោះលទ្ធផលកន្លងមកនៅមានកម្រិតក៏ដោយ ប្រតិបត្តិករទេសចរស្នើឱ្យកម្ពុជាបន្តលើកលែងទិដ្ឋាការដល់ពលរដ្ឋចិន ដើម្បីទាក់ទាញភ្ញៀវទេសចរ

ភ្នំពេញ៖ ប្រតិបត្តិករទេសចរណ៍ជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា ពិចារណាបន្តគោលនយោបាយលើកលែងទិដ្ឋាការដល់ប្រជាពលរដ្ឋចិន ដើម្បីជំរុញការធ្វើដំណើរ និងទាក់ទាញភ្ញៀវទេសចរចិនមកកាន់កម្ពុជា ទោះបីជាគោលនយោបាយសាកល្បងកន្លងមកមិនទាន់ទទួលបានលទ្ធផលតាមការរំពឹងទុកក៏ដោយ។ ទន្ទឹមនឹងនេះ កម្ពុជាចាំបាច់ត្រូវបង្កើនការផ្សព្វផ្សាយ សម្រួលការធ្វើដំណើរ អភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ និងពង្រឹងគុណភាពសេវាកម្ម ដើម្បីបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរអន្តរជាតិ។

ឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) បានប្រាប់ថា គោលនយោបាយលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរចិន ដែលទើបបញ្ចប់នាពេលថ្មីៗនេះ ទោះបីជាមិនទទួលបានលទ្ធផលខ្ពស់ដូចការរំពឹងទុកក៏ដោយ ប៉ុន្តែបានរួមចំណែកធ្វើឱ្យលំហូរភ្ញៀវទេសចរចិនមកកម្ពុជាកើនឡើងបន្តិចបន្តួច បើធៀបនឹងមុនពេលអនុវត្តគោលនយោបាយនេះ។

ឧកញ៉ាបានបញ្ជាក់ថា កំណើននេះនៅមានកម្រិត ហើយកម្ពុជាចាំបាច់ត្រូវបន្តស្វែងរកវិធានការបន្ថែម ដើម្បីទាក់ទាញភ្ញៀវទេសចរចិនឱ្យបានច្រើនជាងមុន។ ឧកញ៉ា ឆាយ ស៊ីវលីន បានគូសបញ្ជាក់ថា ការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍នានា គឺជាកត្តាសំខាន់ក្នុងការបង្កើនភាពទាក់ទាញរបស់កម្ពុជា។

ឧកញ៉ាបានលើកឡើងថា កម្ពុជាមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើន ប៉ុន្តែប្រសិនបើការធ្វើដំណើរទៅកាន់តំបន់ទាំងនោះមានការលំបាក ភ្ញៀវទេសចរអាចនឹងពិចារណាជ្រើសរើសគោលដៅផ្សេងដែលមានភាពងាយស្រួលជាង។ក្រៅពីនេះ ការវិនិយោគលើសេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច ការលើកកម្ពស់គុណភាពសេវាកម្ម និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក៏ជាកត្តាចាំបាច់ក្នុងការលើកកម្ពស់បទពិសោធន៍របស់ភ្ញៀវទេសចរ និងជំរុញការមកទស្សនាកម្ពុជាឱ្យកាន់តែច្រើនផងដែរ។

ឧកញ៉ាបានបន្តថា ការធ្លាក់ចុះនៃភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាមិនមែនកើតឡើងចំពោះតែទីផ្សារចិនប៉ុណ្ណោះទេ ប៉ុន្តែទីផ្សារទេសចរណ៍មកពីប្រទេសផ្សេងៗទៀតក៏រងផលប៉ះពាល់ដែរ។ កត្តាដែលជះឥទ្ធិពលរួមមាន ស្ថានភាពជម្លោះតាមព្រំដែន សម្ពាធលើតម្លៃថាមពលប្រេង និងឧស្ម័ន ព្រមទាំងការខ្វះខាតជើងហោះហើរត្រង់ ដែលធ្វើឱ្យកម្ពុជាត្រូវពឹងផ្អែកលើការតភ្ជាប់ជើងហោះហើរតាមប្រទេសជិតខាង។

ឧកញ៉ាបានសង្កត់ធ្ងន់ថា ការបង្កើនការផ្សព្វផ្សាយជាអន្តរជាតិមានសារៈសំខាន់ខ្លាំង ដើម្បីបង្ហាញពីស្ថានភាពជាក់ស្តែងរបស់កម្ពុជា ជាពិសេសសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ។ ឧកញ៉ាកត់សម្គាល់ថា ព័ត៌មានអវិជ្ជមានអំពីកម្ពុជាដែលផ្សព្វផ្សាយតាមបណ្តាញសង្គម និងសារព័ត៌មាន អាចបង្កការព្រួយបារម្ភដល់ភ្ញៀវទេសចរ ជាពិសេសនៅពេលដែលពួកគេមិនអាចទទួលបានព័ត៌មានពិតប្រាកដគ្រប់គ្រាន់ ដើម្បីវាយតម្លៃស្ថានភាពមុនពេលសម្រេចចិត្តធ្វើដំណើរ។

ទាក់ទងនឹងការលើកលែងទិដ្ឋាការដល់ទីផ្សារផ្សេងៗទៀត ឧកញ៉ា ឆាយ ស៊ីវលីន បានសម្តែងការគាំទ្រ ប្រសិនបើរាជរដ្ឋាភិបាលមានលទ្ធភាពពង្រីកគោលនយោបាយនេះទៅកាន់ប្រទេសផ្សេងៗ មិនមែនត្រឹមតែប្រទេសចិនប៉ុណ្ណោះទេ។ ទោះជាយ៉ាងណា ឧកញ៉ាក៏បានលើកឡើងពីតម្រូវការចំណាយរបស់រដ្ឋាភិបាល និងការបាត់បង់ចំណូលមួយចំនួនដែលអាចកើតមាន ដោយសារការលើកលែងទិដ្ឋាការ។ ដូច្នេះ ឧកញ៉ាយល់ថា ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកគឺជាការងារសំខាន់ដែលត្រូវយកចិត្តទុកដាក់។

ជុំវិញបញ្ហានេះ ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានលើកឡើងថា រហូតមកដល់ពេលនេះ មិនទាន់មានគោលការណ៍ថ្មីស្តីពីការបន្តលើកលែងទិដ្ឋាការដល់ប្រជាពលរដ្ឋចិននៅឡើយទេ។ ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍កំពុងបន្តអនុវត្តសកម្មភាពផ្សព្វផ្សាយនានា យុទ្ធនាការ «ទស្សនាកម្ពុជានារដូវបៃតង» និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសផ្សេងៗ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា។

យោងតាមទិន្នន័យរបស់ក្រសួងទេសចរណ៍ កម្ពុជាទទួលបានភ្ញៀវទេសចរចិនប្រមាណ ៥៨,៨ម៉ឺននាក់ ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២៦ ធ្លាក់ចុះ ២៥,១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។គួរបញ្ជាក់ថា ដើម្បីជំរុញការធ្វើដំណើររបស់ប្រជាពលរដ្ឋចិនមកកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តគោលនយោបាយសាកល្បងលើកលែងទិដ្ឋាការជាបណ្តោះអាសន្នសម្រាប់ប្រជាពលរដ្ឋចិន ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ក្នុងអំឡុងយុទ្ធនាការ «ទស្សនាកម្ពុជានារដូវបៃតង»។ គោលនយោបាយនេះមានគោលបំណងសម្រួលការធ្វើដំណើរ និងបង្កើនការទាក់ទាញភ្ញៀវទេសចរ ព្រមទាំងវិនិយោគិនចិនមកកម្ពុជា៕

ដោយ៖khmerhome