Register Already an agent ? Login

ផលិតផលខ្មែរបង្ហាញខ្លួនជាថ្មី ក្នុងពិព័រណ៍ម្ហូបអាហារ​នៅប៉ារីស ដែលរំពឹងថា ផលិតផលខ្មែរនឹងកាន់តែមានទីផ្សារនៅលើពិភពលោក​​ប៉ារីស

បារាំង៖ កម្ពុជារំពឹងថា នឹងអាចទាក់ទាញបាន​អ្នកបញ្ជាទិញ អ្នកចែកចាយ និងអ្នកវិនិយោគ​អន្តរជាតិបន្ថែមទៀតមកលើផលិតផល និងកសិផល​​របស់ខ្លួន តាមរយៈការចូលរួមជាថ្មី​នៅក្នុងពិព័រណ៍ពាណិជ្ជកម្ម​ម្ហូបអាហារ​អន្តរជាតិក្រុងប៉ារីសឆ្នាំ២០២៦។ កសិផលខ្មែរ​ មានដូចជា អង្ករ ស្វាយចន្ទី កាហ្វេ ម្រេច ផ្លែឈើសម្ងួត គ្រឿងទេស ម្ហូបពាក់កណ្តល​សម្រេច និងផលិតផលជាច្រើនទៀត ត្រូវបានតាំងបង្ហាញនៅក្នុងពិព័រណ៍លំដាប់ពិភពលោកនោះ ដើម្បីទាក់ទាញអ្នកបញ្ជាទិញ អ្នកចែកចាយ និងវិនិយោគិនអន្តរជាតិ។

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តមបណ្ឌិត កៅ ថាច ព្រមជាមួយ សហព័ន្ធស្រូវអង្ករកម្ពុជា ក្រសួងពាណិជ្ជកម្ម និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​ក្រុមហ៊ុន សហគ្រាស ខ្មែរចំនួន ១៦ បានចូលរួម​ក្នុងពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិនេះ ដែល​ប្រព្រឹត្តទៅពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែតុលានិងមានប្រមាណ ៨០០០ក្រុមហ៊ុនមកពី ១៣០ ប្រទេស​ចូលរួម។

ឯកឧត្តមបណ្ឌិត កៅ ថាច មានប្រសាសន៍ថា “ដោយសារ​កសិកម្មដើរតួនាទីស្នូលនៅក្នុងសេដ្ឋកិច្ច​របស់កម្ពុជា ដូច្នេះការ​ចូលរួមនៅក្នុង​ពិព័រណ៍ម្ហូបអាហារលំដាប់ពិភពលោកមួយនេះ គឺជាកិច្ចការសំខាន់ និងជា​​ឱកាសដែលអាចឱ្យក្រុមហ៊ុននិងសហគ្រាស​របស់យើង ​បាន​ភ្ជាប់ទំនាក់ទំនង​ជាមួយនឹង​អ្នកបញ្ជាទិញអន្តរជាតិកាន់តែច្រើនថែមទៀត ហើយយើងសង្កេតឃើញថា មានការ​ចាប់អារម្មណ៍ច្រើន​មកលើ​ផលិតផល​របស់ខ្មែរយើងនាពេលនេះ”។ នៅសាលតាំងបង្ហាញ ឬពន្លាជាតិ​កម្ពុជាមានតាំង​ផលិតផលកសិ-កែច្នៃ ដែលមានគុណភាពខ្ពស់ និងស្របតាមស្តង់ដាអន្តរជាតិ ផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាកែច្នៃទំនើប ប្រព័ន្ធតាមដាន និងចីរភាពនៃផលិតកម្ម។

ថ្លែងក្នុងពិធីបើកសម្ពោធនេះ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានគូសបញ្ជាក់ថា ក្រោមមូលបទ «Cambodia: Basket of Wonders» ពន្លាជាតិកម្ពុជាបាននាំយកនូវផលិតផលកសិ-កែច្នៃដែលមានគុណភាពខ្ពស់ និងស្របតាមស្តង់ដាអន្តរជាតិ ដោយផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាកែច្នៃទំនើប ប្រព័ន្ធតាមដាន (Traceability) និងចីរភាពនៃផលិតកម្ម។

ឯកឧត្តមបានសង្កត់ធ្ធន់ថា គោលដៅរបស់កម្ពុជាមិនត្រឹមតែជំរុញកំណើនបរិមាណនាំចេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតលើការបង្កើនតម្លៃបន្ថែមក្នុងស្រុក តាមរយៈការតភ្ជាប់កសិករ អ្នកផលិត និងសហគ្រិនកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ និងខ្សែច្រវាក់តម្លៃសកល។ ពន្លាជាតិកម្ពុជា (Cambodia Pavilion) នេះត្រូវបានរៀបចំឡើង ដោយោមានការ​សហការពីសហភាពអឺរ៉ុប និងរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ ក្នុងគោលដៅជំរុញការនាំចេញផលិតផល​របស់ខ្មែរ​ ព្រមទាំងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ។ នេះជាលើកទីបីហើយ ដែល​កម្ពុជាចូលរួមក្នុងកម្មវិធីតាំងពិព័រណ៍ពាណិជ្ជកម្ម​ម្ហូបអាហារ​មួយនេះ បន្ទាប់ពីបានចូលរួមលើកទីមួយនៅឆ្នាំ២០១៤ និងលើកទីពីរនៅឆ្នាំ២០២៤៕

ដោយ៖khmerhome