Register Already an agent ? Login

៩ខែឆ្នាំ២០២៦ ការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង សម្ភាធ្វើដំណើរ និងកាបូបរបស់កម្ពុជា កើនជិត ៨%

ភ្នំពេញ៖ ក្នុងរយៈពេល ៩ខែដំបូង ឆ្នាំ២០២៦ ការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារធ្វើដំណើរ ព្រមទាំងកាបូបរបស់កម្ពុជា សម្រេចបានទឹកប្រាក់ប្រមាណ ១៣,១៦ពាន់លានដុល្លារអាម៉េរិក កើនឡើង ៧,៧៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។

ទោះជាយ៉ាងណា វិស័យនេះនៅតែប្រឈមនឹងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ជម្លោះភូមិសាស្ត្រនយោបាយ ការកើនឡើងនៃថ្លៃថាមពល និងការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក ដែលអាចប៉ះពាល់ដល់ថ្លៃដើមផលិតកម្ម និងតម្រូវការទីផ្សារ។

យោងតាមទិន្នន័យផ្តល់ដោយក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្នុងរយៈពេលពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៦ ការនាំចេញផលិតផលសម្លៀកបំពាក់របស់កម្ពុជា មានតម្លៃ ៩ ២៣៤លានដុល្លារអាម៉េរិក កើនឡើង ៦,៩៣% ខណៈផលិតផលវាយនភណ្ឌមានតម្លៃ ៦១៣លានដុល្លារអាម៉េរិក កើនឡើង ២១,៥៣%។

ចំណែកការនាំចេញផលិតផលស្បែកជើងសម្រេចបានទឹកប្រាក់ ១ ៦៦៣លានដុល្លារអាម៉េរិក កើនឡើង ៨,១% និងសម្ភារធ្វើដំណើរ ព្រមទាំងកាបូប មានតម្លៃ ១ ៦៥០លានដុល្លារអាម៉េរិក កើនឡើង ៧,៦៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទីផ្សារនាំចេញសំខាន់ៗរបស់ផលិតផលទាំងនេះ រួមមាន សហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប និងកាណាដា ជាដើម។

ការពឹងផ្អែកលើទីផ្សារអន្តរជាតិធំៗទាំងនេះ ធ្វើឱ្យវិស័យវាយនភណ្ឌកាត់ដេរកម្ពុជាងាយរងផលប៉ះពាល់ នៅពេលសេដ្ឋកិច្ចរបស់ប្រទេសអ្នកបញ្ជាទិញធំៗមានកំណើនយឺត ឬនៅពេលមានការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម។ កត្តាប្រឈមសំខាន់មួយទៀត គឺភាពតានតឹងភូមិសាស្ត្រនយោបាយ ជាពិសេសជម្លោះនៅតំបន់មជ្ឈិមបូព៌ា និងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលអាចបង្កឱ្យមានការប្រែប្រួលតម្លៃថាមពល និងថ្លៃដឹកជញ្ជូនអន្តរជាតិ។ ការកើនឡើងនៃថ្លៃដើមទាំងនេះអាចបន្ថែមសម្ពាធដល់សហគ្រាសផលិត និងនាំចេញ ជាពិសេសក្នុងបរិបទដែលការប្រកួតប្រជែងលើតម្លៃ និងពេលវេលាដឹកជញ្ជូននៅទីផ្សារអន្តរជាតិកាន់តែខ្លាំង។

ជាមួយគ្នានេះ ការផ្លាស់ប្តូរគោលនយោបាយពន្ធគយរបស់សហរដ្ឋអាម៉េរិក ក៏ជាកត្តាដែលត្រូវតាមដានយ៉ាងយកចិត្តទុកដាក់ផងដែរ ដោយសារទីផ្សារអាម៉េរិកជាទីផ្សារដ៏សំខាន់សម្រាប់ផលិតផលនាំចេញរបស់កម្ពុជា។ ការកើនឡើងនៃបន្ទុកពន្ធគយ ឬភាពមិនច្បាស់លាស់នៃលក្ខខណ្ឌពាណិជ្ជកម្ម អាចជះឥទ្ធិពលដល់ថ្លៃទំនិញប្រកួតប្រជែង ការសម្រេចចិត្តបញ្ជាទិញ និងផែនការផលិតកម្មរបស់ក្រុមហ៊ុនអន្តរជាតិ។

ទោះបីជាប្រឈមនឹងកត្តាខាងលើក៏ដោយ ការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងកាបូបរបស់កម្ពុជា នៅតែរក្សាបានកំណើនជិត ៨% ក្នុងរយៈពេល ៩ខែដំបូងឆ្នាំនេះ។ លទ្ធផលនេះបង្ហាញពីភាពធន់ និងរឹងមាំរបស់វិស័យនេះ ក្នុងការរក្សាកំណើននាំចេញ ក្នុងបរិបទសេដ្ឋកិច្ចពិភពលោកដែលនៅមានភាពមិនប្រាកដប្រជា ពិសេសបន្តទាក់ទាញរំហូរទុនវិនិយោគបង្កើតរោងចក្រថ្មីៗជាបន្តបន្ទាប់។

យោងតាមទិន្នន័យផ្តល់ដោយក្រសួងពាណិជ្ជកម្ម បានឲ្យដឹងទៀតថា ការនាំចេញផលិតផលសម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និងទំនិញធ្វើដំណើរ និងកាបូប របស់កម្ពុជា នៅឆ្នាំ២០២៥ បានឈានដល់ ១៥,៥២ពាន់លានដុល្លារអាម៉េរិក មានអត្រាកំណើន ១៥,៧% បើធៀបនឹងឆ្នាំ២០២៤៕

ដោយ៖khmerhome