Register Already an agent ? Login

ទេសចរនិងប្រជាពលរដ្ឋដើរលេងកម្សាន្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ សរុបប្រមាណ ២,១៦លានដងនាក់ កើនឡើង ០,៨%

ភ្នំពេញ៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ទេសចរ និងប្រជាពលរដ្ឋបានធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍នានាទូទាំងប្រទេសសរុបប្រមាណ ២,១៦លានដងនាក់ កើនឡើង ០,៨% បើធៀបនឹងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៥។ នេះបើយោងតាមស្ថិតិរបស់ក្រសួងទេសចរណ៍។

យោងតាមទិន្នន័យដដែល បានបញ្ជាក់ថា ក្នុងចំណោមចំនួនភ្ញៀវដែលបានធ្វើដំណើរកម្សាន្តទាំងនេះ មានទេសចរជាតិដែលបានស្នាក់នៅសរុបប្រមាណជាង ៣៨ម៉ឺនដងនាក់ ប្រជាពលរដ្ឋដែលបានដើរលេងកម្សាន្តសរុបប្រមាណជាង ១,៧៥លានដងនាក់ និងទេសចរបរទេសសរុបប្រមាណជាង ២ម៉ឺន ៤ពាន់ដងនាក់។

ចំពោះគោលដៅទេសចរណ៍ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានខេត្តចំនួន៥ រួមមាន ខេត្តសៀមរាប ទទួលបានទេសចរប្រមាណជាង ២៥ម៉ឺនដងនាក់ ខេត្តកំពតប្រមាណជាង ២២ម៉ឺនដងនាក់ ខេត្តព្រះសីហនុប្រមាណជាង ១៩ម៉ឺនដងនាក់ ខេត្តកំពង់ឆ្នាំងប្រមាណជាង ១៦,៨ម៉ឺនដងនាក់ និងខេត្តកំពង់ចាមប្រមាណជាង ១៦,៥ម៉ឺនដងនាក់។

ស្ថិតិទាំងនេះបង្ហាញពីចលនានៃការធ្វើដំណើរកម្សាន្តរបស់ទេសចរ និងប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យប្រពៃណីជាតិដ៏សំខាន់មួយរបស់កម្ពុជា ដោយខេត្តសៀមរាប ខេត្តកំពត និងខេត្តព្រះសីហនុ ស្ថិតក្នុងចំណោមគោលដៅដែលទាក់ទាញភ្ញៀវទេសចរច្រើនជាងគេ។

គួរបញ្ជាក់ថា ឯកតា «ដងនាក់» ក្នុងស្ថិតិទេសចរណ៍ គឺជាការរាប់ចំនួនដង ឬលើកនៃការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរក្នុងអំឡុងពេលព្រឹត្តិការណ៍ ពិធីបុណ្យ ឬកម្មវិធីនានា មិនមែនជាការរាប់ចំនួនមនុស្សតែមួយៗនោះទេ។ ឧទាហរណ៍៖ ភ្ញៀវម្នាក់អាចត្រូវបានរាប់ច្រើនដង ប្រសិនបើទៅទស្សនាច្រើនទីតាំង ឬច្រើនថ្ងៃ៕

ដោយ៖khmerhome