Register Already an agent ? Login

តម្រូវការស៊ុតមាន់-ស៊ុតទាកើនឡើងក្នុងរដូវភ្ជុំបិណ្ឌ ខណៈកសិករចិញ្ចឹមទាមួយចំនួនកំពុងឈមផលប៉ះពាល់ពីទឹកជំនន់ និងការប្រែប្រួលអាកាសធាតុ

ភ្នំពេញ៖ តម្រូវការស៊ុតមាន់ និងស៊ុតទា កំពុងកើនឡើងខ្ពស់ក្នុងរដូវកាន់បិណ្ឌ-ភ្ជុំបិណ្ឌឆ្នាំនេះ ដោយតម្រូវការប្រចាំថ្ងៃសម្រាប់ស៊ុតមាន់ និងស៊ុតទា ត្រូវបានប៉ាន់ប្រមាណថា មានប្រមាណ ៨លានគ្រាប់ ខណៈផលិតកម្មក្នុងស្រុកអាចផ្គត់ផ្គង់បានជាង ៦លានគ្រាប់ក្នុង១ថ្ងៃប៉ុណ្ណោះ។ ជាមួយគ្នានេះ ការចិញ្ចឹមទាក៏កំពុងប្រឈមនឹងផលប៉ះពាល់ពីទឹកជំនន់ និងការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យទិន្នផលស៊ុតទាថយចុះ។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជា អាចផលិតស៊ុតមាន់បានជាង ៣លានគ្រាប់ និងស៊ុតទាជាង ៣លានគ្រាប់ក្នុង១ថ្ងៃ។ ទោះជាយ៉ាងណា តម្រូវការនៅលើទីផ្សារមានប្រមាណ ៤លានគ្រាប់សម្រាប់ស៊ុតមាន់ និងប្រហែល ៤លានគ្រាប់សម្រាប់ស៊ុតទា ក្នុង១ថ្ងៃ ដែលបង្ហាញថា ការផ្គត់ផ្គង់ក្នុងស្រុកនៅមិនទាន់ឆ្លើយតបបានពេញលេញចំពោះតម្រូវការទីផ្សារនៅឡើយ។

លោកបានបញ្ជាក់ថា សម្រាប់ស៊ុតមាន់ ការផ្គត់ផ្គង់បច្ចុប្បន្នអាចឆ្លើយតបនឹងតម្រូវការទីផ្សារបានប្រសើរជាងមុន ប៉ុន្តែការផ្គត់ផ្គង់ស៊ុតទានៅមានបញ្ហាខ្លះ ដោយសារកសិករចិញ្ចឹមទាប្រឈមនឹងទឹកជំនន់ ដែលធ្វើឱ្យទ្រុងទា និងតំបន់ចិញ្ចឹមមួយចំនួនត្រូវបានជន់លិច។ លោក ស្រ៊ុន ពៅ បានឱ្យដឹងទៀតថា នៅពេលមានទឹកជំនន់ កសិករត្រូវចំណាយពេល និងថវិកាផ្លាស់ទីទា និងទីតាំងចិញ្ចឹមទៅកាន់តំបន់ដែលមានសុវត្ថិភាព ដើម្បីកាត់បន្ថយការខូចខាត។ បញ្ហានេះបានជះឥទ្ធិពលដល់ផលិតកម្ម និងធ្វើឱ្យការផ្គត់ផ្គង់ស៊ុតទានៅលើទីផ្សារមានការថយចុះខ្លះ។

ជាមួយគ្នានេះ លោកបានកត់សម្គាល់ថា ការខ្វះខាតការផ្គត់ផ្គង់ស៊ុតក្នុងស្រុក ក៏អាចជំរុញឱ្យមានការនាំចូលស៊ុតពីប្រទេសជិតខាងដោយមិនស្របច្បាប់។ ដូច្នេះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានស្នើដល់ក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ពង្រឹងការត្រួតពិនិត្យការនាំចូលស៊ុតឱ្យបានច្បាស់លាស់ ដើម្បីធានាតម្លាភាពក្នុងទីផ្សារ និងការពារផលប្រយោជន៍របស់អ្នកចិញ្ចឹមក្នុងស្រុក។

ទោះជាយ៉ាងណា ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានគូសបញ្ជាក់ថា ក្នុងរដូវកាន់បិណ្ឌ-ភ្ជុំបិណ្ឌឆ្នាំនេះ តម្រូវការស៊ុតមាន់ និងស៊ុតទា មានការកើនឡើងខ្ពស់ជាងថ្ងៃធម្មតា។ ស៊ុតត្រូវបានប្រើប្រាស់សម្រាប់ចម្អិនម្ហូបអាហារ ធ្វើនំ និងរៀបចំចង្ហាន់សម្រាប់ប្រគេនព្រះសង្ឃ ក្នុងឱកាសពិធីបុណ្យប្រពៃណីខ្មែរដ៏សំខាន់នេះ។ ប៉ុន្តែទន្ទឹមនឹងតម្រូវការកើនឡើង កសិករចិញ្ចឹមទាក៏ត្រូវប្រឈមនឹងបញ្ហាអាកាសធាតុ ជាពិសេសការកើនឡើងកម្ដៅ និងទឹកជំនន់ ដែលអាចប៉ះពាល់ដល់សុខភាពសត្វ និងទិន្នផលស៊ុត។

ទោះជាតម្រូវការស៊ុតមាន់ និងស៊ុតទាកើនឡើងក្នុងរដូវកាន់បិណ្ឌ-ភ្ជុំបិណ្ឌក៏ដោយ លោក ស្រ៊ុន ពៅ បានឱ្យដឹងថា សម្រាប់ថ្ងៃធម្មតា តម្រូវការស៊ុត និងសាច់ជ្រូកនៅលើទីផ្សារជារួម មានការថយចុះប្រមាណ ១០% ខណៈតម្លៃក៏ធ្លាក់ចុះផងដែរ បើធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។ លោកបញ្ជាក់ថា ការថយចុះនេះ បណ្តាលមកពីស្ថានភាពសេដ្ឋកិច្ចឆ្នាំនេះ មិនសូវល្អ និងការថយចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលបានធ្វើឱ្យកម្លាំងទិញរបស់ប្រជាពលរដ្ឋ និងតម្រូវការនៅលើទីផ្សារថយចុះ។

លើសពីនេះ លោក ស្រ៊ុន ពៅ ក៏បានអំពាវនាវឱ្យមានការយកចិត្តទុកដាក់បន្ថែមចំពោះការគាំទ្រអ្នកចិញ្ចឹមសត្វក្នុងស្រុក និងការគ្រប់គ្រងការនាំចូលស៊ុត ដើម្បីធានាស្ថិរភាពការផ្គត់ផ្គង់ និងទីផ្សារ ព្រមទាំងជួយឱ្យកសិករអាចបន្តផលិត និងផ្គត់ផ្គង់ស៊ុតជូនប្រជាពលរដ្ឋបានកាន់តែប្រសើរ៕

ដោយ៖khmerhome